Saturday, April 20, 2024
Homeព័ត៌មានជាតិសូ ដានីតា ថាបញ្ចប់ចុះអូនសុធារ៉ា

សូ ដានីតា ថាបញ្ចប់ចុះអូនសុធារ៉ា

 ភ្នំពេញ ៖ ក្រោយធ្លោយមាត់និយាយ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍តារាស្រី សូ ដានីតា ដែលប្រកាសលើកលែងបំណុលជិត ៥ម៉ឺនដុល្លារ ឲ្យខ្លួន រហូតអ្នកនាងសូ ដានីតា ព្រមានលើកយកបំណុលនោះមកប្តឹងទាមទារឲ្យសងវិញ បើមិនសុំទោសទេនោះមក ពេលនេះអ្នកនាងសឿ សុធារ៉ា បានចេញមុខសំពះសុំទោសអ្នកនាង សូ ដានីតា ជាសាធារណៈ ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលនិយាយស្តីមិនបានគិត និងបានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់អ្នកនាង សូ ដានីតា ដែលបានយោគយល់ លើកលែងបំណុលឱ្យខ្លួន ជិត៥ម៉ឺនដុល្លារ ហើយបន្ទាប់ពីទទួលបានការសុំទោសជាសាធារណៈរួចហើយ អ្នកនាង សូ ដានីតា បានឆ្លើយតបដោយត្រជាក់ចិត្តថា “បញ្ចប់ចុះអូនសុធារ៉ា!”។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២  អ្នកនាងសឿ សុធារ៉ា បានចេញមុខសំពះសុំទោសអ្នកនាង សូ ដានីតា ដោយបញ្ជាក់ថា នាងមានការសោកស្តាយនូវកំហុសឆ្គងដែលនិយាយមិនបានគិត ធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកនាង សូ ដានីតា ព្រោះតែពេលនេះ នាងកំពុងតែវិលវល់ ក្រោយម្តាយជាទីគោរពស្រលាញ់ បានចែកឋាន។ អ្នកនាង សឿ សុធារ៉ា បានលើកដៃសំពះសុំទោសដល់អ្នកនាង សូ ដានីតា និងបានអរគុណដល់ទឹកចិត្តអ្នកនាង សូ ដានីតា ដែលលើកលែងបំណុលឱ្យខ្លួន ជិត៥ម៉ឺនដុល្លារ ក្នុងគ្រាដែលនាងកំពុងធ្លាក់ខ្លួនក្រ ហើយត្រូវម្តាយស្លាប់ទៀត។

