ភ្នំពេញ៖រយៈពេលជិត៣ឆ្នាំមកហើយដែលនាងតន់ ច័ន្ទសីម៉ា បានជិះសេះលែងដៃពោលគឺជាតួឯកដែលគ្មានគូប្រជែងឡើយ ខណៈដែលតារាចម្រៀងជើងខ្លាំងលោកឧកញ៉ាព្រាប សុវត្ថិ និងខេម នោះក៍គ្មានជម្រើសច្រៀងជាដៃគូជាមួយតារាផ្សេងដែរគឺមានតែប្រឹងរុញនាងសីម៉ា ឲ្យទៅមុខដូចគ្នា។ប៉ុន្ដែចាប់ពីពេលនេះតទៅនាងច័ន្ទសីម៉ា បានជួបគូប្រជែងថ្មីក្រោយការមកដល់របស់នាងហ៊ិន លីដា អតីតបេក្ខភាពCambodian Idol ឈានដល់វគ្គផ្ដាច់ព្រ័ត្ររដូវកាលទី២ ដែលត្រូវគេមើលឃើញថាសម្ថភាពរបស់អ្នកចម្រៀងទាំងពីរប្រហាក់ប្រហែលគ្នា ហើយលីដា ថែមទាំងអាចច្រៀងបទខ្ពស់ៗបានទៀតផង។គេថាទោះជាសីម៉ា ជាតារាស្រីឈានមុខគេនៅGalaxy ដែលធ្វើឲ្យអ្នកចម្រៀងមានគីឡូប្រហាក់ប្រហែលគ្នានៅផលិតកម្មផ្សេងៗពិបាកទប់ទល់ក្ដី ប៉ុន្ដែពេលនេះបើអតីតអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវរូបនេះប្រហែសនោះអាចនឹងស្រឡះដៃធេងជាមិនខាន។

គូរកត់សម្គាល់ថាការដែលតន់ ច័ន្ទសីម៉ា ក្លាយជាតារាស្រីទោលអត់តារារួមទ្រនុំប្រជែង បែបនេះក្រោយមានព័តមានថាផលិតកម្មGalaxy ចាប់អារម្មណ៍ចង់ទិញមាស សុខសោភា និងពេជ្រ សោភា ទៅធ្វើជាដៃគូលោកឧកញ៉ាសុវត្ថិ និងលោកខេម តែចុងក្រោយតារាទាំងពីរបែជាផាត់ចោលទ្រនុំថ្មីចាយលុយធំនេះទៅវិញ ទើបនាំឲ្យសីម៉ា អត់គូប្រជែង។កាលពីឆ្នាំ២០២០ មានព័តមានថាស្រីស្រស់ដែលបានកែសម្រស់៣ផ្នែកគឺធ្វើច្រមុះ,ចាក់ចង្កា និងពត់ធ្មេញរូបនេះត្រូវបានថៅកែកំណត់ថ្លៃច្រៀងកម្មវិធីធំម្ដងស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ ដែលតម្លៃនេះនាំមុខតារាចម្រៀងល្បីល្បាញលំដាប់ជូរមុខជាច្រើនឆ្នាំមកហើយនោះទៀតផង។

កាលនោះអ្នកតំណាងGalaxy ថែមទាំងថាបើអ្នកណាថាសីម៉ា ថ្លៃពេកអស់ហ៊ានជួលក៍មិនអីដែរ ព្រោះផលិតកម្មមានសម្ថភាពចិញ្ចឹមតារារបស់ខ្លួនឲ្យរស់នៅបានសុខស្រួលបាន ទើបក្រោយការថ្លែងបែបនេះតារាតូចច្រឡឹងបានបាត់មុខពីឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ជាច្រើនខែ ដោយសារតែអ្នកដឹកនាំកម្មវិធីប្រគុំតន្ត្រីមួយចំនួនបានថ្ងូរដូចព្រាប ថាពួកគេគ្មានលទ្ធភាពជួលសីម៉ា ឡើងឆាកឡើយ ព្រោះហៅនាងម្នាក់ស្មើតារាល្បីៗផ្សេងទៀត១០នាក់។

សូមបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ជាតារាដែលប្រជែងទីផ្សារយុវវ័យនាពេលបច្ចុប្បន្នជាមួយនាងរ៉េត ស៊ូហ្សាណា និងយូរី ជាដើម។តារាវ័យ២៥ឆ្នាំរូបនេះធ្លាប់មានព័តមានថានាងត្រូវលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហា តែរាល់លើកនាងប្រាប់អ្នកកាសែតនិងFan ថាអត់ដែលមានសង្សារដូចគេទៅវិញ៕

