Friday, March 29, 2024
Homeព័ត៌មានជាតិស្រីពីន ចំអកឱ្យមេតុងទីន ម៉ូលីកា

ស្រីពីន ចំអកឱ្យមេតុងទីន ម៉ូលីកា

ភ្នំពេញ ៖ ក្រោយផ្ទុះរឿងចម្រូងចម្រាសរវាងតារាកំប្លែងស្រីល្បីឈ្មោះ រូបស្រស់ កែវ ពេជ្រពិសី ហៅស្រីពីន និងមេតុងទីនអនឡាញ អ្នកនាង អឿន ម៉ូលីកា ពីរឿងមេតុងទីន ចោទស្រីពីន ជាកូនតុងទីនថា បង់លុយមិនទៀងទាត់ និងថែមទាំងជំពាក់លុយ គេចវេះទៀតនោះ តារាកំប្លែងស្រីពីន ធ្លាប់ចេញឆ្លើយតបរួចមកហើយ លុះបន្ទាប់ពីស្ងប់ស្ងាត់បានមួយរយៈ ស្រាប់តែពេលនេះ ស្រីពីន បានចេញមុខជាថ្មី តាមរយៈសំណេរក្នុងបណ្តាញសង្គម ក្នុងន័យចំអកឱ្យមេតុងទីន ម៉ូលីកា ជុំវិញការផ្ទុះកក្រើកព័ត៌មានថា មេតុងទីន ម៉ូលីកា បោកប្រាស់ និងជំពាក់លុយកូនតុងទីនវ័ណ្ឌក។

កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កញ្ញា ស្រិពីន បានចែករំលែក (Share) នូវសំណេររបស់កូនតុងទីនម្នាក់ ដែលទម្លាយរឿងមេតុងទីន ម៉ូលីកា ជំពាក់លុយមិនសង សន្យាខ្យល់ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង ជាមួយសំណេរខ្លី មិនបញ្ជាក់ចំឈ្មោះ តែត្រូវបានអ្នកដែលឃើញ យល់ថា សំដៅទៅលើមេតុងទីន អឿន ម៉ូលីកា ថា “មិនសើចមិនយំអ្នកណាឡើយ ប៉ុន្តែប្រហែលទេវតាឈឺចាប់ជំនួសខ្ញុំហើយមើលទៅ! ឌីចេ សូមបទ (នេះហើយកម្មពៀរ)…”។

គួរបញ្ជាក់ថា សំណេររបស់កូនតុងទីនដែលទម្លាយរឿងមេតុងទីន អឿន ម៉ូលីកា ជំពាក់លុយ មិនទាន់សងហើយត្រូវបានកញ្ញា ស្រីពីន យកមកស៊ែរ ចំអកឲ្យមេតុងទីន ម៉ូលីកា នោះ មានគណនីហ្វេសប៊ុក ឈ្មោះ Ah Pich ។

កូនតុងទីន ខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា “ម៉េចហើយ ចង់ដឹងថាផុសហ្នឹងម៉េចវិញ? សន្យា ១០០០ ០០០សន្យា លុយមិនមែនតិចទេណា ឃើញមិននិយាយ មិនឆាត ស្រួលពេកហី Mo Lika Molika Online Shop លុយក្រដាស មែន bee ផុសលើកទី១ តិចទៀតកាសែត តិចទៀតដល់អីផ្សេងៗ ជួយ share ផងបងៗ កុំឱ្យអ្នកក្រោយ ចាញ់បោកទៀត…”។

