ភ្នំពេញ៖តារាចម្រៀងកូន១សួស វីសា បានឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីជាបន្ដបន្ទាប់បើទោះជាមុននេះពេទ្យថៃចេញវេជ្ជបញ្ជារហាមនាងប្រើប្រាស់សម្លេងអំឡុងពេលដែលជំងឺបំពង់ករបស់នាងមិនទាន់បានជាសះស្បើយយ៉ាងណាក៍ដោយ តែវីសា មិនអាចពន្យាពេលច្រៀងរាំតទៅទៀតបាននោះទេ ក្រោយពីនាងខកខានកាន់ក្បាលមីក្រូអស់ជាង១ឆ្នាំមកនេះ។អ្វីដែលគូរឲ្យកត់សម្គាល់វីសា ថែមទាំងបង្ហាត់បង្រៀនស្វាមីនាងលោកថថមី ដែលជាតារាសម្ដែងនិងពិធីករម្នាក់នោះឲ្យចេះឡើងច្រៀងតាមឆាកតន្រ្ដីជាមួយនាងដែរហើយដែលនេះមិនខុសពីពាក្យថា”សំណាបយោងដី ស្រ្ដីយោងបុរស”ឡើយ។

សួស វីសា ដែលហៅប្ដីថា”កាប៉ាកឡាក”នោះនិយាយបែបលេងសើចថានាងមិនអាចឃាត់ស្វាមីនាងបានឡើយ ទើបឥឡូវគេឡើងជាតារាចម្រៀងទៅហើយ …។ដោយឡែក សម្រាប់Fan វិញបានខមិនថាឥឡូវIdol វិលមកវិញល្បីទាំងប្ដីទាំងប្រពន្ធហើយ…។ប៉ុន្ដែអ្នកគាំទ្រខ្លះបារម្ភពីវីសា ដែលនាងហ៊ានច្រៀងទាំងពេទ្យហាមនោះដោយពួកគេបានដាស់តឿននិងព្រមានតារាកូន១រូបនេះថាប្រយ័ត្នជំងឺលាប់ ដល់ពេលនេះ”ប្រាក់ក៍បង់ថង់ក៍ដាច”ហើយ។

សួស វីសា បានកើតជំងឺរលាកបំពង់កហើយនាងទៅព្យាបាលនិងពិនិត្យនៅពេទ្យថៃយ៉ាងទៀតទាត់ បើទោះជាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា នាងថានោះគឺជាការទៅជួបពេទ្យថ្ងៃចុងក្រោយក្ដី ប៉ុន្ដែពេទ្យបានឲ្យថ្នាំមកនាងលេបជាប្រចាំមានន័យថាជំងឺនាងមិនទាន់ជាសះស្បើយនោះទេ។ប៉ុន្ដែវីសា ដឹងថាពេលនេះសុខភាពបំពង់ករបស់នាងបានធូស្រាលជាងមុនទើបនាងសម្រេចចិត្តវិលមករកឆាកតន្រ្ដីឡើងវិញ ព្រោះក្នុងនាមនាងជាតារាចម្រៀងបើមិនឲ្យប្រើសម្លេង តើឲ្យនាងប្រើអ្វីទៅ?

សួស វីសា បានចាប់ដៃជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី រយៈពេលជាង៣ឆ្នាំមកហើយដែលពេលនេះនាងមានកូនស្រី១អាយុជាង២ឆ្នាំ នឹងមិនទាន់ត្រៀមខ្លួនពពោះកូនទី២ឡើយ។គូស្នេហ៍តារា១គូនេះមានជីវភាពធូធាខ្លាំងរស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើបៗ តែវីសា នៅមានក្ដីស្រម៉ៃធំ១ទៀតនោះគឺនាងចង់ជិះរថយន្ដលំដាប់សេដ្ឋីម៉ាក Rolls Royce ស្របពេលដែលអាជីពចម្រៀងនាងហាក់នៅទ្រឹងដូចតារាផ្សេងៗដែលមានប្ដីនិងកូនដែរ៕
