ភ្នំពេញ៖អ្នកនាងសឿ សុធារ៉ា បានឲ្យកូនស្រីទី១របស់នាងឈ្មោះសាពួន តារាពិមាន អាយុជាង១០ឆ្នាំឈានចូលថតសម្ដែងភាពយន្ដជាលើកដំបូងនូវរឿងបុរាណមួយដែលដឹកនាំដោយលោកកៅ សីហា របស់ផលិតកម្មរស្មីហង្សមាស។នេះជាការបង្ហាញថាសុធារ៉ា ចង់ឲ្យកូនស្រីនាង ស្នងអាជីពភាពយន្ដពីនាង នាពេលអនាគត។


លោកកៅ សីហា បានថ្លែងថាលោកបានឲ្យកូនស្រីចុ្បងរបស់អ្នកនាងសឿ សុធារ៉ា ថតភាពយន្ដភាគខ្នាតធំជាតួឯកកាលនៅក្មេងនាសម័យលង្វែកហើយលោកជឿរថានោះជាចំណីចក្ខុរបស់ទស្សនិកជនបានប្លែកភ្នែកទៀតជាមិនខាន។ក្រោយមានការលើកឡើងរបស់អ្នកដឹកនាំសម្ដែងរឿងល្បីឈ្មោះ ពីការបណ្ដុះកូនស្រីរបស់សុធារ៉ា ឲ្យលេងសិល្បៈបែបនេះ មានតារាសិល្បកររួមអាជីពជាច្រើនបានអរគុណលោកសីហា ដែលជួយដល់គ្រួសារសុធារ៉ា ដែលកំពុងតែពិបាកខ្លាំងនោះ ដោយពួកគេខ្លះថាតារាពិមាន មានត្រេមុខស្រដៀងសុធារ៉ា តែម្ដង។

សូមរំលឹកថាអ្នកនាងសឿ សុធារ៉ា ក៍ធ្លាប់ថតភាពយន្ដតាំងពីតូចផងដែរហើយមុននាងរៀបការជាមួយលោកសាពួន មីដាដា កាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០០៩ នោះនាងជាតារាភាពយន្ដដ៍លេចធ្លោលំដាប់ជូរមុខម្នាក់។ប៉ុន្ដែក្រោយបែកបាក់ស្វាមីហើយម្ដាយទទួលមរណភាពកាលពីថ្ងៃទី២៨ តុលា ២០២២ នោះពេលនេះសុធារ៉ា ដែលទទួលបានកូនប្រុសស្រីទាំងពីរមកគ្រប់គ្រង ក្រោយចែកផ្លូវលោកមីដាដា នោះនាងបានវង្វេងស្មារតី ភ្លេចភ្លាំងច្រើន រហូតស្ទើតែបាត់បង់ការចងចាំទៀតផង។យ៉ាងណាមុននេះលោកគួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់បានលើកទឹកចិត្តឲ្យនាងវិលមករកភាពល្បីល្បាញក្នុងអាជីពសិល្បៈសារជាថ្មី ខណៈដែលលោកកៅ សីហា វិញមិនមែនត្រឹមតែផ្ដល់ឲ្យកូនស្រីនាងបានសម្ដែងភាពយន្ដនោះទេ ប៉ុន្ដែលោកក៍ធ្លាប់ហៅធារ៉ា ថតរឿងនៅហង្សមាសជាបន្ដបន្ទាប់ ហើយពេលនេះក៍ត្រៀមថតរឿងថ្មីដែលមានធារ៉ា ចូលរួមសម្ដែងទៀតផងដែរ។

ក្រៅពីសឿ សុធារ៉ា តារាដែលឲ្យកូនស្នងតំណែងពីអាជីពសិល្បៈមានដូចជាអ្នកនាងចន ច័ន្ទ,ម៉េង កែវពេជ្ជតា,លោកព្រាប សុវត្ថិ និងហួ ឡាវី ជាដើម៕


