Friday, January 31, 2025
Homeព័ត៌មានជាតិឡានទំនើបបើកតាមផ្លូវ ឆេះផ្អើល

ឡានទំនើបបើកតាមផ្លូវ ឆេះផ្អើល

ភ្នំពេញ ៖ បុរសម្នាក់ កំពុងបើកបររថយន្តស៊េរីទំនើបរបស់ខ្លួននៅតាមផ្លូវសុខៗ ស្រាប់តែមិនដឹងថាមានបញ្ហាអ្វី ក៏ស្រាប់តែឃើញមាន ផ្សែងហុយទ្រលោម ចេញពីកាប៊ីនរថយន្តផ្នែកខាងមុខ (គម្របម៉ាស៊ីន) បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងម្ចាស់រថយន្ត យកបំពង់ ពន្លត់អគ្គិភ័យមកបាញ់ទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចជិតស្តុបក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

រថយន្តដែលរងការឆាបឆេះខាងលើ ម៉ាក Escalade evs ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-1699 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពពីម្ចាស់រថយន្តបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តម៉ាក Escalade evs របស់គាត់ ធ្វើដំណើរតាម បណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ រថយន្តរបស់គាត់មិនដឹងថាមាន បញ្ហាអ្វីនោះទេ ក៍ស្រាប់តែហុយ ផ្សែងទ្រលោមចេញពីផ្នែកម៉ាស៊ីនខាងមុខតែម្តង ។

តាមប្រភពដដែល បានបន្តថា បន្ទាប់ពីឃើញរថយន្តហុយផ្សែងបែបនេះ រូបគាត់បានឈប់រថយន្ត រួចបើកដំបូលមុខរថយន្ត និងបានយក បំពង់ពន្លត់អគ្គិភ័យដែលទុកក្នុងរថយន្តស្រាប់មកធ្វើការបាញ់ពន្លត់អស់មួយបំពង់ ទើបធ្វើឱ្យរលត់ផ្សែងទៅវិញអស់។

ក្នុងហេតុការណ៍នេះដែរ មិនគ្រោះថ្នាក់ដល់មនុស្សឬរាលដាលអ្វីនោះទេ គឺគ្រាន់តែខូចខាតផ្នែកម៉ាស៊ីនខាងមុខតិចតួចតែប៉ុណ្ណោះ ខណៈដែលម្ចាស់រថយន្ត ក៏មិនអាចសន្និដ្ឋានថា រថយន្តរបស់គាត់ មានបញ្ហាអ្វីដែរ ទើបបើកបរសុខៗ បែរជាកើតមាន បញ្ហាហុយផ្សែងទ្រលោម បែបនេះ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកើតហេតុ និងសួរនាំរួច ក៍អោយម្ចាស់រថយន្តហៅរថយន្តស្ទូច មកអូសយកទៅការ៉ាស់ ដើម្បីអោយជាងឆែកមើល និងជួសជុល។/

RELATED ARTICLES