ភ្នំពេញ៖នៅក្នុងពិភពសិល្បៈតារាស្រីស្អាតៗល្បីឈ្មោះច្រើនតែយកស្វាមីជាបុរសចំណាស់ ព្រោះចាស់សក់សសម្បូរលុយដុល្លារ និងខ្លះយល់ថាបុរសចំណាស់ចាស់ទុំទាំងចិត្តគំនិតដែលធ្វើឲ្យហានោភ័យនៃការប្រេះឆាស្នេហ៍មានភាគរយទាបជាងយកប្ដីប្រុសក្មេង។សម្រាប់ឆ្នាំ២០២២ នេះគេឃើញតារា២ដួងដែលអាចរក្សារស្នេហាជាមួយស្វាមីប្រុសក្មេង ខណៈតារា២ដួងទៀតត្រៀមការប្ដីក្មេង។
១៖គង់ សុជាតិៈអ្នកនាងគង់ សុជាតិ ក្រោយចែកផ្លូវគ្នាជាមួយអតីតស្វាមីលោកម៉ៅ សាលភាព នាងបានដឹកដៃលោកជា វិបុល រៀបការកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣ ពោលគឺចំណងស្នេហាថ្មីរក្សារបានជាង៩ឆ្នាំមកហើយដែលទទួលបានចំណងដៃកូនស្រី១ឈ្មោះជា សុជាតិនារី ហៅដូវី អាយុជាង៥ឆ្នាំ។សុជាតិ ជាពិធីការិនីម្នាក់ដែលមានទ្រព្យរាប់លានដុល្លារតែនាងមិនដែលចេះអួតអាងដូចគេឡើយ ហើយក្រោយបានស្វាមីក្មេងលោកវិបុល នេះនាងមានភាពកក់ក្ដៅបំផុតព្រោះលោកប្ដីថ្មីស្រលាញ់កូនៗនាងមុនដូចជាកូនបង្កើតរបស់លោកដែរ។ប៉ុន្ដែកាលពីពាក់កណ្ដាលឆ្នាំ២០២០ ចំណងស្នេហាសុជាតិ -វិបុល បានជួបភាពរង្គោះរង្គើរសឹងតែមិនអាចរក្សារបានក្រោយផ្ទុះរឿងលោកវិបុល បង្កាត់ភ្លើងស្នេហាជាមួយអ្នកនាងចាន់ កែវនិមល ។តែ”ក្រោយភ្លៀង មេឃស្រឡះ”ព្រោះពេលនេះសុជាតិ និងប្ដីបង្ហាញអារម្មណ៍ស្នេហ៍ស្រស់ថ្លាឡើងវិញហើយសុជាតិ ថែមទាំងចង់បំពេញបំណងស្វាមីដែលចង់បានកូនភ្លោះទៀតផង។

២៖ខាត់ សុឃីមៈតារាពហុជំនាញរូបនេះបានការពារស្នេហាមិនឲ្យប្រេះស្រាំជាមួយស្វាមីក្មេងលោកអ៊ិន សុបញ្ញា ហៅផាណូ រយៈពេល១០ឆ្នាំមកហើយ ក្រោយអ្នកទាំងពីរបានដឹកដៃគ្នារៀបការនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២២ និងទទួលបានចំណងដៃកូនស្រី១ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជិត១០ឆ្នាំ។សុឃីម ជានារីម្នាក់ដែលស្រី្ដជាច្រើនចាត់ទុកថានាង”កាច”ហេតុនេះហើយស្រីក្មេងៗ មិនហ៊ានស្និតឬឲ្យដៃប្ដីនាងឡើយ ខណៈដែលលោកផាណូ ក៍មិនដែលលេចឮថាមានស្រីក្រៅដែរ។យ៉ាងណាសុឃីម ដែលធ្លាប់ធ្លាក់ខ្លួនម្ដងកាលពីឆ្នាំចុងឆ្នាំ២០២១ ព្រោះតែចាញ់បោកឧកញ៉ាម្នាក់អស់លុយជិត១លានដុល្លារនោះពេលនេះទោះជានាងមានជីវភាពល្អប្រសើរឡើងវិញក្ដី តែនាងបានលុបចោលគម្រោងយកកូនទី២ជាមួយស្វាមីថ្មីនេះហើយដោយលើកហេតុផលថាបើយកកូនថែមទៀត ខ្លាចគ្មានពេលវេលាគ្រប់គ្រាន់អប់រំកូនឲ្យបានល្អ។

៣៖ប៉ាច គីមមួយៈតារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដែលស្ដាយស្នេហ៍នាងក្រោយពីអ្នកមេម៉ាយរូបស្រស់បានសម្រេចចិត្តប្រគល់បេះដូងទៅឲ្យប្រុសក្មេងលោកសយ រតនៈ ដោយភ្ជាប់ពាក្យកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ ។គីមមួយ ធ្លាប់និយាយត្រង់ៗថានាងមិនចាប់អារម្មណ៍ចង់បានប្ដីអាយុច្រើនជាងខ្លួននោះទេ ព្រោះស្រលាញ់តែក្មេង ហើយបើប្រុសអាយុចាប់ពី៤០ឆ្នាំឡើងនាងគ្មានអារម្មណ៍ឡើយ។ពេលនេះគោលដៅនាងចង់យកប្ដីក្មេងពិតជាបានដូចបំណងមែន ហើយតាមព័តមានថានាងនឹងរៀបការជាលើកទី២នៅឆ្នាំ២០២៣ ខាងមុខនេះហើយ។

៤៖ពេជ្រ សោភាៈអ្នកមេម៉ាយវ័យ៣៩ឆ្នាំរូបនេះបានបង្កភាពភ្ញាក់ផ្អើលពេញចង្កោមអ្នកក្នុងនិងក្រៅសិល្បៈព្រោះតែកាលពីថ្ងៃទី១១ខែ១១ ឆ្នាំ២០២២ នាងបានភ្ជាប់ពាក្យជាមួយប្រុសក្មេងលោកឆឹម សក្កដា ។សម្រាប់តារានៅហង្សមាសដែលរួមទ្រនុំជាមួយសោភា ពួកគេបានសើចនៅពេលឭរឿងនេះតែមិនប្រាប់ថាមកពីហេតុអ្វីទេ ខណៈដែលលោកសក្កដា ធ្លាប់មានដំណឹងថាលោកមានប្រុសតាមស្រលាញ់ច្រើនជាងស្រី្ដភេទ។សោភា មិនប្រាប់ថានាងទទួលបានថ្លៃទឹកដោះពីលោកសក្កដា ប៉ុន្មានម៉ឺនដុល្លារឡើយ តែតាមព័តមានថាពួកគេនឹងដឹកដៃគ្នាក្រាបផ្ទឹមនៅឆ្នាំ២០២៣ ខាងមុខនេះ៕
