ភ្នំពេញ៖ដូចការព្រាងទុករបស់អ្នកដឹកនាំការប្រគុំតន្រ្ដីសម្រាប់កម្មវិធីបិតកីឡាជាតិលើកទី៣មែនថានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ថាតារាចម្រៀងរ៉េប និងHip Hop ល្បីឈ្មោះ២ដួងគឺលោកម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ត្រូវជួបគ្នាលើឆាកគ្នាលើឆាកតន្រ្ដីតែមួយដែលទីបំផុតអ្នកចម្រៀងដែលច្រៀងDiss Track ឌឺដងដៀមដាមគ្នាខ្លាំងទាំងពីរពិតជាគេចមិនផុតពីការតទល់គ្នាឡើយ ខណៈដែលវណ្ណដា ច្រៀងបទ”Time To Rise “ហើយដេវីត សម្ដែងបទ”វីរៈនារី”ដែលជាបទម្ចាស់ដើមនាងទេព បូព្រឹក្ស ភរិយារបស់លោក។តាមរយៈរូបភាពជាច្រើនពីFan ដែលបានទៅទស្សនាផ្ទាល់នោះគេឃើញពេលវណ្ណដា ច្រៀងសម្ដែងបទ”Time To Rise”ដែលមានលោកព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតាគង់ ណៃ និងភរិយា អង្គុយកណ្ដាលឆាកនោះដេវីត បានឈមើលនិងតាមមដានវណ្ណដា ដោយយកចិត្តទុកដាក់បំផុត។ចំណែកនៅបន្ទប់តុបតែងខ្លួនវិញគេឃើញមានការចែកចាយ(Share)តែរូបវណ្ណដា និងឱក សុគន្ធកញ្ញា ថតរូបជាមួយគ្នាដែលមើលទៅសិស្សច្បងនិងសិស្សប្អូនគោរពគ្នាទៅវិញទៅមកនិងបង្ហាញពីការស្រលាញ់សិល្បៈដូចគ្នាដែលនោះមើលទៅគឺផុសចេញពីបេះដូងពិតៗតែម្ដង។

ប៉ុន្ដែគេមិនឃើញវណ្ណដា និងដេវីត ថតរូបជាមួយគ្នាឬចាប់ដៃគ្នាទាំងនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់និងនៅឆាកតន្រ្ដីកណ្ដាលពហុកីឡាដ្ឋានមរតកតេជោ នោះឡើយ ទើបរឿងនេះនៅតែត្រូវបានគេលើកឡើងថាតារារ៉េបទាំងពីរនៅតែមើមុខគ្នាមិនត្រង់ដដែល ហេតុនេះជម្លោះសង្រ្គាមពាក្យសំដីបទរ៉េបដែលវ៉ៃប្រហារគ្នាទៅវិញទៅមកនោះនឹងមិនទាន់បញ្ចប់ឡើយដរាបណាវណ្ណដា និងដេវីត មិនព្រមបង្ហាញភាពស្និតស្នាលជាមួយគ្នាតាមរយៈការថតរូបនិងចាប់ដៃគ្នាដូចតារាទូទៅដែលពួកគេរាប់អានគ្នានោះ។

ចំណែកFan របស់វណ្ណដា និងដេវីត ដែលទស្សនាផ្ទាល់នៅថ្ងៃនោះក៍ពិបាកបែងចែកថាមួយណាមានសន្ទុះច្រើនជាងដែរ ព្រោះថាពេលIdol របស់ពួកគេចេញមកសម្លេងហ៊ោនិងទះដៃហាក់ប្រហាក់ប្រហែលគ្នាបើទោះជាមានអ្នកខ្លះពេលឃើញតារាដែលខ្លួនមិនចូលចិត្តព្យាយាមងាកមុខចេញពេលឃើញអ្នកចម្រៀងរូបនោះកំពុងកាន់ក្បាលមីក្រូ រហូតមានអ្នកខ្លះបានដើរចេញពីស្ដាតក្ដី។

តែអ្វីដែលគូរឲ្យកត់សម្គាល់សម្រាប់Fan របស់វណ្ណដា ដែលមិនបានទៅទស្សនាដោយផ្ទាល់និងមើលតាមទូរសព័្ទពេលដែលឃើញតារាចម្រៀងរូបនេះចេញច្រៀងតែត្រូវក្រុមហ៊ុនស្មាតលែងLive នោះពួកគេមានប្រតិកម្មខឹងសម្បារលើក្រុមហ៊ុនមួយនេះដែលជាអ្នករៀបចំកម្មវិធីបើទោះជាមានការបកស្រាយពីអ្នកយល់ពីរឿងនេះថាមកពីវណ្ណដា ជាតារារបស់Cell card និងដេវីត ជាតារារបស់ស្មាតក្ដី។អ្នកដែលតាមដានការច្រៀងសម្ដែងរបស់វណ្ណដា -ដេវីត ហាក់ខកចិត្តព្រោះព្រឹត្តិការណ៍ដ៍កម្រដែលតារាទាំងពីរមិនងាយនិងជួបគ្នានៅលើឆាកតន្រ្ដីតែមួយបែបនេះតែពេលពួកគេប៉ៈគ្នានៅឆាកតែ១ហើយនៅតែមិនអាចបន្សាបកម្ដៅជាមួយគ្នាបានដដែល តែផ្ទុយទៅវិញក្រុមFan បែជាកាន់តែតឹងសសៃកដាក់គ្នាថែមទៀតទៅវិញ។

គូរបញ្ជាក់ថាវណ្ណដា និងដេវីត ត្រូវបានគេមើលឃើញថាអ្នកចម្រៀងHip Hop ទាំងពីរដួងមានសន្ទុះឡើងខ្លាំងនៅចុងឆ្នាំ២០២២ នេះពិសេសក្រោយពួកគេច្រៀងDiss Track ដាក់គ្នាទៅវិញទៅមកកាលពីពេលថ្មីនេះដោយវណ្ណដា វ៉ៃប្រហារចំៗទៅលើដេវីត បទ”J+OII” ខណៈដេវីត វាយបកវិញបទ”ចុមអាអូនអត់ដេក”។ការបោះពួយទៅមុខរបស់វណ្ណដា-ដេវីត នាពេលនេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាស្របពេលដែលតារាល្បី២ដួងគឺលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចុខ្សោយព្រមគ្នាតែម្ដង ទើបពេលខ្លះគេពិបាកបែងចែកថាតើតារារ៉េបទាំង២ដួង១ណាខ្លាំងជាង?

អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារវាងវណ្ណដា និងដេវីត ល្អម្យាងៗម្នាក់គឺខ្លាំងដូចគ្នាមិនអាចថាមួយណាលេខ១និងលេខ២បានទេ។ចំណែកពេជ្រ សោភា ដែលធ្លាប់ច្រៀងរ៉េបជាមួយដេវីត នោះក៍យល់ឃើញថាវណ្ណដា និងដេវីតល្អដូចគ្នាដែរ តែនាងថាមិនហ៊ានថាអ្នកណាខ្លាំងជាងឡើយ។ថ្វីត្បិតតែមានការលើកឡើងពីអ្នកជំនាញសិល្បៈថារវាងវណ្ណដា និងដេវីត ពិបាកបែងចែក១ណាល្អជាងក្ដី ប៉ុន្ដែតាមអ្នករៀបចំប្រគុំតន្រ្ដីម្នាក់បង្ហើបថាតម្លៃខ្លួនរបស់វណ្ណដា និងដេវីត ខុសគ្នាឆ្ងាយ៕