ភ្នំពេញ៖លោកឧកញ៉ាព្រាប សុវត្ថិ ទោះជារយាលៗពីអាជីពចាស់រហូតពេលខ្លះ៣ខែទើបចេញបាន១បទក្ដី ប៉ុន្ដែថ្មីៗនេះលោកបានអះអាងថាមិនបោះបង់អាជីពចម្រៀងឡើយ ខណៈ ដែល តាមចំនួនកុងត្រាតំណាក់កាលដំបូងរយៈពេល៥ឆ្នាំជាមួយGalaxy កាលពីថ្ងៃទី២៥ខែសីហា ឆ្នាំ២០២២ នោះមានន័យថាតារាវ័យ៤៧ឆ្នាំរូបនេះនៅមានកិច្ចសន្យាជាង២ឆ្នាំទៀត សម្រាប់ទ្រនុំថ្មីដែលចាយលុយធំនេះ។អ្វីដែលគូរឲ្យកត់សម្គាល់អំឡុងពេលដែលព្រាប សុវត្ថិ នៅតែមិនមានបទចម្រៀងខ្លាំងៗដូចទ្រនុំចាស់នោះមានព័តមានថាអតីតតារាហង្សមាសដែលឡើងងារជាឧកញ៉ាជាងជិត៧ខែរូបនេះនឹងប្រឈមជួបដៃគូចាស់របស់ខ្លួនដែលប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជាង៣ឆ្នាំនៅផលិតកម្មចាស់នោះជាថ្មីគឺលោកខេមរៈ សិរីមន្ដ ដែលបានផុតកុងត្រាជាមួយហង្សមាស នឹងត្រូវបានគេរំពឹងថាលោកមានភាគរយខ្ពស់បំផុតក្នុងការចូលរួមជាមួយGalaxy ព្រោះថាទំនាក់ទំនងនិងការរាប់អានរបស់លោកប៊ុនថៃ ជាមួយថៅកែផលិតកម្មនេះស្និតស្នាលគ្នាលើសពីបងប្អូនទៅទៀត។

មជ្ឈដ្ឋានមហាជនបានលើកឡើងថាប្រសិនបើលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានជួបគ្នាជាលើកទី២នៅទ្រនុំតែ១នោះប្រាកដជាឡើងកម្ដៅសារជាថ្មីជាមិនខានហើយពេលនោះគេពិបាកនឹងសន្និដ្ឋានបានថាតារាទាំងពីរអាចចាប់ដៃគ្នាធ្វើការជាមួយគ្នាបានព្រោះថា”ភ្នំ១ ខ្លា២”ពិបាករស់នៅសុខស្រួល។

យ៉ាងណាកាលពីថ្ងៃទី២៦ វិច្ឆកា លោកខេមរៈ ភារុណ ដែលជាបងប្រុសរបស់លោកខេមរៈ សិរីមន្ដ បានប្រាប់”នគរធំ”ថាទាំងរូបលោកនិងសិរីមន្ដ គឺពិតជាផុតកុងត្រាជាមួយហង្សមាសមែន ប៉ុន្ដែពេលនេះមិនទាន់បានចុះកុងត្រាថ្មីនៅផលិតកម្មណាទេក្នុងនោះរួមទាំងGalaxy ផង ដោយលោកថានៅទ្រឹងមួយរយៈសិន។ដោយឡែកលោកខេមរៈ សិរីមន្ដ វិញដែលធ្លាប់ត្រូវបានគេសង្ស័យថាលោកចូលGalaxy កាលពីខែកក្កដា ឆ្នាំ២០២២ នោះបានប្រាប់អ្នកយកព័តមានយើងនាពេលនោះថារឿងអនាគត គ្មានអ្នកណាដឹងថាមានរឿងអ្វីកើតឡើយ។លោកប៊ុនថៃ បានសារភាពថាការរាប់អានរវាងលោកនិងលោកណាវ៉ាត្រា គឺពិតជាស្និតស្នាលគ្នាខ្លាំងណាស់ហើយលើសពីបងប្អូនទៅទៀត…។

សម្រាប់លោកឧកញ៉ាព្រាប សុវត្ថិ វិញថ្វីត្បិតកេរ្ដិ៍ឈ្មោះរបស់លោកតាំងពីចេញពីហង្សមាសចូលGalaxy នោះមិនសូវខ្លាំងដូចមុនក្ដី តែលោកស្នាយ នៅតែជាតួឯកនិងជាតារាប្រុសនាំមុខគេរបស់ផលិតកម្មមួយនេះ។លោកបានប្រាប់អ្នកកាសែតមុននេះថាទោះជាលោកក្លាយទៅជាអ្វីក៍នៅតែបន្ដអាជីពចម្រៀងនិងជំនួញឲ្យស្មើគ្នាតែម្ដង ហើយមិនត្រឹមតែមិនភ្លេចសិល្បៈនោះទេ ប៉ុន្ដែលោកក៍នៅមានចិត្តចង់ថតជាភាពយន្ដថែមទៀតផងនៅពេលវេលាដ៍សមស្របខាងមុខនេះ បន្ទាប់ពីលោកធ្លាប់បានលេងភាពយន្ដខ្នាតធំបាន២រឿងគឺ”នេសាទ ក្រពើ”និងរឿង”ធ្លាប់ស្រលាញ់ខ្ញុំទេ ?”។

ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជា”សេដ្នី”ម្នាក់ក្នុងសិល្បៈព្រោះមនុស្សជំនិតឧកញ៉ារូបនេះទម្លាយរឿងប្រាប់អ្នកកាសែតថាលោកមានទ្រព្យសរុបខ្ទង់៣០លានដុល្លារកាលពីខែកញ្ញាឆ្នាំ២០២០ ខណៈដែលលោកខែម ប៊ុនថៃ មិនដែលលាតត្រដាងពីចំនួនទឹកលុយរបស់ខ្លួនឡើយ តែគេដឹងថាតារាកូន៣រូបនោះក៍មានលុយចាយមិនអស់ដែរ។ទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ស្ងាត់ពីអាជីពចម្រៀងដូចគ្នាតាំងពីតារាសិស្សច្បងសិស្សប្អូនរូបនេះឡើងជាឧកញ៉ាមក ខណៈនៅចុងឆ្នាំ២០២២ នេះគ្រប់គ្នាមើលឃើញថាតារាដែលមានសន្ទុះឡើងគឺអ្នកចម្រៀងHip Hop លោកម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ។គេជឿរថាប្រសិនបើព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ជួបគ្នាម្ដងទៀតមែននោះប្រាកដជាការប្រកួតប្រជែងបទចម្រៀងនិងខ្លាំងក្លាជាងតារាទាំងពីរលក់ដីឡូតិ៍នៅពេលនេះជាមិនខានព្រោះបើម្នាក់ណាមានបទល្បីចេញ គឺដាច់ខាតម្នាក់ទៀតត្រូវតែចេញទប់ទល់ភ្លាមៗ ហេតុនេះហើយពេលនោះកម្ដៅច្បាស់ជាឡើងខ្លាំងជាងវណ្ណដា-ដេវីត នាពេលនេះ ទៅទៀតដែលពេលនោះការឈ្នះចាញ់ប្រាកដជានឹងពិបាកបែងចែកសារជាថ្មី៕
