ភ្នំពេញ៖បើទោះជាមាស សុខសោភា ប្រៀបបានជាគ្រូរបស់ដួង វីរៈសិទ្ធ ព្រោះបទពិសោធន៍នៃអាជីពចម្រៀងខុសគ្នាជាច្រើនឆ្នាំក្ដី ប៉ុន្ដែសុខសោភា នៅតែជឿរជាក់លើស្នាដៃប្រុសក្មេងរូបនេះក្នុងការធ្វើបទចម្រៀងឲ្យនាងច្រៀងថែមទៀតនៅរាម បន្ទាប់ពីមុននេះនាងបានច្រៀងCover បទរបស់វីរៈសិទ្ធ “ខូចចិត្តច្រើនដង” ហើយរៀមច្បងនិងសិស្សប្អូនរូបនេះក៍ធ្លាប់ច្រៀងដៃគូគ្នាផងដែរដូចជាបទ”បុស្បាម្ចាស់ចិត្ត” និង”ព្រួយខ្លាចបាត់បង់”។

សោភា បង្ហាញអារម្មណ៍នៅតែចង់បានបទថ្មីៗដែលចេញពីវីរៈសិទ្ធ និពន្ធឲ្យនាងច្រៀងព្រោះនាងជឿរជាក់លើទឹកដៃនិងសម្ថភាពរបស់អតីតតារាហង្សមាសរូបនេះទោះទស្សនិកជនមើលឃើញថាពេលសោភា ច្រៀងដៃគូជាមួយលោកសិទ្ធ មិនសូវជោគជ័យដូចអំឡុងពេលនាងចាប់ដៃជាមួយខេម នៅថោន ក្ដី។អ្វីដែលគូរឲ្យសោកស្ដាយនោះតាមព័តមានថាថៅកែរាម ចាប់អារម្មណ៍ចង់បានលោកឆន សុវណ្ណារាជ មកធ្វើជាសមាជិករបស់ខ្លួននិងឲ្យច្រៀងឆ្លងឆ្លើយជាដៃគូថ្មីរបស់សោភា តែពេលនេះគ្មានដំណឹងថាតារារោមទ្រូងច្រើនចង់ផ្លាស់ប្ដូរទ្រនុំឡើយទើបធ្វើឲ្យអតីតតារាថោន នៅតែមានដៃគូតែ១ដដែលនោះគឺលោកវីរៈសិទ្ធ នេះឯង។

គូរបញ្ជាក់ថាមាស សុខសោភា ត្រូវបានគេចាត់ទុកថានាងជាតារាចូលចិត្តផ្លាស់ប្ដូរទ្រនុំដូចដូរខោអាវ តែអ្វីសោភា ត្រូវបានFan ជឿរជាក់ខ្លាំងថានាងទៅដល់ទីណាក៍នៅតែល្បីដដែល។ប៉ុន្ដែសម្រាប់ការឈជើងនៅរាម ជិត២ឆ្នាំនេះសុខសោភា ហាក់នៅទ្រឹង ខណៈដែលអ្នកជំនាញសិល្បៈបានលើកឡើងថាសោភា នឹងប្រឈមចុះខ្សោយព្រោះផលិតកម្មនេះគេធ្វើបទចម្រៀងជាព័ណសំបុររបស់គេ មិនមែនដើម្បីប្រជែងជាមួយហង្សមាស និងGalaxy ឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរសោភា មិនបានបញ្ចេញបទចម្រៀងថ្មីៗនៅផលិតកម្មផ្ទាល់ខ្លួនរបស់នាងCamtrax នោះទេគឺពឹងតែរាម តែ១ច្រកទើបធ្វើឲ្យស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ក៍មិនទាន់ធ្វើអន្ដរាគមន៍មកលើនាងដើម្បីវាយលុកទីផ្សារចម្រៀងម្ដងទៀតឡើយ។

ប៉ុន្ដែគេចាំបានថាសុខសោភា បានប្រកាសកាលពីខែមករា ថានៅឆ្នាំ២០២២ នេះនាងនឹងបង្ហាញអ្វីដែលថ្មីបំផុតដែលមិនធ្លាប់បញ្ចេញក្នុងអាជីពពីមុនដើម្បីឲ្យទស្សនិកជនភ្ញាក់ផ្អើល។តែជិតឆ្លងឆ្នាំសកលទៅហើយសោភា នៅតែមិនទាន់មានបទផ្ទុះខ្លាំងដូចមុននៅឡើយ ខណៈដែលដំណឹងនាងរៀបការលើកទី៣ជាមួយលោកគ្រូពេទ្យអ៊ឹត រ៉ាដា ក៍នៅតែមិនច្បាស់លាស់នៅឡើយ៕
