ភ្នំពេញ៖ដូចការបញ្ជាក់របស់លោកឧកញ៉ាព្រាប សុវត្ថិ មែនថាលោកមិនបោះបង់អាជីពចម្រៀងនោះទេពោលគឺច្រៀងផង ធ្វើជំនួញផង ទើបថ្មីៗនេះអតីតតារាហង្សមាសបានបញ្ចេញបទថ្មី១ទៀតដែលមានចំណងជើងថា”ទៅស្លាប់ទៅ” បន្ទាប់ពីលោកបានចេញបទរ៉េប”The Legend “។អ្វីដែលគូរឲ្យចាប់អារម្មណ៍ដែរគេឃើញព្រាប សុវត្ថិ នៅតែចេញច្រៀងតាមមង្គលការធំៗដូចមុន ប៉ុន្ដែមិនញឹកញាប់នោះទេ ពោលគឺយូៗម្ដង ហើយតម្លៃខ្លួនលោកថាតើស៊ីថ្លៃខ្ពស់ជាងមុន ឬនៅរក្សារដដែលនោះមិនត្រូវបានលោកឧកញ៉ាវ័យ៤៧ឆ្នាំរូបនេះបញ្ជាក់ឡើយ បើទោះជាមុននេះអ្នកកាសែតជជីកសួរយ៉ាងណាក៍ដោយ។

ក្រុមអ្នកតាមដាននិងគាំទ្របទចម្រៀងព្រាប សុវត្ថិ នៅតែមើលឃើញថាទោះជាលោកឧកញ៉ាសុវត្ថិ នៅតែបន្ដចេញបទចម្រៀងក្ដី ប៉ុន្ដែបទថ្មីរបស់លោកបើប្រៀបធៀបបទនៅហង្សមាសគឺមិនអាចមានគុណភាពស្រដៀងគ្នាបានដដែលបើទោះជាផលិតកម្មGalaxy ត្រូវបានគេដឹងថាចាយលុយធំហើយទិញអ្នកនិពន្ធល្បីៗជាបន្ដបន្ទាប់ តែចម្រៀងព្រាប សុវត្ថិ នៅតែមិនទាន់មានខ្លាំងដូចបទរបស់លោកនៅទ្រនុំចាស់ទេ ហេតុនេះហើយបានជានៅតាមភោជនីយដ្ឋាន មួយចំនួនគេនៅតែឭតារាចម្រៀងប្រចាំហាងទាំងនោះច្រៀងតែបទលោកសុវត្ថិ នៅហង្សមាសច្រើនជាងបទថ្មីៗ។ប៉ុន្ដែការឡើងងារជាឧកញ៉ារយៈពេលជាង៧ខែរបស់លោកព្រាប សុវត្ថិ មកនេះគេកត់សម្គាល់ថាលោកបានបន្ធូដៃពីអាជីពចាស់ដែលលមិនធ្លាប់មានក្នុងអាជីពឡើយ ព្រោះពេលខ្លះលោកសុវត្ថិ ៣ខែទើបចេញបាន១បទក៍មានដែរ ទើបមានការលើកឡើងថាមិនយូទេតារាចម្រៀងជើងខ្លាំងរូបនេះនឹងត្រូវបានតារាជើងខ្លាំងណាម្នាក់វ៉ាជាមិនខាន ព្រោះលោកឧកញ៉ាក៍មានអាយុកាន់តែជ្រេទៅហើយ។

យ៉ាងណាលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាតារាចម្រៀងមិនមែនបញ្ចប់អាជីពនៅលើអាយុនោះទេ ប៉ុន្ដែបញ្ហាសំខាន់បំផុតគឺនៅលើសុខភាព។អតីតតារាចម្រៀងហង្សមាសរូបនោះបន្ថែមថាលោកជឿរថាព្រាប សុវត្ថិ និងកូនៗអាចនឹងត្រៀមអ្វីថ្មីៗចេញរួមគ្នាឡើងវិញនាពេលខាងមុខនេះជាមិនខាន។

ព្រាប សុវត្ថិ បានឈជើងនៅGalaxy រយៈពេលជាង២ឆ្នាំហើយដែលចំនួនកុងត្រាតំណាក់កាលដំបូងរបស់លោកនៅជាង២ឆ្នាំទៀត ដើម្បីបង្រ្គប់ចំនួន៥ឆ្នាំ។លោកឧកញ៉ាដែលធ្លាប់ធ្វើជាតួឯករឿង”នេសាទក្រពើ “និងរឿង”ធ្លាប់ស្រលាញ់ខ្ញុំទេ?”រូបនេះបានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថាលោកនៅតែចង់ថតភាពយន្ដថែមនាពេលវេលាសមស្របណាមួយ ខណៈដែលអាជីពចម្រៀងរបស់លោកកូនៗលោកវិញគឺនឹងចេញអ្វីថ្មីៗភ្លាមនៅពេលដែលគិតថាដល់ពេលត្រូវចេញ៕
