កណ្ដាល៖លោកខាត់ ចំរើន ដែលជាប្អូនអ្នកនាងខាត់ សុឃីម បានទទួលមរណភាពនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៥ព្រឹក ដោយជំងឺក្រិនថ្លើម ,បេះដូងរីក,ឈឺសន្លាក់ ,ឡើងជាតិអាស៊ីដ ឈាមសស៊ីឈាមក្រហម តម្រូវឲ្យបញ្ចូលឈាមជាប្រចាំ តែមុនពេលផុតដង្ហើមបញ្ចូលឈាមលែងទទួលផល។អ្នកនាងសុឃីម បានប្រាប់អ្នកកាសែតថាប្អូនប្រុសនាងមានជំងឺជាច្រើនឆ្នាំហើយ តែលោកចំរើន ចូលចិត្តលាក់ជំងឺផ្ទាល់ខ្លួនមិនប្រាប់ឲ្យគេដឹងទើបតែថ្មីៗនេះទេអ្នកនាងបានដឹងច្បាស់ដែលគ្រូពេទ្យប្រាប់នាងថាចំរើន មានជំងឺមួយទៀតគឺបេះដូងរីក ហើយការបញ្ចូលឈាមជាប្រចាំនោះព្រោះតែអាស៊ីដធ្វើទុក្ខខ្លាំង តែមុនផុតដង្ហើមបញ្ចូលឈាមលែងទទួលទៀតហើយ។



អ្នកនាងបន្ដថាលោកចំរើន បានឈឺធ្ងន់អំឡុងខែសីហាឆ្នាំ២០២២ ពោលគឺពេលនាងទៅអាមេរិក ហើយពេលនាងវិលត្រឡប់មកវិញទើបប្អូននាងនេះបានចេញពីពេទ្យហើយទៅច្រៀងកាត់សក់តាមរោងការជាមួយនាងបានច្រើនរោងដែរ ទើបចុងក្រោយឈឺធ្ងន់រហូតបាត់បង់ជីវិតនៅអាយុ៤០ឆ្នាំនេះ។



គេឃើញតារាសិល្បកររួមអាជីពជាច្រើនបានចូលរួមរំលែកទុក្ខដល់គ្រួសារអ្នកនាងខាត់ សុឃីម ។ចំពោះបុណ្យសពលោកខាត់ ចំរើន វិញធ្វើនៅនៅគេហដ្ឋានលោកក្នុងបុរីពន្លឺថ្មី ភូមិត្រពាំងព្រាយ សង្កាត់ពញ្ញាពន់ ខ័ណ្ឌព្រែកព្នៅ(ជិតភ្នំបាសិទ្ធ)៕



