ខេត្តតាកែវ ៖ តារាកំប្លែងវ័យចំណាស់ លោកឈុំ ប៊ុនឈឿន ហៅតាចេក ដែលជាអតីតតារាកំប្លែងល្បីឈ្មោះក្នុងនាយកុយ ត្រូវបានប្រពន្ធកូន អះអាងថា លួចលាក់មានប្រពន្ធចុង ផតក្បត់ប្រពន្ធដើម ហើយចុងក្រោយ កំពុងដេកឱបប្រពន្ធចុង ត្រូវប្រពន្ធដើមនិងកូន តាមទៅឆាឆៅដល់ផ្ទះប្រពន្ធចុង កើតជាជម្លោះពាក្យសម្តី និងឈានដល់ការប្រើអំពើហិង្សា ប្រតាយប្រតប់គ្នា ដោយតាចេក បានច្រានប្រពន្ធដើមនិងកូន ការពារប្រពន្ធចុង ទើបធ្វើឱ្យប្រពន្ធដើមនិងកូន ទ្រាំលែងបាន ក៏ថតវីដេអូ បង្ហោះផ្អើលបណ្តាញសង្គម កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

កូនស្រីបង្កើតរបស់លោកឈុំ ប៊ុនឈឿន ហៅនាយចេក ឈ្មោះឈុំ យ៉ាណែត បានបង្ហោះវីដេអូ និងរូបភាព ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញពីរូបភាពនៃការតាមទាន់ឪពុក (តាចេក) កំពុងសម្ងំរួមរស់ជាមួយស្ត្រីម្នាក់ ជាប្រពន្ធចុង និងជាអ្នកលេងល្ខោន និងកំប្លែងជាមួយតាចេក ផងដែរ។

កូនស្រីរបស់តាចេក បានរៀបរាប់ថា “ប៉ាខ្ញុំ (តាចេក នាយចេក) តារាកំប្លែង លួចមានស្រីសហាយ ចុះចេញពីផ្ទះ មើលមុខមីស្រីហ្នឹងឱ្យហើយទៅ អ្នកលេងល្ខោន កំប្លែងជាមួយគ្នា តាមទាន់ សុំឱ្យទុកពេលថាដោះស្រាយ តែអត់ដោះស្រាយ រហូតដល់ថ្ងៃទី០៥ ១១ ២០២២ គាត់បានចេញពីផ្ទះ ទៅនៅជាមួយមីស្រីហ្នឹងរហូត ឥឡូវថ្ងៃ១៦ ១១ ២០២២ ពួកខ្ញុំបានទៅដល់ផ្ទះ កន្លែងនៅជាមួយមីហ្នឹង គាត់វ៉ៃប្រពន្ធកូន ការពារមីស្រីហ្នឹង ឥឡូវចង់លែងលះជាមួយប្រពន្ធ ដោយសារស្រី…”។


ក្នុងឃ្លីបវីដេអូ កូនស្រីតាចេក បាននិយាយទៅកាន់ស្ត្រីដែលជាប្រពន្ធចុងរបស់ឪពុកខ្លួនថា “មុខអ៊ីឯងហ្នឹង ដើរយកប្តីគេអ៊ីចឹងមែន?” តែត្រូវបានស្ត្រីរូបនោះចង្អុលមុខ រួចនិយាយថា “កុំឡាយណា”។ ភ្លាមនោះ កូនស្រីតាចេក បានតបថា “ខ្ញុំឡាយអ៊ីចឹង ព្រោះអ៊ីឯងយកប្តីគេ យកប្តីគេហើយ មកលាក់ខ្លួនអ៊ីចឹងមែន? យកប្តីគេមកលាក់ខ្លួនអ៊ីចឹង ស្មានអញរកអត់ឃើញមែន?…”។

ក្នុងវីដេអូឃ្លីបនោះ បានបង្ហាញពីសកម្មភាពប្រតាយប្រតប់គ្នាផងដែរ ដោយក្នុងនោះ ឃើញសកម្មភាពតាចេក ស្ទុះចូលមករកប្រពន្ធដើមនិងកូនរបស់ខ្លួន បំណងដណ្តើមទូរស័ព្ទ ហើយត្រូវបានប្រពន្ធកូនស្រែកថា «ចង់វ៉ៃខ្ញុំមែន?»។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនតារាកំប្លែង លោកឈុំ ប៊ុនឈឿន ហៅតាចេក បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