ភ្នំពេញ៖តារាសម្ដែងស៊ិចស៊ីសួង សាខារ៉ានីត បានបាត់ខ្លួនពីកម្មវិធីអ្នកសិល្បៈទើបតែមួយរយៈខ្លីសោះ ស្រាប់តែពេលនេះស្រីស្អាតបានក្លាយទៅជាម្ដាយរបស់គេទៅហើយក្រោយនាងសម្រាលបានកូនប្រុស១កាលពីពេលថ្មីៗនេះ។តើបុរសរូបណាទៅជាស្វាមីនិងឪពុករបស់សាខារ៉ានីត ?


ក្នុងជំនួបតាមទូរស័ព្ទនៅរសៀលថ្ងៃទី៨ ធ្នូនេះសួង សាខារ៉ានីត បានឲ្យដឹងថានាងពិតជាទទួលបានកូនប្រុស១មែនដែលពេលនេះកូននាងមានអាយុ១ខែកន្លះទៅហើយ។សាខារ៉ានីត បន្ថែមថាស្វាមីនាងជាបុរសមានវ័យជាង៥០ឆ្នាំ ហើយជាកូនចៅកាត់ចិននិងរកស៊ីផ្នែកគ្រឿងឡានដែលនាងទើបតែស្គាល់គ្នារយៈពេលខ្លីទេ តែចុះសម្រុងគ្នាល្អរហូតឈានមកដល់ការព្រមព្រៀងគ្នាយកកូននាពេលនេះតែម្ដង ព្រោះគិតថាអាយុនាងក៍ច្រើនដែរហើយអីចឹងបើបានកូនជារឿងល្អ។


ឆ្លើយតបសំណួរថាតើសួង សាខារ៉ានីត នឹងដឹកដៃស្វាមីចូលរោងការពេលកូនប្រុសអាយុប៉ុន្មានឆ្នាំនោះអ្នកសម្ដែងរូបស្រស់រូបនេះថាមិនទាន់អាចកំណត់អ្វីបានទាំងអស់ ព្រោះនៅលើក្រុមគ្រួសារទាំងសងខាងឯកភាពគ្នា។ដោយឡែកទាក់ទងការងារសិល្បៈវិញសាខារ៉ានីត បានឲ្យដឹងថានាងនឹងវិលវិញពេលរឹងដៃរឹងជើងឬមានសុខភាពជាប្រកតីវិញ ខណៈដែលមុនសម្រាលកូននេះនាងក៍បានជាប់កិច្ចសន្យាថតរឿងឲ្យផលិតកម្មមួយផងដែរ។


គេជឿរថារឿងស្ងាត់ៗសួង សាខារ៉ានីត មានកូន១បែបនេះប្រាកដជាធ្វើឲ្យបុរសដែលលួចស្នេហ៍នាងនាពេលកន្លងមកតែមិនហ៊ានសារភាពនោះប្រាកដជាខកចិត្តមិនស្ទើឡើយ ព្រោះថាពេលនេះតារាសាច់សខ្ចីរូបនេះមានម្ចាស់ចិត្តនិងកូន១បាត់។ប៉ុន្ដែការមានស្វាមីនិងកូន១នេះមិនអាចបញ្ចប់អាជីពសិល្បៈរបស់រ៉ានីត នោះទេ ព្រោះស្វាមីនាងមិនហាមឃាត់នាងលេងសិល្បៈឡើយ។


ក្រៅពីសួង សាខារ៉ានីត តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា,ខាត់ សុឃីម ,កែវ ពេជ្រពិសី,នៅ សុនិតា ,ផាត់ ផាន់ណា,ឌុច លីដា ,ពេជ្រ សូលីកា ,ឡោម លក្ខិណា និងសុន ស្រីពេជ្រ ជាដើម៕