ទោះបីជាយ៉ាងណា ជុំវិញករណីតុងទីន ដែលមានការទម្លាយថា មេតុងទីន ជំពាក់លុយកូនតុងទីន មិនសង ខាងលើនេះ មិនទាន់មានការបំភ្លឺ ឆ្លើយតបពីអ្នកនាងអឿន ម៉ូលីកា ទេ កាលពីម្សិលមិញ។ ប៉ុន្តែកាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាងអឿន ម៉ូលីកា ជាមេតុងទីន ធ្លាប់បានចេញមុខបកស្រាយរួចមកហើយ ដោយនាងបានទទួលស្គាល់កំហុសថា ខ្លួនគ្រប់គ្រងរឿងតុងទីននេះ មិនបានល្អ ដោយកូនតុងទីន មួយចំនួន ដេញហើយ មិនសងត្រឡប់មកវិញ ដូច្នេះអ្នកនាងសុំទោសដល់កូនតុងទីនទាំងអស់ តែយ៉ាងណា អ្នកនាងធានាចេញសងទៅកូនតុងទីនទាំងអស់ ប៉ុន្តែអ្នកនាងក៏មានវិធានការច្បាប់ លើកូនតុងទីនដែលរត់គេចនោះផងដែរ។

អ្នកនាងអឿន ម៉ូលីកា បានបកស្រាយបំភ្លឺតាមការផ្សាយផ្ទាល់ (Live) ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកនាងថា “ជម្រាបសួរអ្នកទាំងអស់គ្នា! ខ្ញុំសូមនិយាយរឿងតុងទីនបន្តិច ព្រោះថាមួយរយៈនេះ មានព័ត៌មានច្រើនមែនទែន។ ឥឡូវខ្ញុំសូមបកស្រាយ នាងខ្ញុំចែកា ជាមេតុងទីនអនឡាញ ថៃនេះ នាងខ្ញុំធ្វើការឡាយជាសាធារណៈ សុំទោសដល់បងប្អូនទាំងអស់គ្នា អំពីបញ្ហាតុងទីនរបស់ខ្ញុំ មួយរយៈចុងក្រោយនេះ នាងខ្ញុំមានការធ្វេសប្រហែសក្នុងការគ្រប់គ្រងខ្សែតុងទីន អ៊ីចឹងហើយធ្វើឱ្យកូនខ្លះ គាត់ដេញហើយ អត់បង់លុយ ខ្លះដេញហើយ រត់ ប៉ុន្តែទោះជាយ៉ាងណាក៏នាងខ្ញុំ ទទួលខុសត្រូវលើតុងទីនគ្រប់ខ្សែទាំងអស់។ ឧទាហរណ៍កូន គាត់ដេញបាន ត្រូវបានលុយអ៊ីចឹង បើកូនផ្សេងៗរត់ គឺខ្ញុំសុំចេញសងជំនួសទាំងអស់។ មួយទៀត នាងខ្ញុំហ៊ានប្រឈមមុខគ្រប់បញ្ហាទាំងអស់ មិនថាមានរឿងអ្វីកើតឡើងទេ ហើយនាងខ្ញុំមានឯកសារត្រឹមត្រូវ គ្រប់កូនតុងទីនទាំងអស់ ដែលមានបញ្ហាលុយយឺតយ៉ាវ ឬក៏បញ្ហាអត់បានលុយបានអី គឺខ្ញុំមានការធ្វើកិច្ចសន្យាទទួលខុសត្រូវទាំងអស់។ មួយទៀត បងប្អូនអាចមកធ្វើកិច្ចសន្យាជាមួយខ្ញុំបានគ្រប់គ្នា ឱ្យតែបានលេងតុងទីន ជាមួយ ខ្ញុំហើយអត់ទាន់បានទូទាត់សាច់ប្រាក់ ហើយនាងខ្ញុំសូមលើកដៃសំពះទៅកូនតុងទីន ជនរងគ្រោះទាំងអស់ និយាយទៅ គឺសូមទោសគ្រប់គ្នាទាំងអស់ដែលនាងខ្ញុំមានការធ្វេសប្រហែសក្នុងការគ្រប់គ្រងខ្សែតុងទីន ព្រោះមួយរយៈចុងក្រោយនេះ គឺថាភ្លាត់ ប៉ុន្តែនាងខ្ញុំសន្យាថា ទោះមានបញ្ហាអី រឿងអីកើតឡើងក៏ដោយ ខ្ញុំសន្យាថា មានទំនួលខុសត្រូវ សងគ្រប់ទាំងអស់តែម្តង»។