អ្នកនាង សឿ សុធារ៉ា បាននិយាយក្នុងឃ្លីបវីដេអូ បង្ហោះក្នុងគណនីហ្វេសប៊ុក របស់នាង ផ្ញើជូនអ្នកនាងសូ ដានីតា ដោយរៀបរាប់ថា “ជម្រាបសួរ បងប្អូនទាំងអស់គ្នា! ដោយសារនាងខ្ញុំមានការភាន់ច្រឡំ ដោយនាងខ្ញុំបាត់បង់ម្តាយជាទីស្រលាញ់ ហើយគោរព ខ្ញុំដោយសារបងកណ្ណិកា បងកែន បងហ្វីលីព គាត់ឱ្យខ្ញុំធ្វើវីដេអូ សុំទោសបងសូ ដានីតា អ៊ីចឹងនាងខ្ញុំក៏ខ្ញុំសូមទោសទៅដល់បងសូ ដានីតា ផងដែរ ដែលនាងខ្ញុំមានការភាន់ច្រឡំ។ អរគុណបងដែលលើកលែង គេហៅថាជំពាក់ ឬបំណុល ឱ្យប្អូន ប្អូនអត់ចង់មានរឿងវែងឆ្ងាយទេ ព្រោះប្អូនអត់ចេះឈ្លោះ បើឈ្លោះក៏ឈ្លោះអត់ឈ្នះគេដែរ។ ដូច្នេះប្អូនសូមលើកម្រាមដៃ១០ សំពះសុំទោសបង ជាផ្លូវការតែម្តង សូមបងសូ ដានីតា មេត្តាកុំខឹងដល់ប្អូនអី ព្រោះអីបងក៏ដឹងដែរថា ប្អូនលំបាក ក្រ ធ្លាក់ខ្លួន ហើយត្រូវម្តាយស្លាប់ទៀត។ យើងទាំងពីរ មានម្តាយស្លាប់ដូចគ្នា អ៊ីចឹងសូមបងកុំប្រកែប្រកាន់ប្អូនអីណាបងណា។ ចាស ប្អូនសូមអរគុណដល់ទឹកចិត្តបង ដែលលើកលែងបំណុលឱ្យប្អូន ប្អូនសូមជូនពរបង ឱ្យការងារបងជោគជ័យគ្រប់ភារកិច្ចទាំងអស់ ហើយសូមឱ្យក្រុមគ្រួសារបងមានសុភមង្គល ហើយសូមឱ្យអូនតូច ជាកូនឆ្លាត ជាកូនជាទីស្រលាញ់នៃប៉ាម៉ាក់។ ហើយចុងក្រោយនេះ នាងខ្ញុំក៏សូមអរគុណទៅដល់បងកណ្ណិកា  បងកែន បងហ្វីលីព និងបងៗមួយចំនួន ក៏គាត់ផ្តល់យោបល់ដែរ គាត់ថាកុំនិយាយអ៊ីចឹងអី បើគាត់លើកលែងហើយ ទទួលយកទៅ ព្រោះយើងកំពុងតែក្រ។ អ៊ីចឹងប្អូនសូមអរគុណបងសូ ដានីតា សូមលើកម្រាមដៃ១០ សូមទោសបង ហើយអរគុណបងដែលបានលើកលែងនូវបំណុលរបស់ប្អូន ប្អូនសូមជូនពរបង ឱ្យបងជោគជ័យនៅក្នុងជីវិត កុំឱ្យអភ័ព្វដូចរូបប្អូន សាធុ សាធុ សាធុ…”។

ជាការឆ្លើយតប អ្នកនាងសូ ដានីតា បានបញ្ជាក់ថា អ្នកនាងក៏លំបាកដែរ តែអ្នកនាងអត់ចេះជាន់មនុស្សដែលកំពុងមានបញ្ហាទេ គឺអ្នកនាងតែងតែលើកលែងឲ្យគេជានិច្ច។ ដូច្នេះអ្នកនាងប្រាប់ទៅសុធារ៉ា ថាបញ្ចប់ចុះ។

អ្នកនាង សូ ដានីតា បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅយប់ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២២ នោះថា “ចាអូន! បងក៏លំបាកដែរ តែបងអត់ចេះជាន់មនុស្សដែលកំពុងមានបញ្ហាទេអូន បងតែងតែលើកលែង! បងជូនពរប្អូនដូចគ្នា! បងអត់បានទុកក្នុងចិត្តទេ ស៊ូៗឡើង បញ្ចប់ចុះ…”។

គួររំឭកថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាងសូ ដានីតា បានប្រកាសតាមបណ្តាញសង្គម លើលែងបំណុល ជិត ៥ម៉ឺនដុល្លារ ដែលសឿ សុធារ៉ា ជំពាក់មិនទាន់សង ដោយសារអាណិតសឿ សុធារ៉ា ដែលធ្លាក់ខ្លួនខ្លាំង សូម្បីពេលម្តាយបង្កើតស្លាប់ គ្មានទាំងលុយធ្វើបុណ្យសព។

អ្នកនាង សូ ដានីតា បានប្រកាសតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកនាង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «នាងខ្ញុំ សូ ដានីតា សូមប្រកាសលើកលែងបំណុលដែលប្អូនសឿ សុធារ៉ា ជំពាក់លុយចំនួន ជិត ៥ម៉ឺន$$$ កន្លងមក ដែលអំឡុងកាល ខែ០៧ ឆ្នាំ២០២១ ប្អូន  Sapoun Darapemean សឿ សុធារ៉ា បានលេងនិងដេញលេងតុងទីន ជាមួយនាងខ្ញុំជាច្រើនខ្សែ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ !

