ខេត្តកំពត ៖ បន្ទាប់ពីតារាសម្តែងស្រី រូបស្រស់សិចស៊ី កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស បានចោទប្រកាន់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត ថាបានឆាតញ៉ែនាង តាមប្រព័ន្ធតេឡេក្រាម (Telegram) ដោយប្រើពាក្យសម្តីអសុរោះ មើលងាយនាង ដូចស្រីខូចនោះមក លោក ស្នងការ មៅ ច័ន្ទមធុរិទ្ធិ បានសម្តែងនូវប្រតិ- កម្មភ្លាមៗ ដោយលោកបានបដិសេធថា គណនី តេឡេក្រាម ដែលឆាតទៅកញ្ញា រ៉ូស នោះ មិនមែនជាគណនីរបស់លោកទេ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២២ កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស តាមរយៈគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ឈ្មោះ «An Na Rose» បាន បង្ហោះរូបថតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត និង រូបគណនីតេឡេក្រាម ព្រមទាំងសារឆ្លើយឆ្លង ផងដែរ ជាមួយសំណេរថា “ខ្ញុំមិនមែនស្រី សំផឹង ឬស្រីខូច ឬស្រីលក់ខ្លួនទេ ហើយខ្ញុំ មិនដែលស្គាល់អ្នកឯងទេ សុខៗឆាតមក ញ៉ែខ្ញុំ តាម Telegram ហើយនិយាយ ប្រើ ពាក្យមិនសមរម្យដាក់ខ្ញុំ។ មនុស្សម្នាក់ៗ កើតមក មានតម្លៃនិងកិត្តិយសរៀងៗខ្លួន អ្នកឯងមានកូនស្រីទេ បើគេឆាតអ៊ីចឹងទៅ កូនស្រីអ្នកឯង តើអ្នកឯងមានអារម្មណ៍ បែបណា? ថោកទាបគ្មានលេខដាក់ ហេតុអី ក៏មើលងាយគេបែបនេះ?…”។
បន្ទាប់មក នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កញ្ញា រ៉ូស បានសរសេរបន្ថែមថា “ខ្ញុំមិនមែនស្រីរកស៊ី ស្រីសំផឹង ឬស្រីខូចទេ សំខាន់អ្នកឯងឆាត មកបែបមើលងាយជាន់ឈ្លីកិត្តិយសខ្ញុំ ហើយ ក៏ខ្ញុំមិនខ្វល់ថាអ្នកឯងជាអ្នកណាដែរ ព្រោះ ខ្ញុំមិនដែលស្គាល់អ្នកឯង សំខាន់ខ្ញុំគឺជាមនុស្ស ស្រី ខ្ញុំក៏មានតម្លៃនិងកិត្តិយសរបស់ខ្ញុំដែរ ហេតុអីក៏មើលងាយខ្ញុំដល់ថ្នាក់នេះ ខ្ញុំឈឺ ចាប់ណាស់ ជីវិតមួយនេះ គេចាំតែមើលងាយ ជាន់ពន្លិច ខ្ញុំហត់ណាស់…”។
បន្ទាប់ពីបានឃើញរូបភាព និងសំណេរ របស់ស្រីស្អាត រ៉ូស ខាងលើនេះ លោកឧត្តម- សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរ-បាលខេត្តកំពត បានសម្តែងប្រតិកម្មឆ្លើយតប ភ្លាមៗ ដោយលោកស្នងការ បានបដិសេធ ថា លោកមិនដែលស្គាល់កញ្ញារ៉ូស ពីមុនមក ទេ ហើយក៏មិនបានឆាតទៅកញ្ញា តាម តេឡេក្រាមដែរ។ លោកស្នងការ បញ្ជាក់ថា លេខតេឡេក្រាម ដែលកញ្ញារ៉ូស យកមក បង្ហោះនោះ មិនមែនជាលេខទូរស័ព្ទរបស់ លោកទេ គឺមានជនអនាមិក បានយករូបថត របស់លោក ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីឆាតទៅកញ្ញារ៉ូស ឬទៅអ្នកដទៃទៀត ក្នុងគោលបំណងអាក្រក់ណាមួយ។ លោក ស្នងការ បានបដិសេធទាំងស្រុងចំពោះករណី នេះ និងសំណូមពរកញ្ញារ៉ូស លុបសារដែល កញ្ញាបានសរសេរនៅក្នុងហ្វេសប៊ុក របស់ កញ្ញា ដើម្បីចៀសវាងការយល់ច្រឡំណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោក។
