ភ្នំពេញ៖ព្រាប សុវត្ថិ បានជួយលើកស្ទួយនាងតន់ ច័ន្ទសីម៉ា ឲ្យឡើងដល់កំពូលតាមរយៈការច្រៀងជាដៃគូជាមួយគ្នា ទោះជាសីម៉ា មានអាយុតិចជាងលោកដល់ទៅ២២ឆ្នាំ និងបទពិសោធន៍សិល្បៈក្រោមលោកជាង១០ឆ្នាំក្ដី។ប៉ុន្ដែការដែលព្រាប សុវត្ថិ ច្រៀងតែដៃគូជាមួយច័ន្ទសីម៉ា តែម្នាក់គត់រយៈពេលជាង២ឆ្នាំមកនេះគឺដោយសារតែGalaxy គ្មានតារាស្រីរូបណាតម្រូវឲ្យលោកផ្លាស់ប្ដូរឬឆ្លាស់គ្នាបាន ហេតុនេះហើយចង់មិនចង់លោកឧកញ៉ាវ័យ៤៧ឆ្នាំរូបនេះគ្មានជម្រើសផ្សេងឡើយ បន្ទាប់ពីធ្លាប់មានព័តមានថាផលិតកម្មថ្មីចាយលុយធំនេះចង់ទិញមាស សុខសោភា និពេជ្រ សោភា មកធ្វើជាសមាជិករបស់ខ្លួនតែតារាទាំងពីរមិនចាប់អារម្មណ៍។

យ៉ាងណាថ្មីៗនេះGalaxy បានយកតារាស្រីម្នាក់ទៀតមានសម្ថភាពមិនចាញ់នាងតន់ ច័ន្ទសីម៉ា នោះទេដែលម្នាក់នោះគឺជាស្រីស្រស់ហ៊ិន លីដា ហើយតាមបច្ចេកទេសច្រៀងរបស់លីដា នាងគូរតែមានឱកាសបានចាប់ដៃជាមួយលោកឧកញ៉ាសុវត្ថិ ដោយគ្មានសង្ស័យ។ប៉ុន្ដែគេនៅមិនទាន់ដឹងទេថាតើលោកឧកញ៉ាព្រាប សុវត្ថិ នឹងជួយស្រីក្មេងទី២ឲ្យល្បីល្បាញ១ដួងទៀតឬយ៉ាងណាព្រោះតាមព័តមានថាទោះជាលោកសុវតិ្ថ ជាប់កុងត្រានៅផលិតកម្មនេះជាង២ឆ្នាំទៀតមែន តែថៅកែផលិតកម្មគ្មានសិទ្ធិបង្ខំឲ្យលោកច្រៀងសម្ដែងនូវអ្វីដែលលោកមិនពេញចិត្តឡើយ។

ព្រាប សុវត្ថិ អំឡុងពេលនៅហង្សមាសលោកធ្លាប់ចាប់ដៃជាមួយតារាចម្រៀងស្រីមានដូចជាអ្នកនាងហ៊ឹម ស៊ីវន,ម៉េង កែវពេជ្ជតា,គឹម លក្ខិណ ,ពេជ្រ សោភា និងឱក សុគន្ធកញ្ញា ជាដើមដែលដៃគូទាំងនោះពិតជាសាកសមគ្នាជាមួយលោក។អ្វីដែលគូរឲ្យកត់សម្គាល់សម្រាប់តារាវ័យក្មេងបើទោះជាមិនបានច្រៀងជាដៃគូឬបានត្រឹមជាតារាសសម្ដែងជាមួយលោកសុវត្ថិ នោះក៍ពួកគេច្រើនតែល្បីឈ្មោះព្រោះឥទ្ធិពលរបស់លោកសុវត្ថិ ហៅស្នាយ ។តែតាំងពីរូបលោកបានប្ដូរទ្រនុំពីហង្សមាសទៅGalaxy ជាង២ឆ្នាំនេះមកលោកសុវត្ថិ លែងសែងមានសន្ទុះក្នុងសិល្បៈខ្លាំងក្លាដូចមុនទៀតហើយ ព្រោះបទចម្រៀងលោកមិនដូចមុន ប៉ុន្ដែអ្នកខ្លះទៀតថានោះមកពីលោកបន្ធូដៃក្រោយឡើងជាឧកញ៉ាជាង៧ខែមកនេះ។មហាជនបានលើកឡើងថាប្រសិនបើលោកសុវត្ថិ គ្មានអ្វីថ្មីនឹងប្លែកទេនោះច្បាស់ជា”រលកក្រោយ ច្រានរលកមុន” ជាមិនខាន៕

