Friday, April 19, 2024
Homeបរិយាយបង្រៀនភេ ឱ្យហែលទឹក

បង្រៀនភេ ឱ្យហែលទឹក

ដោយ អាចារ្យថាំ

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) ក៏ដូចប្រធានគណបក្សតូចៗមួយចំនួន បានស្នើឱ្យលោកសម រង្ស៊ី មេប្រឆាំង ឈប់ធ្វើនយោបាយទៀតទៅ ព្រោះមិនដែលឃើញឈ្នះ ប៉ុន្តែសំណើនេះ មិនខុសពីមនុស្សមិនឆ្លាត បង្រៀនសត្វភេ ដែលខ្លួន ចិញ្ចឹមឱ្យចេះហែលទឹក។ នយោបាយ ជាថ្នាំញៀន មិនអាចបញ្ឈប់បានទេ ចំណែកអ្នករិះគន់ អ្នកស្នើឱ្យគេឈប់ ក៏ចូលចិត្ត តាមដាននយោបាយដែរ ទៅហាមគេយ៉ាងម៉េច? ដែល “នគរធំ” ក្តាប់បាន ក៏លើកពីសុភាសិត “បង្រៀនភេ ឱ្យហែលទឹក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ភេ” ជាសត្វចតុប្បាទមួយប្រភេទ រាងធំខាងក្រោយ រៀវតូចខាងមុខ ទំហំប៉ុនឆ្មា ឬធំជាងបន្តិច រោមខ្លី សម្បុរក្រមៅ រលើប វារស់នៅក្បែរមាត់ទឹកបឹង ស្ទឹង ទន្លេ ស៊ីត្រីជាអាហារ វាចេះហែលនិងមុជទឹកដេញចាប់ត្រីស្ទាត់ណាស់។ នៅក្នុង ប្រជុំរឿងព្រេងខ្មែរ បាននិយាយពីរឿងភេ ២ក្បាល ចូលហ៊ុនគ្នារកស៊ី ចាប់បានត្រីរ៉ស់ ១ក្បាល មកចែកគ្នាមិនដាច់ ព្រោះ ចង់បានតែខាងក្បាល រៀងខ្លួន ក៏នាំគ្នាយកត្រីនោះទៅប្តឹងខ្លាត្រី ជាចៅក្រម ឱ្យជួយកាត់ក្តី។ ខ្លាត្រីកំហូច យកជញ្ជីងត្រាជូ មកថ្លឹងត្រី ដែលកាត់ជាពីរនោះ បើខាងណាធ្ងន់ជាង ក៏ច្រឹបខាំស៊ីបន្តិចទៅ រួចដាក់ថ្លឹងដដែលៗ ស៊ីអស់សល់តែឆ្អឹង ក៏ឱ្យភេ ល្ងង់ចូលយកចំណែកខ្លួន បានត្រឹមខកចិត្ត ដែលមិនចេះសាមគ្គីគ្នា ចាញ់កលខ្លាត្រី នេះបើបរិយាយតាមអត្ថានុរូប ឬន័យត្រង់។

យោងតាមអត្ថាប្បដិរូប ឬន័យធៀប “ភេ” ប្រៀបបានទៅនឹងអ្នកនយោបាយដ៏ស្វិតស្វាញ ឬសំដៅដល់លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ទោះបីជាគាត់ចាញ់បក្សកាន់អំណាច រត់ចោលស្រុក ក៏នៅតែបន្តការ ប្រឆាំង មិនឈប់ឈរ។

មានអ្នកវិភាគខ្លះ ក៏ដូចប្រធានគណបក្សតូចៗមួយចំនួន រួមទាំងអ្នកគាំទ្របក្សកាន់អំណាច (CPP) ផងដែរ បានស្នើ ទៅលោកសម រង្ស៊ី “ឱ្យបញ្ឈប់នយោបាយអរិភាព” យកខ្មែរដូចគ្នាជាសត្រូវ ជាពិសេស មេប្រឆាំងនោះ វាយប្រហារសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្ងន់ៗណាស់។ ពួកគាត់បន្តុះបង្អាប់សម រង្ស៊ី ថា ធ្វើនយោបាយយូរៗទៅ ស្គាល់តែរឿងចាញ់ ក្លាយទៅជាទណ្ឌិតមួយជីវិត គ្រាន់តែលើកផែនការចូលស្រុក ប៉ុន្មានដងហើយ បោករហូត ប្រមូលតែលុយស្រោមសំបុត្រ៘

