ភ្នំពេញ៖សួស វីសា ត្រូវបានស្វាមីនាងនាំទៅជួបពេទ្យថៃនៅថ្ងៃទី១៥ វិច្ឆិកា ដើម្បីពិនិត្យនិងតាមដានស្ថានភាពជំងឺនៅផ្នែកបំពង់ករបស់នាងដែលរំខានដល់ការប្រើប្រាស់សម្លេង។យ៉ាងណាការគ្រូពេទ្យថៃបានព្រមានវីសា ថាបើសិនជានាងចង់ឲ្យមានសម្លេងដូចដើមឡើងវិញដាច់ខាតពេលនេះត្រូវតែផ្អាកការប្រើសម្លេង ឬកុំប្រើតែម្ដង តែបើនៅតែល្មើសបម្រាមនេះនោះនាងអាចនឹងប្រឈមមិនអាចជាពីជំងឺមួយនេះឡើយ។វីសា ថានោះជារឿងដ៍លំបាកមួយសម្រាប់រូបនាងព្រោះជាអ្នកចម្រៀងបើមិនឲ្យប្រើសម្លេងតើឲ្យប្រើអ្វីទៅវិញ?

សួស វីសា ថ្លែងថាការដែលគ្រូពេទ្យណាត់ជួបនាងលើកនេះគឺជាពេលចុងក្រោយ ព្រោះចាប់ពីខែ១២ ទៅលែងមានការណាត់ដូចមុនទៀតហើយដោយសាថាដុំសាច់ដែលកន្ទួលពកឡើងនៅបំពង់សម្លេងរបស់នាងរាងស្រកតូចទៅវិញ ហើយគ្រូពេទ្យបានឲ្យថ្នាំនាងលេបជាប្រចាំតាមវេជ្ជបញ្ជារ។ប៉ុន្ដែនាងថារឿងដែលពិបាកបំផុតនោះគឺនាងជាអ្នកចម្រៀងម្នាក់ហើយត្រូវគ្រូពេទ្យហាមប្រើសម្លេងបែបនេះ តើឲ្យនាងគិតយ៉ាងម៉េចទៅវិញ?

យ៉ាងណាវីសា តាំងចិត្តថានាងដឹងវិធីជួយខ្លួនឯង ដើម្បីកុំឲ្យជំងឺនាងក្លាយទៅជាបញ្ហាធំជាងនេះ ប៉ុន្ដែមុនទៅជួបពេទ្យថៃនោះគេឃើញនាងបានសាកល្បងឡើងច្រៀងលើឆាកតន្រ្ដីសារជាថ្មីឡើងវិញក្រោយពីនាងបាត់មុខស្ទើតែទាំងស្រុងពីការច្រៀងរាំតាំងពីនាងកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ម្លេះទើបធ្វើឲ្យអាជីពចម្រៀងរបស់នាងប្រឈមស្ងប់ស្ងាត់ហើយពិបាករក្សារតំណែងជាតារាជូរមុខនៅហង្សមាស ខណៈដែលថ្មីៗនេះនាងបាត់បង់តំណែងធំជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ ដែលធ្លាក់ទៅសុគន្ធ និសា ជាអ្នករ៉ាប់រងជំនួសទៀតផង។

ថ្វីត្បិតតែឆ្នាំនេះសួស វីសា ហាក់មិនសូវមានយីអ៊ុនល្អក្នុងអាជីពចម្រៀងព្រោះតែមានជំងឺផ្នែកបំពង់សម្លេង មិនអាចឲ្យនាងប្រើប្រាស់សម្លេងខ្ពស់ដូចមុនវិញក្ដី ប៉ុន្ដែរយៈពេលចុងក្រោយនេះគេឃើញនាងមានជីវភាពធូធាខ្លាំងដោយរស់នៅផ្ទះវីឡារយ៉ាងប្រណិត និងជិះរថយន្ដម៉ាកថ្លៃៗព្រមទាំងពង្រីកអាជីវិកម្មក្រៅសិល្បៈជាបន្ដបន្ទាប់ទៀតផង។លោកថមមី ស្វាមី វីសា បានប្រាប់អ្នកយកព័តមានយើងថាលោកនិងភរិយាត្រៀមសម្ពោធរោងចក្រទឹកកក១ នៅខេត្តកណ្ដាលនាពេលដ៍ខ្លីខាងមុខនេះហើយ៕