អ្នកនាងម៉ូលីកា បន្តថា «ហើយមួយទៀត នាងខ្ញុំសូមអរគុណកូនតុងទីន ដែលបានផ្តល់ឱកាស និងជឿជាក់ថា ខ្ញុំអត់បានបោកពួកគាត់ទេ គឺគាត់ដឹងថា កូនបោកមេ ប៉ុន្តែមេ អត់ទាន់បានចាត់វិធានការចំពោះកូនៗដែលខូចៗហ្នឹងទេ ដោយសារមួយរយៈនេះ គឺនាងខ្ញុំត្រូវដោះស្រាយជាមួយកូនៗតុងទីន នៅចំពោះមុខសិន។ អ៊ីចឹងសូមបងប្អូនទាំងអស់គ្នា កុំមានការយល់ច្រឡំថាខ្ញុំបោកលុយតុងទីន បោកគេ និយាយទៅ គឺខ្ញុំអត់មានបានបោកអ្នកណាទេ មានតែកូនបោកខ្ញុំ ប៉ុន្តែខ្ញុំនៅតែអះអាងថា ប្រឈមមុខគ្រប់បញ្ហាទាំងអស់ មិនថាមានរឿងអ្វីកើតឡើងទេ គេបង្ហោះពីខ្ញុំ គេថាខ្ញុំបោកគេ ថាម៉េចក៏ដោយ ក៏ខ្ញុំអត់ប្រតិកម្មទាំងអស់ ព្រោះថាឥឡូវកូនដែលបោកខ្ញុំហ្នឹងណា ខ្ញុំកំពុងចាត់វិធានការតាមផ្លូវច្បាប់ហើយ។ និយាយទៅ ពេលខ្ញុំទារលុយពីពួកគាត់បាន គឺខ្ញុំយកមកឱ្យពួកគាត់ហើយ គ្រប់ពាក្យគ្រប់ម៉ាត់ គឺខ្ញុំអត់បានបោកកូនតុងទីនទេ កូនតុងទីនដែលដេញបានហើយ ខ្លះអត់បង់ ខ្លះរត់ចោលស្រុក តែខ្ញុំអត់ទាន់បានចាត់វិធានការចំពោះពួកគាត់ទេ តែឥឡូវនេះ ខ្ញុំសូមនិយាយចំពោះមុខមហាជនទាំងអស់ថា ទោះមានរឿងអីកើតឡើងក៏ដោយ ក៏ខ្ញុំអត់ទុកកូនតុងទីនខ្ញុំចោលដែរ គឺខ្ញុំទទួលខុសត្រូវគ្រប់បញ្ហាទាំងអស់។ និយាយទៅ ខ្ញុំសូមឱ្យបងប្អូនទាំងអស់ កុំមានការយល់ច្រឡំថា ខ្ញុំបោកលុយគេហើយ រត់ទៅបាត់ និយាយទៅ ខ្ញុំអត់មានរត់ទៅណាទេ រាល់កូនតុងទីនណាដែលបោកខ្ញុំ គឺបោកសិនចុះ ខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ ហើយចំពោះកូនណាដែលដេញបានហើយ យឺតយ៉ាវទទួលលុយ គឺនាងខ្ញុំសូមទទួលខុសត្រូវសងជំនួសទាំងអស់ ហើយអ្នកទាំងអស់គ្នា អាចមកធ្វើកិច្ចសន្យានៅផ្ទះខ្ញុំបាន គឺខ្ញុំមានកិច្ចសន្យាឱ្យអ្នកទាំងអស់គ្នាគ្រប់ច្បាប់ទាំងអស់ ឱ្យតែកូនតុងទីនរបស់ខ្ញុំថាដេញហើយ អត់ទាន់ទូទាត់លុយជូន…”។

