ភ្នំពេញ ៖ រឿងរ៉ាវអ្នកមេម៉ាយ សឿ សុធារ៉ា លង់ស្នេហ៍កំលោះសង្ហា ដួង វីរៈសិទ្ធ ដែលត្រូវបានមហាជនផ្ទុះការ ចាប់អារម្មណ៍ រហូតមានការពេបជ្រាយថា អ្នកមេម៉ាយ ជា «គោចាស់ ចង់ស៊ីស្មៅខ្ចី» នោះ ពេលនេះត្រូវបានអ្នកនាង សឿ សុធារ៉ា ចេញមុខបកស្រាយបំភ្លឺថា តាមពិត រវាងនាង និងកំលោះដួង វីរៈសិទ្ធ គ្មានទំនាក់ទំនងស្នេហាក្រៅឆាកអ្វីនោះឡើយ តែអ្នកនាងបានសារភាពថា ពិតជាមាននិស្ស័យ និងស្រឡាញ់ពេញចិត្តចរិតរបស់តារាវ័យក្មេងរូបនេះមែន ហើយបើអ្នកនាងនៅក្រមុំ អាចស្រឡាញ់ដួង វីរៈសិទ្ធ មែន តែពេលនេះមិនអាចទេ។

ក្នុងវីដេអូឡាយ របស់ម្ចាស់ហាងកណ្ណិកា សាឡន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាងសឿ សុធារ៉ា ដែលទើបនឹងបាត់បង់ម្តាយបង្កើត ស្ថិតក្នុងស្មារតីមិនសូវនឹងន ព្រោះតែមានវិបត្តិផ្លូវចិត្ត (រកាំរកូសជាមួយស្វាមី) អស់រយៈពេលជាង ៤ឆ្នាំមកហើយនោះ បានបំភ្លឺថា អ្នកនាងពិតជាចាប់ចិត្តលើតារាចម្រៀង ដួង វីរៈសិទ្ធ ប្រាកដមែន ក្រោយពីបានរួមការងារជាមួយគ្នា កាលពី ២ឆ្នាំមុន (ថតរឿងជាមួយគ្នា រយៈពេល៣ខែ ) ធ្វើឱ្យនាងមាននិស្ស័យជាមួយលោកដួង វីរៈសិទ្ធ ដោយសារតែមើលឃើញលោកជាបុរសរមទម ពិសេសមានសមត្ថភាពច្រើនផ្នែក ក្នុងអាជីពសិល្បៈ មិនថាការនិពន្ធបទចម្រៀងថ្មីៗ (original song) ច្រៀងក៏ពីរោះ ចេះលេងអក ហ្គីតារ ផ្លុំខ្លុយ និងកូតទ្រទៀតផង។

ទោះជាយ៉ាងណា អ្នកនាងសឿ សុធារ៉ា បានអះអាងថា រវាងនាង និងលោកដួង វីរៈសិទ្ធ មិនធ្លាប់សូម្បីតែប៉ះដៃគ្នា ហើយដោយសារតែដួង វីរៈសិទ្ធ មានលក្ខណសម្បត្តិល្អ ទើបធ្វើឱ្យនាង ហាក់មាននិស្ស័យ រហូតនិយាយចេញមកជាសាធារណៈ កាលពីពេលកន្លងទៅ ប៉ុន្តែធាតុពិត គឺពួកនាងគ្មានទំនាក់ទំនងអ្វីជាមួយគ្នាសោះឡើយ។


តាមវីដេអូឡាយខាងលើ អ្នកនាងសឿ សុធារ៉ា បានរៀបរាប់ថា “បងប្អូនទាំងអស់គ្នា ជាទីស្រលាញ់ គោរព នឹករលឹក ខ្ញុំចង់និយាយពីអូនដួង វីរៈសិទ្ធ ជាមួយនិងខ្ញុំ។ ខ្ញុំថតជាមួយគាត់បាន ១រឿងទេ ចំនួន៣ខែ រឿង «ឫស្សា» គាត់ធ្វើតួកូនប្រសាខ្ញុំ គាត់ក្មេងជាងខ្ញុំច្រើនណាស់ ប៉ុន្តែម៉េចគេហៅថានិស្ស័យ ខ្ញុំចូលចិត្តគាត់ពេក ទោះបីជាយ៉ាងណាក៏ខ្ញុំអត់ខឹងគេដែរ ទោះគេជេរបញ្ចោរខ្ញុំថា គោចាស់ ចង់ស៊ីស្មៅខ្ចី ក៏ខ្ញុំអត់ខឹងទេ ខ្ញុំខ្ជិលណាស់ ព្រោះខ្ញុំឈ្លោះមិនឈ្នះគេទេ អ៊ីចឹងសូមជម្រាបដល់បងប្អូនទស្សនិកជនជាទីស្រលាញ់រាប់អាន ខ្ញុំថតរឿងជាមួយប្អូន ដួង វីរៈសិទ្ធ បានតែ ១រឿងទេ គឺរឿង «ឫស្សា» គាត់ធ្វើតួជាកូនប្រសារបស់ខ្ញុំ ហើយខ្ញុំមាននិស្ស័យជាមួយគាត់ ដោយសារអី ធ្វើការជាមួយគ្នា ៣ខែ យូរដែរ ហើយចរិតគាត់ល្អណាស់ ចរិតគាត់ល្អ អត់មានចេះអីមកញ៉ែញ៉ង ស្រីញីអីផ្តេសផ្តាសទេ ហើយមួយទៀត គាត់មានសមត្ថភាពច្រៀង ព្រោះខ្ញុំស្រលាញ់សិល្បៈ ច្រៀងក៏ពីរោះ ហើយលេងអក បានទៀត លេងហ្គីតារ បានទៀត លេងហ្គីតារផ្អែម ហើយគាត់ចេះផ្លុំខ្លុយទៀត ជំនាញគាត់ គាត់ចេះកូតទ្រ គាត់ចេះនិពន្ធបទ Original មិនចម្លងពីគេ ចម្លងពីបរទេស គាត់ចេះនិពន្ធចម្រៀងបានល្អៗណាស់ មានន័យណាស់ និពន្ធលើកតម្លៃនារី អ៊ីចឹងហើយកន្លែងហ្នឹងដែលខ្ញុំចូលចិត្តគាត់ តែអត់មានអីទេ ថតជាមួយ គ្នា៣ខែ ប៉ះដៃបន្តិចក៏អត់ ហើយដូចពេលខ្លះ នៅក្រៅឆាក ពេលញ៉ាំបាយនិយាយគ្នាលេង តែពួកយើងតែនិយាយគ្នាលេងបន្តិចក៏អត់ផង ប៉ះដៃគ្នាបន្តិចក៏មិនបានដែរ ហើយមួយទៀត ខ្ញុំមាននិស្ស័យជាមួយគាត់ បើសិនជាខ្ញុំនៅក្រមុំ ខ្ញុំអាចស្រលាញ់គាត់ដែរហ្នឹងណា ខ្ញុំនិយាយមែន ប៉ុន្តែពេលនេះ ហួសពេលហើយ ខ្ញុំដឹងថា គាត់មិនស្រលាញ់ខ្ញុំទេ ហើយរឿងទំនាក់ទំនងអីនឹងគ្នានោះ គឺអត់ទេ តែប៉ះដៃបន្តិចក៏មិនបានផង អ៊ីចឹងសូមបងប្អូនទាំងអស់គ្នា មេត្តាឈប់យល់ច្រឡំថា ខ្ញុំនិងគាត់ មានទំនាក់ទំនងអី…”៕ ដារិទ្ធ