ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានឲ្យដឹងថាតាំងពីប្អូនប្រុសនាងលោកខាត់ ចំរើន ទទួលមរណភាពជាង១អាទិត្យមកនាងមិនដែលយល់សប្ដិឃើញម្ដងណាឡើយ តែនាងបានដុតធូបបន់ស្រន់សូមឲ្យចំរើន មកបង្ហាញខ្លួនឲ្យនាងឃើញផងទោះជាក្នុងរូបភាពបែបណាក៍ដោយ ក៍រូបនាងមិនខ្លាចដែរ។សុឃីម បន្ថែមថាការដែលនាងចង់ឲ្យខាត់ ចំរើន មកពន្យល់សប្ដិឬបង្ហាញខ្លួនឲ្យនាងឃើញនោះព្រោះនាងចង់ដឹងថាប្អូននាងដែលទៅកាន់ភពថ្មីទៅហើយនោះចង់ឲ្យនាងជួយអ្វីបាខ្លះ តើនាងត្រូវធ្វើម៉េចដើម្បីឲ្យបានទៅដល់រូបគេ?នាងថាសែនអាលោះអាល័យដល់ប្អូនរបស់នាងគ្មានថ្ងៃណាអាចបំភ្លេចបានឡើយ។

ទោះជាអ្នកនាងខាត់ សុឃីម អះអាងថានាងមិនដែលបានយល់សប្ដិឃើញខាត់ ចំរើន តាំងពីរូបគេស្លាប់ទៅក្ដី ប៉ុន្ដែនាងថាម្ដាយនាងបានយល់សប្ដិឃើញចំរើន ថាគេមកផ្ទះតែចូលមិនរួចនិងស្រែកឲ្យគេជួយបើកទ្វាឲ្យចូលផងមុនថ្ងៃបុណ្យខួបរបស់គេគម្រប់៧ថ្ងៃ ហេតុនេះហើយបានជានាងបានសែនព្រេននិងឲ្យតាអាចារ្យរៀបចំតាមសាសនាដើម្បីឲ្យប្អូនបានចូលផ្ទះ។ប៉ុន្ដែរូបនាងនៅតែចង់ឃើញនិងមិនអស់ចិត្តសោះដែលអត់ដែលយល់សប្ដិឃើញប្អូនហើយចិត្តនាងចង់ឲ្យចំរើន មកបង្ហាញខ្លួនឲ្យនាងឃើញផ្ទាល់ក៍បានព្រោះចង់ដឹងសុខទុក្ខគេ។

គូររំលឹកថាលោកខាត់ ចំរើន ដែលជាប្អូនអ្នកនាងខាត់ សុឃីម បានទទួលមរណភាពនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយជំងឺក្រិនថ្លើម ,បេះដូងរីក,ឈឺសន្លាក់ ,ឡើងជាតិអាស៊ីដ ឈាមសស៊ីឈាមក្រហម តម្រូវឲ្យបញ្ចូលឈាមជាប្រចាំ តែមុនពេលផុតដង្ហើមពេទ្យថាបញ្ចូលឈាមទៅសេរីរាង្គលែងទទួលផល។អ្នកនាងសុឃីម និងក្រុមគ្រួសារបានធ្វើបុណ្យខួបគម្រប់៧ថ្ងៃឲ្យសពលោកចំរើន កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២ នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានអ្នកសិល្បករនិងតារាកំប្លែងរួមអាជីពជាច្រើនបានចូលរួមរំលែកទុក្ខដល់គ្រួសារសព។

នៅថ្ងៃនោះដែរអ្នកនាងសុឃីម បានប្រាប់អ្នកយកព័តមានយើងថានាងត្រៀមបណ្ដុះកូនខាត់ ចំរើន ពីរនាក់ឲ្យពួកគេបន្ដនិងស្នងតំណែងអាជីពសិល្បៈពីឪពុកគេនោះគឺកូនទី២និងទី៣ ខណៈដែលកូនទី១គេចង់ធ្វើប៉ូលីសអ្នកនាងមិនអូសមកខាងសិល្បៈឡើយ។អ្នកនាងសុឃីម បញ្ជាក់ថាខាត់ ចំរើន នៅជំពាក់លុយធនាគារមួយចំនួនហើយក្រោយបុណ្យ៧ថ្ងៃរួចនាងនឹងឲ្យខាងធនាគាររៀបចំឯកសារថ្មីសងប្រាក់ប្រចាំខែតិចជាងពីមុន ព្រោះថាម្ចាស់ស្លាប់ទៅហើយ តែក្នុងនាមនាងជាបងនិងភរិយាចំរើន ដោះបំណុលប្អូនរហូតរួចអស់៕

