Friday, January 31, 2025
Homeព័ត៌មានជាតិប្អូនថ្លៃកាប់បងដាច់ដៃ គេចខ្លួន៤ឆ្នាំជាប់ខ្នោះ

ប្អូនថ្លៃកាប់បងដាច់ដៃ គេចខ្លួន៤ឆ្នាំជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់បុរសជាបងថ្លៃចំនួន២កាំបិត បណ្តាលឱ្យរយះក្បាល និងដាច់ដៃម្ខាង រងរបួសធ្ងន់ បន្ទាប់ មក ក៏បានរត់គេចបាត់ និងព្យាយាមសម្ងំលាក់ខ្លួនអស់រយៈពេល៤ឆ្នាំ ទើបត្រូវសមត្ថកិច្ចតាមរកមុខឃើញ ចាប់វាយខ្នោះនាំយកមកចាត់ការ តាមច្បាប់។

ករណីប្អូនប្រុសផឹកស្រវឹង កាប់បងថ្លៃដាច់ដៃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៤៣នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅត្រង់ចំណុចភូមិជប់គគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល។ រហូតមកដល់វេលាម៉ោង៩ និង១០នាទី ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ពោលគឺរយៈពេលប្រមាណ៤ឆ្នាំក្រោយមក ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ ចំណុចភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

ជនដៃដល់ ដែលកាប់បងថ្លៃដាច់ដៃ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះទិប ផាន់ អាយុ៤០ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតក្នុងភូមិទន្លេស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។ ចំណែកជនរងគ្រោះជាបងថ្លៃ មានឈ្មោះដែន សុផល អាយុ៤៤ឆ្នាំ មុខរបរជាទាហាន មានលំនៅក្នុងភូមិជប់គគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួសួក្បាល និងដាច់ដៃម្ខាង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២  សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះទិប ផាន់ តាមដីកាបង្គាប់របស់តុលាការដោយជាប់ចោទពីបទករណីបើ​ហ្រិង្សាដោយចេតនា (កាប់បងថ្លៃរបស់ខ្លួនបណ្តាល ឱ្យដាច់ដៃម្ខាង) រួចរត់គេចខ្លួនបាត់ស្រមោល ដោយការចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងនៅត្រង់ចំណុចភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយ អំពិល។

ប្រភពដដែលបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដឹកនាំប្រតិបត្តិការ ដោយលោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការរងទទួលផែន ការងារព្រហ្មទណ្ឌ និងអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន  លេខ០០៩ ដចប/២២  ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ចេញដោយលោកទ្រី សុភ័ត ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តឧត្តរមានជ័យ បង្គាប់ឱ្យចាប់ពិរុទ្ឋជនឈ្មោះ ទិព ផាន់ ពាក់ព័ន្ឋបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ ទោស  កាលពីអំឡុងថ្ងៃទី០៩ ខែតុលា  ឆ្នាំ២០១៨កន្លងទៅ ប្រព្រឹត្តនៅចំណុចអង់តែនសេវ៉ា ស្ថិតក្នុងភូមិជប់គគីខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល។

លោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ បានបញ្ជាក់ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ថា ក្រោយពេលចាប់ឃាត់ជនសង្ស័យបាន ហើយ កម្លាំងជំនាញនគរបាលស្រុកបាននាំខ្លួនមកសាកសួរនៅអធិការស្រុក និងធ្វើកំណត់ហេតុបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៧ និង៤៣នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ មានករណីអំពើហិង្សាដោយចេតនា មានស្ថាន ទម្ងន់ទោសមួយបានកើតឡើង នៅចំណុចភូមិជប់គគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ដោយបុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹក ស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើម ក្លែមសម្តីដាក់គ្នាចុះឡើងៗ ក៏ធ្វើឱ្យកើតជាជំលោះតឹងសរសៃកដាក់គ្នា រហូតដល់ភាគី ប្អូនថ្លៃទប់កំហឹងលែងបាន ក៏ទាញកាំបិតផ្គាក់ កាប់ប្រហារ បងថ្លៃចំនួន២កាំបិត បណ្តាលឱ្យរយះក្បាល និងដាច់ដៃម្ខាង រងរបួសធ្ងន់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ ដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បានអង្គុយផឹកស៊ីទាំងព្រឹកព្រលឹម ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ។ លុះក្រោយពីផឹកស្រវឹងជោកជាំ អ្នកទាំងពីរ ក៏ចាប់ផ្តើមក្លែមពាក្យសម្តីដាក់គ្នា ទៅវិញទៅមក រហូតក្លាយជាជំលោះតឹងសរសៃកដាក់គ្នា។

ប្រភពដដែលបន្តថា បន្ទាប់ពីទាស់សម្តីគ្នារួច ជនរងគ្រោះ ទំនងជាខ្ជិលមិនចង់មានរឿងវែងឆ្ងាយ ទើបដើរចេញ ស្រាប់តែភ្លាមនោះ ជនដៃដល់ជាប្អូនថ្លៃ បានស្ទុះទៅទាញកាំបិតផ្គាក់ កាប់ប្រហារទៅលើជនរងគ្រោះជាបងថ្លៃពីក្រោយ បណ្តាលឱ្យចំក្បាលផ្នែកខាងឆ្វេង១កាំបិត រួចកាប់បន្ថែមចំដៃខាងឆ្វេង បណ្តាលឱ្យដាច់ធ្លាក់ដល់ដី គួរឱ្យរន្ធត់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ចំណែកជនដៃដល់បានរត់គេចបាត់ស្រមោល ដោយសម្ងំលាក់ខ្លួនអស់រយៈពេល៤ឆ្នាំ ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវ​ចាប់ខ្លួនបាន កាលពីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ រួចបញ្ផូនទៅចាត់ការតាមច្បាប់តែម្តង។/

ប៊ុនថេត

RELATED ARTICLES