លោកម៉ៅ ច័ន្ទមធុរិទ្ធិ បានបញ្ជាក់ទៅ កាន់កញ្ញា រ៉ូស នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២ ថា “សូមជម្រាបទៅកញ្ញា An Na Rose ខ្ញុំមិនដែលស្គាល់កញ្ញា ពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញា តាម Telegram ដែរ ហើយលេខខាងលើនោះ មិនមែន ជាលេខទូរស័ព្ទរបស់ខ្ញុំដែរ។ មានជនអនាមិក បានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បី ឆាតទៅកញ្ញា ឬទៅអ្នកដទៃផ្សេងទៀត ក្នុងគោលបំណងអាក្រក់ណាមួយ។ ខ្ញុំសូម បដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែល បានកើតឡើង ចំពោះលេខទូរស័ព្ទខាងលើ ដែលយករូបខ្ញុំទៅបង្កើតជា Telegram និង សូមឱ្យកញ្ញា An Na Rose លុបសារដែល កញ្ញាបានសរសេរនៅក្នុង Facebook របស់ កញ្ញាចេញ ចៀសវាងការយល់ច្រឡំណាមួយ មកលើរូបខ្ញុំ និងធ្វើឱ្យប៉ះពាល់មកលើកិត្តិ-យសរបស់ខ្ញុំ”។
ជាការឆ្លើយតប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២ កញ្ញារ៉ូស បានអភ័យទោសចំពោះ លោកស្នងការ ដែលនាងបានយករូបថតរបស់ លោក ទៅបង្ហោះ ដោយសារតែនាងមិន ដែលស្គាល់លោកស្នងការ ហើយមានជន ខិលខូចបានយករូបរបស់លោកស្នងការ ដាក់ ក្នុងគណនីតេឡេក្រាម ហើយឆាតមកនិយាយ ពាក្យមិនសមរម្យលើនាង។
កញ្ញា រ៉ូស បានសរសេរក្នុងគណនីហ្វេសប៊ុក របស់នាងថា “នាងខ្ញុំសូមលុបរូបដែល ខ្ញុំបានបង្ហោះពីម្សិលមិញ ដោយសារតែនាងខ្ញុំ មិនដឹងថា រូបហ្នឹងជារូបរបស់ស្នងការខេត្ត កំពត ហើយមានជនខិលខូច យករូបគាត់ ដាក់ក្នុង Profile Telegram ហើយឆាតមក និយាយពាក្យមិនសមរម្យលើនាងខ្ញុំ ទើប នាងខ្ញុំយកឆាតហ្នឹងទៅផុស។ នាងខ្ញុំសូម អភ័យទោសចំពោះលោកស្នងការខេត្តកំពត ផង ដែលបានយករូបលោកទៅបង្ហោះ ដោយ- សារតែខ្ញុំមិនដែលស្គាល់លោក។ នាងខ្ញុំសង្ឃឹម ថា លោកស្នងការ អភ័យទោសដល់នាងខ្ញុំ។ នាងខ្ញុំសូមគោរពជូនពរលោកស្នងការព្រម ទាំងក្រុមគ្រួសារ ឱ្យទទួលបានសុខភាពល្អ បរិបូណ៌កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ និងទទួល បានជោគជ័យគ្រប់ភារកិច្ច”។
ជុំវិញករណីខាងលើនេះដែរ ស្នងការ ដ្ឋានគរបាលខេត្តកំពត បានបញ្ជាក់នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នោះដែរថា “សូម សាធារណជនមេត្តាជ្រាប គណនីតេឡេក្រាម ដែលឆាតទៅកញ្ញា Rose មិនមែនជាគណនី របស់លោកស្នងការខេត្តកំពត ទេ។ កញ្ញា Rose ក៏បានលុប post នោះរួចហើយដែរ ហើយមន្ត្រីជំនាញយើងខ្ញុំ កំពុងស្រាវជ្រាវ ស្វែងរកជនអនាមិកនោះ មកទទួលខុសត្រូវ ក្នុងរឿងនេះ’៕ ខៀវទុំ