ភ្នំពេញ៖តារាចម្រៀងសំនៀងស្អកលោកប៉ុន សុណារិន ហៅខេម បានចេញទៅរកលុយនៅអាមេរិករយៈពេលជាង១ខែទៅហើយដែលចុងក្រោយនេះលោកបានច្រៀងឲ្យខាងSponsor មួយដែលមានអតីតតារាសម្ដែងលោកហង្ស ឈា និងសុភា ដេវីដ ជាអ្នករៀបចំទើបធ្វើឲ្យតារា Galaxy មិនទាន់កំណត់ថ្ងៃវិលចូលស្រុកវិញនោះទេ ។អ្វីដែលខេម កាន់តែមានភាពកក់ក្ដៅនោះក្រៅពីមានការគាំទ្រជាច្រើនពីអាណិកជនខ្មែរនៅអាមេរិកលោកក៍ត្រូវបានភរិយាតាមមើលថែរជាប្រចាំតែម្ដង មិនថាតែនៅក្នុងនិងក្រៅស្រុកនោះទេ ខណៈដែលកាលពីចុងខែកញ្ញា អំឡុងពេលខេម ទៅច្រៀងនៅកូរ៉េខាងត្បូងនោះអ្នកនាងស្រីកា ក៍ជូនលោកទៅដូចគូស្នេហ៍តារាផ្សេងៗទៀតដែរ។

គេជឿរថាការចេញរកលុយក្រៅស្រុករបស់ខេម នាពេលនេះប្រាកដជាកាក់កបព្រោះក្រៅពីបទសម័យខេម ក៍អាចច្រៀងបានជាច្រើនទម្រង់រួមទាំងបទពីដើមៗផងដែរ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះលោកសុណារិន មានឱកាសបានរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតជាមួយអ្នកនាងកា បន្ទាប់ពីពួកគេចាប់ដៃគ្នាជាង៧ឆ្នាំ និងត្រូវបានគេសង្ស័យថាអ្នកទាំងពីរមានកូន២នាក់តែខេម ធ្លាប់ប្រកែកដោយអះអាងថាក្មេងប្រុសម្នាក់ជាកូនមេ និងក្មេងស្រីផ្សេងទៀតជាក្មួយរបស់លោកនោះ។

គូរបញ្ជាក់ថាខេម ត្រូវបានGalaxy ចាត់ទុកជាតារាលំដាប់ជូរមុខរបស់ខ្លួនក្នុងចំណោមតារាទាំង៣ដួងគឺព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា តែទស្សនិកជនភាគច្រើនគិតថាខេម មិនសូវមានសន្ទុះខ្លាំងដូចកាលនៅច្រៀងថោន ឡើយក្រោយលោកមកដល់ទ្រនុំទី២ជាង២ឆ្នាំនេះ។អ្វីដែលគូរឲ្យកត់សម្គាល់ជាង២ឆ្នាំនេះខេម ចាប់ផ្ដើមក្លាហានហ៊ានបង្ហាញមុខគូស្នេហ៍ជាចំហទាំងនៅក្នុងនិងក្រៅស្រុកធ្វើឲ្យលោកក្លាយជាតារាដែលស្អិតល្មូតជាមួយប្រពន្ធនាពេលបច្ចុប្បន្នក្នុងនោះមានដូចជាលោកព្រាប សុវត្ថិ ,ខាន់ ជេមស៍ ,ឆាយ ចាន់ឆោម និងខែម ប៊ុនថៃ ជាដើម។ប៉ុន្ដែរហូតមកដល់ពេលនេះនៅតែគ្មានដំណឹងខេម ដឹកដៃអ្នកនាងស្រីកា ចូលរោងការនៅពេលណាឡើយ ខណៈដែលលោកធ្លាប់បង្ហើបថានឹងមិនទុករឿងនេះឲ្យយូឆ្នាំទៀតទេ ព្រោះរូបលោកក៍មានអាយុច្រើនឆ្នាំហើយដែរ។

ទស្សនិកជនរងចាំមើលថាខេម សម្រុកយកកូនមុនរៀបការដូចលោកខែម ប៊ុនថៃ ឬមួយក៍លោកចង់ដឹកដៃភរិយាក្រាបផ្ទឹមមុនទើបឲ្យអ្នកនាងកា ពពោះតាមក្រោយ?