ការរិះគន់និងស្នើឱ្យមេប្រឆាំង បញ្ឈប់ការធ្វើនយោបាយនោះ មិនខុសពី “បង្រៀនភេ ឱ្យឈប់ហែលទឹក” តើភេនោះ ស្តាប់តាមឬទេ បើវារស់ដោយសារទឹក ស្ទឹង ទន្លេ ឬភេសមុទ្រ រស់ដោយសារទឹកប្រៃ។ ធម្មតានយោបាយ មិនខុសពីថ្នាំ ញៀននោះទេ បើខានជក់ ខានលេប វាច្បាស់ជារសេះរសោះ អស់កម្លាំង នៅមិនសុខ ដូច្នេះអ្នកនយោបាយ ទោះបីជាបាន ទៅរស់នៅកន្លែងសុខសុវត្ថិភាពយ៉ាងណា បើមិនបានធ្វើនយោបាយ គាត់នៅមិនសុខ។

មិនបាច់បង្រៀនភេ ឱ្យហែល ឬឱ្យឈប់ហែលទឹកនោះទេ ព្រោះអាសត្វនោះ បើមិនបានហែលទឹក ច្បាស់ជាក្រៀមស្បែក ស្ងួតរោមងាប់មិនខាន ទោះជាមានត្រីស៊ីក៏ដោយ។ នៅសួនសត្វភ្នំតាម៉ៅ កន្លែងចិញ្ចឹមសត្វភេ សុទ្ធតែមានអាងទឹកសម្រាប់ ភេ ចុះហែល និងមានអ្នកយកត្រីទៅលក់ សម្រាប់អ្នកទៅលេងសួនសត្វ ទិញយកទៅឱ្យសត្វភេទាំងនោះស៊ី។ ទោះជាកូន ភេ ប៉ុនកដៃ ក៏វាចេះហែលទឹកដែរ និងអត់ទឹកមិនបាន បើអ្នកចិញ្ចឹម មិនប្រយ័ត្ន អាងទឹកធ្លុះធ្លាយ ទឹកហូរចេញអស់ សត្វភេ នឹងងាប់អស់មិនខានឡើយ។

ឆាកជីវិតលោកសម រង្ស៊ី ប្រៀបបាននឹង “ភេឈ្មោលមេហ្វូង” ក្នុងចំណោមសត្វភេ រាប់រយពាន់ក្បាល នៅឆ្នេរទន្លេ។ គ្មានគ្រូអាចារ្យ ឬគ្រូមន្តអាគមណា អាចសូត្រផ្លុំឱ្យមេហ្វូងភេនោះ ឈប់ហែលទឹកបានឡើយ ហើយបើមេហ្វូង ចុះទឹក កូនចៅ ភេ ក៏ហែហមទៅជាមួយ ជួយកៀងត្រីឱ្យមេហ្វូងចាប់បាន។

អ្នកនយោបាយដ៏ស្វិតស្វាញនេះ ជាប់ពូជពីជីតា និងឪពុក ជាអ្នកនយោបាយសម័យបារាំង និងសង្គមរាស្ត្រនិយម ដូច្នេះផ្លូវនយោបាយសម្រាប់លោកសម រង្ស៊ី ទាល់តែគាត់អស់អាយុសង្ខារ ទើបចប់។

លោកសឺង ង៉ុកថាញ់ ជាអ្នកនយោបាយស្វិតស្វាញបំផុត គាត់បង្កើត “ចលនាខ្មែរសេរី” ប្រឆាំងនយោបាយសម្តេច ព្រះ-នរោត្តម សីហនុ។ ទោះបីជាអ្នកគាំទ្រសម្តេចឪ ជេរប្រទេច និងសុំឱ្យលោកសឺង ង៉ុកថាញ់ បញ្ឈប់ការធ្វើនយោបាយយ៉ាងណា ក៏អត់បានការអីដែរ រហូតដល់មានរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម ថ្ងៃ ១៨ មីនា ១៩៧០ ទើបមេខ្មែរសេរីរូបនេះ វិលចូល ស្រុក បានកៅអីនាយករដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋខ្មែរ។

លោកមហាធៀរ មហាម៉េដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទោះបីជាបច្ចុប្បន្នមានអាយុ៩៧ឆ្នាំ ក៏លោកនៅតែញៀន នយោបាយ បានឈរឈ្មោះបោះឆ្នោតជាថ្មី ប៉ុន្តែដោយសារលោកចាញ់ឆ្នោតនៅស្រុកកំណើត ទើបមិនបានធ្វើនាយករដ្ឋមន្ត្រី ដែលកៅអីកំពូលអំណាចនេះ ធ្លាក់ទៅលោកអានវ៉ា អ៊ីប្រាហ៊ីម មេប្រឆាំងដ៏ស្វិតស្វាញ។