ដោយមួយរយៈពេលនេះ នាងខ្ញុំបានឃើញប្អូនធារ៉ា ពិបាកខ្លាំង និងមានទុក្ខជាទម្ងន់ ដោយម្តាយរបស់ប្អូនស្រី ទទួលមរណភាព ឃើញសភាពប្អូនពិបាកខ្លាំង សូម្បីតែប្រាក់ធ្វើបុណ្យម្តាយ ក៏គ្មាន ហេតុដូច្នេះ នាងខ្ញុំសូមប្រកាសលើកលែងបំណុលចំនួនខាងលើចោលទាំងអស់ និង ចូលរួមបច្ច័យបុណ្យ ៧ថ្ងៃ សពម្តាយ របស់ប្អូនសឿ សុធារ៉ា ចំនួន 50$ តាមរយៈលោកកៅ សីហា  បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពីចម្ងាយផង !»។

បន្ទាប់ពីនោះមក មិនឃើញសឿ សុធារ៉ា ថ្លែងអរគុណអ្វីទេ បែរជានិយាយក្នុងការផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសប៊ុក មួយថា «រឿងនេះមានតែបងទេ ហើយនិងប្អូន ដែលដឹងរឿងពិត សូមបងទៅសុំខមាទោសសពម្តាយខ្ញុំទៅបង» ទើបធ្វើឲ្យអ្នកនាងសូ ដានីតា ក្តៅឆេវ ក៏បានបានព្រមានសឿ សុធារ៉ា ថានឹងឲ្យសងបំណុលនោះវិញ បើសឿ សុធារ៉ា ដែលមិនស្គាល់គុណទោស និងមិនសុំទោសអ្នកនាង ជាសាធារណ:។

          អ្នកនាង សូ ដានីតា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «ខ្ញុំសូមឆ្លើយតបទៅសឿ សុធារ៉ា ! តើប្អូនជាមនុស្សរស់នៅដែលប្រើខួរក្បាលជាមនុស្ស ឬក៏ជាអ្វី ដែលមិនស្គាល់គុណទោសនៃការលើកលែងបំណុលជិត ៥ម៉ឺ$$$ ដែលកន្លង លេងតុងទីន មិនសងខ្ញុំ (ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំដេញយកលុយហើយ មិនសង) នៅហៅឲ្យខ្ញុំទៅខមាទោសម្តាយដែលស្លាប់ទៀត ?

ចាំមានទំនេរ ខ្ញុំនឹងឡាយ និយាយរឿងប្អូនបោកគេៗធ្លាប់ចាប់ប្អូនបីដាក់ចូលក្រសួង ទាំងយប់ ពីបទឆបោក មិនសងលុយគេ ហើយគេហៅខ្ញុំដាក់បន្ថែមរឿង…! 

ហើយបើសឿ សុធារ៉ា មិនបកស្រាយ សុំទោសខ្ញុំជាសាធារណ:ទេ នាងខ្ញុំសុំលើកយកបំណុលយកវិញទាំងអស់ នឹងចេញលិខិតពីខាងមេធាវីនាងខ្ញុំ មកធ្វើកិច្ចចរចាសងបំណុល បើមិនមកជួប នាងខ្ញុំសុំប្រកាសប្តឹងសឿ សុធារ៉ា ទាមទារលុយមកវិញទាំងអស់ នឹងទាមទារសំណងជំងឺចិត្តបន្ថែម ! (ឯកសារបញ្ជី សំឡេងមានទាំងអស់)។

សុខចិត្តលំបាក ចេញគេជំនួសរាល់ថ្ងៃហើយ នៅមិនស្គាល់គុណទោស ធ្វើបុណ្យចំមនុស្សក្បាលខ្មៅ រមិលគុណ»។

ទោះបីជាយ៉ាងណា ក្រោយការព្រមានរបស់អ្នកនាងសូ​ ដានីតា ខាងលើនេះ សឿ សុធារ៉ា បានចេញមុខសំពះសុំទោស ហើយក៏ទទួលបានការឆ្លើយតបជាវិជ្ជមានពីសូ ដានីតា ឲ្យបញ្ចប់រឿងបំណុលនោះ ដោយក្តីសន្តោសផងដែរ៕ ខៀវទុំ

RELATED ARTICLES