ភ្នំពេញ៖តារាបង្ហាញម៉ូដ,សម្ដែង និងជាពិធិការិនីនាងយ៉ាន់ ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរសរូបសង្ហារម្នាក់ឈ្មោះលឿង ឆាយ នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២២ ដែលមានតារារួមអាជីពជាច្រើនទៅសាទរ ខណៈដែលមានព័តមានថាមង្គលការរបស់ស្រីពេជ្រ និងគូដណ្ដឹងអាចនឹងរៀបចំនៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។ប្រភពបានឲ្យដឹងថាអនាគតស្វាមីរបស់ស្រីពេជ្រ គឺជាកូនអ្នកមានទ្រព្យស្ដុកម្នាក់។

យ៉ាងណាមិនអាចទាក់ទងសុំការបំភ្លឺពីយ៉ាន់ ស្រីពេជ្រ បានទេនៅថ្ងៃនាងភ្ជាប់ពាក្យនោះព្រោះទូរស័ព្ទតេមិនចូល។ប៉ុន្ដែតាមព័តមានថាស្រីពេជ្រ និងបុរសនោះស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ តែពេលនេះពួកគេទើបដឹកដៃគ្នាភ្ជាប់ពាក្យ នឹងត្រៀមរៀបការដោយសារតែមើលឃើញថាស្ថានភាពកូវីដកាន់តែថមថយដែលអាចឲ្យពួកគេធ្វើពិធីជប់លៀងធំបាន។មិត្តភក្ដិអ្នកសិល្បៈរបស់ស្រីពេជ្រ ដែលទៅចូលរួមថ្ងៃពិសេសរបស់នាងនោះពួកគេសរសើរថាតារាសម្ដែងរូបនេះរកបានគូដណ្ដឹងជាប្រុសស្អាតរូបសង្ហារសាកសមជាមួយនាងហើយពួកគេបានជម្រុញឲ្យនាងឆាប់ដឹកដៃជាមួយម្ចាស់ចិត្តថ្មីក្រាបផ្ទឹមឆាប់ៗកុំទុកយូនាំតែជូផ្អូម…។

តាមព័តមានថាមុនប្រគល់បេះដូងទៅឲ្យម្ចាស់ចិត្តថ្មីនេះយ៉ាន់ ស្រីពេជ្រ ធ្លាប់ប្រេះឆាស្នេហ៍ចាស់ម្ដងរួចទៅហើយ ដែលប្រភពខ្លះថានាងជាអ្នកមេម៉ាយកូន១ទៀតផង។តែមិនទាន់មានការបំភ្លឺពីរូបនាងផ្ទាល់ជុំវិញការលេចឭទាំងនោះឡើយ។យ៉ាងណាគេកត់សម្គាល់ថានេះជាតារាទី៣ហើយដែលបានភ្ជាប់ពាក្យនៅឆ្នាំ២០២២ នឹងត្រៀមរៀបការនៅឆ្នាំ២០២៣ ខាងមុខនេះក្នុងនោះមានដូចជាអ្នកនាងប៉ាច គីមមួយ ភ្ជាប់ពាក្យជាមួយលោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលពេជ្រ សោភា ភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺក្នុងចំណោមតារាស្រីស្រស់ទាំង៣ដួងនេះគឺមានតែស្រីពេជ្រ ម្នាក់ទេដែលជ្រើសគូស្នេហ៍ជាអ្នកនៅក្រៅរង្វង់សិល្បៈ ខណៈដែលគីមមួយ និងសោភា យកប្ដីជាតារាដូចគ្នានិងសុទ្ធតែមានអាយុក្មេងជាងខ្លួន។

ទស្សនិកជនរងចាំមើលថាតើយ៉ាន់ ស្រីពេជ្រ ,ប៉ាច គីមមួយ និងពេជ្រ សោភា មួយណារៀបការនឹងរៀបការប្ដីមុននៅឆ្នាំ២០២៣ ?

