ភ្នំពេញ៖ជិត៣ឆ្នាំទៅហើយដែលស្រីស្អាតនាងជុំ រចនាពេជ្រ ហៅបេប៊ី បានសន្យាថានឹងវិលមកកាន់ក្បាលមីក្រូឡើងឆាកតន្រ្ដីសារជាថ្មីឡើងវិញ ប៉ុន្ដែពេលនេះនៅតែមិនអាចធ្វើបានដដែល នាំឲ្យកេរ្ដិ៍ឈ្មោះរបស់នាងស្ងប់ស្ងាត់មិនធ្លាប់មានក្នុងអាជីពឡើយរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ។ការស្ទះផ្លូវមិនអាចវិលមកអុកឡុកក្នុងអាជីពចាស់របស់បេប៊ី នាពេលនេះត្រូវបានគេសង្ស័យថាទំនងនាងអាចជាការបញ្ចប់អាជីពដែលនាងថាស្រលាញ់បំផុតនេះក៍ថាបាន ប្រសិនបើនាងនៅតែពន្យាពេលតទៅទៀត ព្រោះថាតារារួមជំនាន់នាងពួកគេស្ទុះទៅមុខអស់ទៅហើយ។ប៉ុន្ដែចម្ងល់របស់ទស្សនិកជនបានលើកឡើងថាតើមានរឿងអីបានជាសុខៗស្រីស្អាតបេប៊ី ដកថយពីការរាំច្រៀងកណ្ដាលទីបែបនេះទៅវិញ?

អ្នកស្រីប៊ុន ណារី ម្ដាយមេប៊ី មិនលើកទូរស័ព្ទឡើយកាលីរសៀលថ្ងៃទី២៦ វិច្ឆិកា ទើបមិនទាន់អាចសុំការបំភ្លឺបានទេ។ដោយឡែកបេប៊ី វិញក្រៅពីធ្លាប់បញ្ជាក់ថានាងមិនទៅណាចោលអាជីពចម្រៀងជាដាច់ខាតនោះ កន្លងមកនាងមកនាងថាមានរឿង២ដែលធ្វើឲ្យនាងពិបាកកំណត់ពេលវិលវិញជាក់លាក់នោះគឺទី១៖នាងឡើងគីឡូ និងទី២៖ការគ្រប់គ្រងហាងកាហ្វេដល់ទៅ៤ក្នុងពេលតែមួយ។បេប៊ី ក៍ធ្លាប់បញ្ជាក់ថានាងគ្មានអ្នកណាហួងហែង ឬដាក់សម្ពាធមកលើនាងឡើយ។

បេប៊ី បានបោះបង់អាជីពជាMC ដែលតស៊ូអស់ជាង១០ឆ្នាំ ដើម្បីធ្វើជាតារាចម្រៀងនៅថោន ដោយមានទាំងកុងត្រាទៀតផង តែនៅពេលមានបុរសកាន់តែច្រើនគ្រឺតក្នាញ់សម្រស់នាងហើយក្នុងនោះមានលោកឧកញ៉ាម្នាក់ និងអភិបាលខណ្ឌម្នាក់ តាមស្នេហាក្នុងពេលតែ១នោះ បែជានាងរចនាពេជ្រ ចង់ដកថយពីអាជីពចាស់មួយនេះហើយទៅធ្វើថៅកែហាងកាហ្វេទៅវិញចំពេលដែលនាងបានសង់ផ្ទះវីឡារ១នៅខណ្ឌសែនសុខ តែមិនទាន់ហ៊ានឡើងផ្ទះ។កាលពីខែមុនម្ដាយបេប៊ី អ្នកស្រីណារី ធ្លាប់ប្រាប់ថាកូនស្រីលោកស្រីនៅតែបន្ដអាជីពសិល្បៈនៅពេលវេលាដ៍សមស្របមួយ។ចំណែកបេប៊ី ដឹងខ្លួនថាការវិលវិញលើកនេះនាងពិបាកស្ដារមុខឡើងវិញ ព្រោះតែការបាត់មុខយូខែពេកទើបនាងថាមានតែវិធីម្យាងគត់នោះគឺនឹងបញ្ចេញអ្វីដែលថ្មីហើយប្លែកបំផុតទើបអាចទៅរួច។

តើបេប៊ី នៅតែអាល័យអាជីពចាស់មែន ឬមួយក៍នាងបាយបាយដោយគ្មានថ្ងៃត្រឡប់?