អ្នកនាងអឿន ម៉ូលីកា បានបន្តថា “និយាយទៅ មួយរយៈចុងក្រោយនេះ ខ្ញុំមានការធ្វេសប្រហែសខ្លាំងមែនទែន ដល់ថ្នាក់មានជនដែលចូលមកលេងបន្លំ តាមរយៈការបាញ់លុយ តាមកុង ដោយខ្លះបាញ់តែ ១ដុល្លារទេ តែគាត់អេឌីត ទៅ៥០០ ឬក៏១០០០ដុល្លារឯណោះ អ៊ីចឹងខ្ញុំ មានការធ្វេសប្រហែសត្រង់ហ្នឹងបន្តិច ដោយសារតែខ្ញុំមានខ្សែច្រើនពេក គ្រប់គ្រងអត់បានល្អ អ៊ីចឹងបងប្អូនណាដែលចង់លេងទៀត មិនបាច់មានការព្រួយបារម្ភទេ ដោយសារមួយរយៈនេះ គឺខ្ញុំមានតំណាងចែកចាយកូនតុងទីន ច្រើនមែនទែន គឺគាត់ចូលមកធ្វើជាអេតមីន អ៊ីចឹងបងប្អូនណាចង់លេង គឺមានគ្រប់ខ្សែ មានតាំងពីខ្សែតូច ដល់ខ្សែធំ ហើយប្រព័ន្ធគ្រប់គ្រង គឺអាប់ដេតជាងមុនទៀត…”។

អ្នកនាង អឿន ម៉ូលីកា បន្ថែមថា “អ្នកខ្លះគេថា ខ្ញុំបោកកូនតុងទីន ខ្ញុំរត់ចោលស្រុក តែបើងាកមកមើលខ្ញុំឥឡូវ គឺខ្ញុំនៅស្រុកខ្មែរតើ ខ្ញុំមានទៅណា ទោះកូនតុងទីនបោកខ្ញុំ តែខ្ញុំអត់បោកកូនតុងទីនទេ ទោះកូនតុងទីន រត់ចោលស្រុក តែខ្ញុំអត់រត់ចោលស្រុកទេ គឺនៅដោះស្រាយជូន បងប្អូនទាំងអស់ គ្រប់ពេល គ្រប់កាក់ គ្រប់សេន គឺខ្ញុំអត់ឱ្យបងប្អូនខ្វះទេ គ្រាន់តែចង់ឱ្យបងប្អូនទុកឱកាស ទុកពេល ដោយសារមួយរយៈនេះ មានកូនស្អុយ កូនខូចច្រើនពេក ប៉ុន្តែចាប់ពីថ្ងៃនេះទៅ ខ្ញុំអត់មានឱ្យកូនខូច សូម្បីតែម្នាក់ទេ គឺពេលចូលលេង ខ្ញុំត្រូវមានការសម្ភាស សួរនាំឱ្យបានច្បាស់។ និយាយទៅ គឺខ្ញុំអត់មានបោកកូនទេ ខ្ញុំមានទំនួលខុសត្រូវច្បាស់ ទោះកូនបោកខ្ញុំ ក៏ខ្ញុំអត់បោកកូនវិញដែរ គឺបងប្អូនណាដែលគាត់ដេញហើយ គឺមកធ្វើឯកសារជាមួយមេ ហើយបើអត់ទាន់ដេញ គឺមេធ្វើឯកសារឱ្យវិញ អ៊ីចឹងគឺអត់មានបោកទេ គ្រាន់តែខ្ញុំសូមបញ្ផាក់ថា ខ្ញុំឈានជើងមកដល់ចំណុចនេះហើយ គឺខ្ញុំមានការទទួលខុសត្រូវណាស់ បើខ្ញុំរត់ ខ្ញុំអត់មានមកឡាយនៅក្នុងហ្នឹងទេ ហើយបើមានបញ្ហា ក៏អត់មានតំណាងចែកចាយ កូនតុងទីនមកចូលធ្វើជាមេច្រើនបែបនេះទេ…”៕ ដារិទ្ធ

RELATED ARTICLES