អ៊ីចឹង “ធ្វើយ៉ាងណាឱ្យលោកសម រង្ស៊ី ឈប់ធ្វើនយោបាយ?” ជាចម្លើយប្រាកដនិយម ទាល់តែអ្នកស្នើហ្នឹង ឈប់ធ្វើ នយោបាយដែរ ឬឈប់រវីរវល់តាមដាននយោបាយ។ ប្រធានគណបក្សតូចមួយនោះ បានលើកឡើងថា “លោកសម រង្ស៊ី ត្រូវតែ បញ្ឈប់នយោបាយអរិភាព យកខ្មែរដូចគ្នាជាសត្រូវ” ដែលការលើកឡើងនេះ មិនខុសទេ ប៉ុន្តែបើអ្នកស្នើនោះជាប្រធានបក្ស មានន័យថា គាត់ធ្វើនយោបាយដែរ។ ចំណែកអ្នកគាំទ្រ CPP ក៏ដូចមន្ត្រី CPP ខ្លះ ទាមទារឱ្យមេប្រឆាំង ឈប់ដៀមដាមអ្នក- ដឹកនាំប្រទេស និងជាន់ពន្លិចប្រទេសខ្លួន លុះត្រាតែអ្នកស្នើនោះឈប់ជេរ ឈប់ដាក់បណ្តាសា ទើបប្រដៅគេស្តាប់ខ្លះ។

បើខ្លួនយើងធ្វើនយោបាយ តាមដាននយោបាយ ទៅហាមគេមិនឱ្យធ្វើនយោបាយ ទៅអត់រួចទេ លុះត្រាតែតាំងខ្លួន “អព្យា-ក្រឹត” ដូចករណីព្រះសម្មាសម្ពុទ្ធ បរមគ្រូ យាងទៅឃាត់ជម្លោះដណ្តើមទឹកស្ទឹងគ្នា នៅចន្លោះព្រំប្រទល់ដែនរវាង នគរទេវទហៈ និងនគរសក្កៈ។ ស្តេចទាំងពីរអង្គនោះ សុទ្ធតែជាប់ព្រះញាតិវង្សខាងព្រះបិតា និងខាងព្រះមាតា របស់ព្រះពុទ្ធ ចំណែកព្រះពុទ្ធ ជា “បុគ្គលអព្យាក្រឹត” មិនលម្អៀងខាងណា ក៏អាចឃាត់ជម្លោះនោះ មិនឱ្យផ្ទុះជាសង្គ្រាមបាន។

អ៊ីចឹងបើចង់ឃាត់ជម្លោះរវាងមេប្រឆាំង និងថ្នាក់ដឹកនាំប្រទេស លុះត្រាតែអ្នកឃាត់ ជាបុគ្គលអព្យាក្រឹត ដែលពិបាករក បំផុត ព្រោះសព្វថ្ងៃ សូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏មិនប្រាកដថា អព្យាក្រឹតនោះដែរ។

នយោបាយ ឈប់ងាយៗឯណាបាន? ព្រោះបើឈ្នះ នឹងបានអំណាច បើបានអំណាច ក៏បានឱបក្តាប់ថវិកាជាតិ ចាត់ចែង ចាយវាយតាមចិត្ត តែបើចាញ់ក៏រត់យោងអាត្មាឱ្យរួចពីសេចក្តីស្លាប់ ប៉ុន្តែមិនព្រមលើកទង់សនោះទេ។ អ្នកបង្រៀនអ្នកជក់ បារី ឱ្យឈប់ជក់ បង្រៀនស្វា ឱ្យឈប់ឡើងដើមឈើ ក៏មិនខុសពីបង្រៀនភេ ឱ្យឈប់ហែលទឹក។ មកពីអ្នកស្នើនោះ ញៀននយោបាយ ដែរ ទៅស្នើមេប្រឆាំងយ៉ាងម៉េចបាន ប៉ុន្តែនយោបាយគាត់នឹងចប់ ចៀសអត់រួចទេ នៅពេលអស់ព្រេងសំណាង ពីលើភព ផែនដីនេះ។

សរុបទៅ “បង្រៀនភេ ឱ្យហែលទឹក” ចង់ផ្តោតទៅលើប្រធានគណបក្សតូចៗ ក៏ដូចមន្ត្រី ជភភ ដែលស្នើមេប្រឆាំង សម រង្ស៊ី ឱ្យបញ្ឈប់នយោបាយ ព្រោះគាត់ចាញ់ហៅលែងឮទៅហើយ។ ទោះជាចាញ់បោសគូទ ក៏អ្នកលេងអាប៉ោង អាចទៅលួច មាន់អ្នកជិតខាង ទៅលក់ បានលុយ លេងទៀត កុំឆ្ងល់ពេក…៕

RELATED ARTICLES