ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានធ្វើខួបកំណើតឲ្យកូនប្រុសរបស់នាងឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅCharlie កាលពីថ្ងៃទី១១ វិចិ្ឆកា ២០២២ គម្រប់អាយុ៣ឆ្នាំដែលមានតារារួមអាជីពនិងមិត្តភក្ដិជិតដិតជាច្រើនទៅសាទរ ខណៈដែលស្វាមីនាងលោកសុខលី ក៍បង្ហាញក្ដីស្រលាញ់ចំពោះកូនប្រុសនិងភរិយាលោកដូចសព្វដងផងដែរ។ដោយសារតែឃើញសុគន្ធកញ្ញា កាន់តែមានសុភមង្គលក្នុងគ្រួសារបែបនេះហើយទើបតារារួមអាជីពនិងមិត្តភក្ដិ រួមទាំងFan នៅលើហ្វេសបុកបានជម្រុញឲ្យប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះយកកូនទី២ ហើយនាងក៍មិនប្រកែកចំពោះរឿងមួយនេះដែរព្រោះថាអ្នកនៅជុំវិញខ្លួននាងពួកគេចង់ឃើញនាងមានក្ដីសុខលើសនេះថែមទៀត។ចំពោះសុគន្កញ្ញា វិញមានព័តមានថានាងចង់បានកូនស្រី ហេតុនេះហើយមិនអាចពន្យាពេលតទៅទៀតបានទេ ហើយសញ្ញាដែលតារាដ៍មានឥទ្ធិពលជាងគេនៅហង្សមាសរូបនេះនឹងមានកូនថែមនោះគឺត្រូវបានគេចាប់អារម្មណ៍តាំងពីមានព័តមានថានាងបានសុំដកខ្លួនធ្វើជាJudge របស់Cambodian Idol រដូវកាលទី៥ នាពេលខាងមុខនេះ ព្រោះបើគ្មានការងារចាំបាច់ផ្ទាល់ខ្លួននោះទេ សុគន្ធកញ្ញា មិនអាចបាត់មុខពីតំណែងធំរបស់ខ្លួនបែបនេះបានឡើយ។

ឱក សុគន្ធកញ្ញា បានធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែកព្រោះតែមានអ្នកសិល្បៈខ្លះបានខ្សឹបខ្សៀវគ្នាមុននាងរៀបការជាមួយលោកអ៊ឹង សុខលី នោះថាតារាជើងខ្លាំងរូបនេះនឹងប្រឈមទឹកភ្នែកជាមិនខាន ព្រោះតែមនុស្សជាច្រើននៅក្នុងសិល្បៈបានដឹងថាលោកសុខលី មានមន្ដស្នេហ៍មិនធម្មតានោះទេ ពោលគឺតារាស្រីមួយចំនួនចង់ធ្វើភរិយាលោក ខណៈដែលមុនផ្ទុះរឿងស្នេហាជាមួយសុគន្ធកញ្ញា នោះលោកក៍មានសង្សារជាតារាល្បីៗជាច្រើនដួងផងដែរ។ប៉ុន្ដែក្រោយសុគន្ធកញ្ញា មានប្ដីជាង៣ឆ្នាំនេះទើបគ្រប់គ្នាភ្លឺភ្នែកព្រោះថាកញ្ញា ត្រូវស្វាមីថ្នាក់ថ្នមទាំងចិត្តនិងកាយ៉ាដូចជាព្រះនាងរហូតអគ្គនាយកទូរទស្សន៍ហង្សមាសរូបនោះហៅនាងថាជា”កំពូលភរិយា”,”ឧត្តមភរិយា” និងចាត់ទុកប្រពន្ធលោកថាជាមាតាដៃ១០០ ទៀតផង…។

ក្រោយមើលឃើញសុគន្ធកញ្ញា ត្រូវប្ដីផ្គាប់ចិត្តគ្រប់បែបយ៉ាងបែបនេះទើបទាំងក្នុងនិងក្រៅសិល្បៈបានចាត់ទុកថាតារាកូន១រូបនេះជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្ដងនៅឆ្នាំ២០២២ ។គេជឿរថាសារជម្រុញពីFan និងមិត្តភក្ដិនៅជុំវិញខ្លួនឲ្យយោបល់នោះធ្វើឲ្យសុគន្ធកញ្ញា នឹងមិនរារែកចិត្តរឿងយកកូនទី២នោះទេ ហើយនាងនឹងជ្រើសរើសការប្រជែងទីផ្សារចម្រៀងទុកមួយអន្លើសិន ព្រោះក្ដីសុខក្នុងគ្រួសារនឹងការរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំនោះសំខាន់ជាងអ្វីៗទាំងអស់។បើតាមព័តមានថាសុគន្ធកញ្ញា មិនមែនចង់បានត្រឹមកូន១ថែមនោះទេ គឺនាងចង់បានកូន២នាក់ទៀតឯណ្ណោះ ហើយកូនបន្ទាប់នេះនាងស្រលាញ់នឹងប៉ងប្រាថ្នាចង់បានជាកូនស្រី។

គូរកត់សម្គាល់ថាឱក សុគន្ធកញ្ញា បានធ្វើឲ្យទីផ្សារចម្រៀងរបស់នាងលែងលោតទៅមុខក្រោយនាងរៀបការប្ដីកាលពីថ្ងៃទី១៦ ឧសភាឆ្នាំ២០១៩ ប៉ុន្ដែមូលហេតុប្អូនថ្លៃថៅកែហង្សមាសមិនធ្លាក់ចុះនោះគឺមកពីនាងក្រសោបបានតំណែងជាគណៈកម្មាការ(Judge) និងគ្រូ បង្វឹក (Coach) ពីកម្មវិធីប្រលងចម្រៀងធំៗដែលដឹកនាំដោយស្វាមីនាងនោះច្រើនជាងតារារួមក្រុមទើបធ្វើឲ្យតារាកូន១រក្សារលំនឹងបាន។អ្នកជំនាញសិល្បៈល្បីឈ្មោះ២រូបគឺលោកគួច ខេវិន និងលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមាមយើងដោយនិយាយស្របគ្នាថាទោះជាសុគន្ធកញ្ញា មានស្វាមីនិងកូនក្ដី ក៍ហង្សមាសនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះឡើយ…។

ដោយឡែកសុគន្ធកញ្ញា វិញមានព័តមានថានាងចង់ធ្វើឲ្យទីផ្សារសិល្បៈនាងមានការប្រែប្រួលតាមរយៈការឈានទៅថតភាពយន្ដជាមួយលោកខែម ប៊ុនថៃ ប៉ុន្ដែពេលនេះបានជាប់គាំងជាង៣ឆ្នាំទៅហើយគឺនាងនៅតែមិនអាចភ្លក្សរសជាតិជាតួឯកលើកដំបូងបានដដែល ក្រោយខកខានលេចមុខក្នុងរឿង”ខ្ញុំមានញ្ញាណលើស”ដែលជំនួសដោយសុខ ស្រីនាង មក៕
