ភ្នំពេញ៖បើទោះជាជីវិតស្នេហារវាងអ្នកនាងសឿ សុធារ៉ា និងសាពួន មីដាដា បានបញ្ចប់ទៅហើយក្ដី ប៉ុន្ដែអ្នកទាំងពីរនៅតែមានមនោសញ្ចេតនារកគ្នា ខណៈដែលនៅថ្ងៃម្ដាយរបស់សុធារ៉ា ទទួលមរណភាពកាលពីថ្ងៃទី២៨តុលា នោះលោកមីដាដា ក៍បានទៅចូលរួមបុណ្យសព ហើយអតីតភរិយារបស់លោកបានប្រាប់អ្នកកាសែតនៅថ្ងៃនោះថាមីដាដា នៅតែនៅផ្ទះជាមួយនាងនៅម្ដុំស្ពានលេខ៩ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រោះលោកគ្មានផ្ទះនៅដោយនាងនៅជាន់លើ អតីតស្វាមីនៅជាន់កក្រោម។

ដោយឡែកកាលពីថ្ងៃទី៣០ វិច្ឆិកា លោកមីដាដា ដែលឃើញអ្នកនាងសុធារ៉ា គេងមិនលក់លើគ្រែពេទ្យខាងក្រៅមន្ទីពេទ្យនិងបន្ដោកសេរ៉ូមហើយកូនប្រុសស្រីទាំងពីរកំដនោះដោយលោកបានដាស់តឿនអតីភរិយាដោយហៅថាជាប្អូននោះថា” បើប្អូនមិនប្រឹងហូប តើឲ្យអ្នកណាមកហូបជំនួស បើប្អូនមិនព្រមដេកតើឲ្យអ្នកណា មកដេកជំនួស ខំលេបតែថ្នាំទាំងក្បង់ៗហ្នុងមិនអាចជួយបន្ធូរឡើយមានតែបន្ថែម ពេទ្យអាចជួយតិចតួច ប៉ុណ្ណោះ ម៉ោងជាងពីររំលងអធ្រាតទៅហើយ កូនៗមិនព្រមងងុយដេក ចាំមើលចាំថែម្តាយ ម្នាលប្អូនស្រី ជំងឺនេះគឺប្អូនខ្លួនឯងព្យាបាលខ្លួនឯង ហើយការព្យាបាលខ្លួនឯងនោះគឺ ហូបគ្រប់ ដេកគ្រប់ ហាត់កីឡា សំអាតចិត្ត តាំងសមាធិ និងព្រមទទួលគ្រប់យ៉ាង … ព្រះពុទ្ធ អង្គបានត្រាស់សម្តែងថា សីល សមាធិ បញ្ញា ”។ជាមួយគ្នានេះដែរកាលពីថ្ងៃទី២៧ វិច្ឆិកា លោកមីដាដា ក្រោយពីបានដឹងថាអ្នកនាងសុធារ៉ា បានឲ្យកូនស្រីច្បងឈានចូលសិល្បៈតាមរយៈការបណ្ដុះបណ្ដាលរបស់អ្នកដឹកនាំភាពយន្ដនៅហង្សមាសលោកកៅ សីហា ដោយលោកបង្ហាញអារម្មណ៍មិនចង់ឲ្យកូនស្រីរបស់លោកចាប់អាជីពមួយនេះឡើយ។

លោកសាពួន មីដាដា ចេញសារផ្ដាំទៅកូនស្រីថា” កូនស្រីដ៏កំសត់របស់ពុក ឆាកជីវិតគឺកំសត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជម្រុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បៈដូចឪពុកទេ ៩ឆ្នាំហើយដែលពុកចាកចេញពីវិថីសិល្បៈដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយក ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខចុះកូន ”។


ការមិនចង់ឲ្យកូនដើរលើវិថីសិល្បៈដូចលោកនាពេលអតីតកាលនេះមានតារាខ្លះមិនយល់ស្របចំពោះលោកមីដាដា ឡើយដោយលើកហេតុផលថាពេលនេះសុធារ៉ា កំពុងតែមានជំងឺវង្វេងវង្វាន់ ភ្លេចភ្លាំងច្រើន និងជីវភាពខ្វះខាតជំពាក់គេច្រើន ទើបលោកសីហា ចង់ជួយដល់សុធារ៉ា ឲ្យមានប្រាក់ចំណូលខ្លះៗតាមរយៈការផ្ដល់ឱកាសឲ្យកូនស្រីនាងលេងសិល្បៈ តែលោកមីដាដា បែជាចង់ឲ្យកូនស្រីយក ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹងទីរលឹក អំឡុងពេលដែលគ្រួសារភរិយាចាស់និងកូនៗលោកកំពុងធ្លាក់ខ្លួននិងមានជំងឺបែបនេះទៅវិញ៕


