ដោយ អាចារ្យថាំ
សម្រាប់អ្នកនិយមកីឡា ឃើញការប្រកួតកីឡាបាល់ទាត់ ឬកីឡាប្រដាល់ គ្មានការសងសឹកគ្នា ក៏ចង់ឱ្យអ្នកនយោបាយ យកគំរូតាមកីឡា ប៉ុន្តែវាមិនអាចទៅរួច។ អ្នកនយោបាយ ចូលចិត្តប្រើល្បិចប៉ែងជើងគ្នា ប៉ុន្តែកីឡាបាល់ទាត់ បើហ៊ានប៉ែង ជើងគេ ដណ្តើមបាល់ នឹងត្រូវពិន័យកាតក្រហម។ ទីណាមាននយោបាយឡើងកម្តៅ ទីនោះតែងមានអំពើហិង្សា ផារុសវាទ ចៀសមិនរួច ផ្ទុយពីទីណាមានកីឡា ទីនោះមិត្តភាពក៏កើតឡើងជាងមុន ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “នយោបាយ មិនមែនកីឡា” មកធ្វើជាប្រធានបទបរិយាយថ្ងៃនេះ…។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានផុសសំណេរតាមហ្វេសប៊ុក ថា “អបអរសាទរក្រុមបាល់ទាត់អាហ្សង់ទីន ដែលទទួលបាន World Cup 2022។ សូមសរសើរស្មារតីភាពជាកីឡាកររបស់ក្រុមនេះ។ សូមអបអរក្រុមបារាំង ដែលបានទទួលចំណាត់-ថ្នាក់លេខ២ ផងដែរ… នេះជាគោលការណ៍និងគុណតម្លៃដ៏ប្រពៃមួយនៅក្នុងកីឡា ប្រសិនបើការប្រកួតប្រជែងនយោបាយ ប្រកាន់គោលការណ៍និងគុណតម្លៃដូចកីឡា ពិភពលោកនឹងស្រស់បំព្រង”។
សំណេរនេះ យើងអាចយល់បានថា លោកបណ្ឌិត ប៉ា ចន្ទរឿន មើលឃើញពីសកម្មភាពអ្នកនយោបាយខ្មែរ មិនយកគំរូ តាមកីឡា ទើបលោកផុសក្នុងន័យពញ្ញាក់ស្មារតីបែបនេះ។ ជាការពិតហើយ ធម្មតាកីឡាករបាល់ទាត់ ទោះបីជាប៉ះទង្គិចគ្នា ដួលច្រងាប់ច្រងិល ក៏គេអត់ប្រកាន់ដែរ ឯអ្នកលេងចាញ់ ក៏មិនខឹងគូប្រជែងនោះដែរ តែ “គេខឹងខ្លួនឯងដែលភ្លាត់ស្នៀត ទាត់ចាញ់គេ”។ យើងឃើញហើយ កីឡាករបារាំងម្នាក់ ខឹងនឹងខ្លួនឯងទាត់ចាញ់អាហ្សង់ទីន ក៏ទម្លាក់អង្គុយសម្រក់ទឹកភ្នែក រហូតដល់ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ចុះពីវេទិកាទស្សនាបាល់ទាត់ ទៅលួងលោម អង្អែលក្បាល ទើបកីឡាករនោះក្រោកដើរទាំងមុខស្ងួត។ បារាំង ជាប់លេខ២ ចំណែកអាហ្សង់ទីន ដែលទាត់ស្មើ ៣=៣ តែឈ្នះដោយការ ស៊ុតប៉េណាល់ទី (Pénalty) ៤-២ ក៏មិនឌឺដង ចំអកឡកឡឺយឱ្យអ្នកចាញ់នោះដែរ នេះហើយក្រឹត្យក្រមកីឡាបាល់ទាត់។ រីឯកីឡាករប្រដាល់ ក៏អ្នកវ៉ៃចាញ់ មិនចងកំហឹងនឹងអ្នកឈ្នះនោះដែរ ខណៈដែលអ្នកឈ្នះស្រវាឱប អង្អែលខ្នង សុំទោស និងជួយលើកទឹកចិត្តអ្នកចាញ់ ឱ្យប្រឹងប្រែងហ្វឹកហាត់ថែមទៀត។
ផ្ទុយទៅវិញ “នយោបាយ មិនមែនកីឡា” សម្រាប់កម្ពុជា ដែលទើបកកើតប្រជាធិបតេយ្យខ្ចីវស្សា។ ប្រជាធិបតេយ្យ នៅខ្ចីបែបនេះ កម្រមានអ្នកនយោបាយណាយកគំរូតាមកីឡាណាស់ ដោយឃើញតែ “អ្នកចាញ់ឡាំប៉ា ឯអ្នកឈ្នះពេបមាត់ ចំអក” ដែលជាទម្លាប់ដ៏អាក្រក់ ដុះស្នឹមក្អែលយ៉ាងក្រាស់ក្នុងសង្គម។
យើងឃើញហើយ កាលបោះឆ្នោតអាណត្តិទី១ ហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត ក៏នាំគ្នាស្រែកហ៊ោចំអកឱ្យគណបក្សប្រជាជន កម្ពុជា (CPP) ដែលចាញ់ ហើយត្រូវ CPP ឆ្លើយតបវិញ រហូតដល់សម្តេចឪ ព្រះបរមរតនកោដ្ឋ ស្នើរូបមន្ត បង្កើតរដ្ឋាភិបាល ចម្រុះ មាននាយករដ្ឋមន្ត្រី២រូប ដែលខ្មែរក្រហម ដាក់ឈ្មោះថា “រដ្ឋាភិបាលក្បាល២” ទើបស្ងប់ជម្លោះនយោបាយ មួយរយៈ។ ធ្វើការចូលគ្នាមិនទាន់បាន ១អាណត្តិផង ស្រាប់តែផ្ទុះសង្គ្រាមមួយចម្អិនកំពឹស ថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧ បាញ់គ្នា មាន ស្លាប់រស់ រញ៉េរញ៉ៃសម្បើមណាស់… ទីក្រុងសម្បូរកាំភ្លើង!…។
បោះឆ្នោតអាណត្តិទី៥ គណបក្សសង្គ្រោះជាតិ (CNRP) ដេញតាម CPP ប្រកៀកប្រកិត ក៏នៅតែឡាំប៉ា កើតទុក្ខមិន សុខចិត្ត នាំគ្នាធ្វើបាតុកម្មគគ្រឹកគគ្រេង ហែក្បួនតាមដងផ្លូវ និងទៅដេកត្រាំត្រែងនៅទីលានប្រជាធិបតេយ្យ រហូតដល់អ្នក ឈ្នះបង្ក្រាប ទើបស្ងប់រលត់។
ចំណុចនេះ បង្ហាញថា អ្នកនយោបាយខ្មែរ មិនមែនអ្នកកីឡានោះទេ ព្រោះ “អ្នកចាញ់ឡាំប៉ា ឯអ្នកឈ្នះឌឺដងឱ្យ” ក៏ កើតជាគំនុំសងសឹក។ ធម្មតាអ្នកចង់ឈ្នះ ឬកំពុងកាន់អំណាច អត់ចង់ឱ្យអំណាចរបូតពីដៃទេ ចាំបាច់ត្រូវតែយក “យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ” មកអនុវត្ត។ យុទ្ធសាស្ត្រនោះ “នគរធំ” ធ្លាប់សរសេរជារឿយៗ រួមមាន “ការញុះញង់បំបែក១ ការចែករំលែក អំណាច១ ការផ្សះផ្សាបង្រួបបង្រួម១ ការផ្តន្ទាទោស១”។
កន្លងមកបក្សកាន់អំណាច ដែលគ្រប់គ្រងប្រទេស តាំងពីឆ្នាំ១៩៧៩ មកនោះ គឺមកពីប្រើយុទ្ធសាស្ត្រ ៤យ៉ាងនេះ មិន អាចខ្វះបានឡើយ ជាហេតុនាំឱ្យពួកប្រឆាំង ទាល់ច្រកជាបន្តបន្ទាប់ ចាប់តាំងពីហ៊្វុនស៊ិនប៉ិច ម៉ូលីណាកា សឺន សាន អ៊ិន តាំ រហូតដល់សម រង្ស៊ី កឹម សុខា ដាក់វេនគ្នាចាញ់រហូតមកដល់ពេលនេះ។
បណ្ឌិត ប៉ា ចន្ទរឿន ដែលលើកឡើងថា “អ្នកនយោបាយ គួរយកគំរូតាមកីឡា” នោះ មិនខុសអ្វីទេ សូម្បីតែ “នគរធំ” ក៏ធ្លាប់បរិយាយជារឿយៗដែរ ដោយស្នើអ្នកនយោបាយខ្មែរ ទាំងស្រប ទាំងប្រឆាំង “ឱ្យលះបង់អស្មិមានះ” ចេះយោគយល់ គ្នា ពោលគឺអ្នកឈ្នះ ត្រូវសំងំស្ងៀម កុំចំអកឱ្យគេ ព្រោះថាអ្នកចាញ់ កំពុងខឹង បើអ្នកឈ្នះ ចេះតែឌឺឱ្យគេ ដូចយក “សាំងជះ លើភ្លើង” បើអ្នកឈ្នះ ក្លាយជាទឹក តើភ្លើងឆេះស្អីកើត ប៉ុន្តែអ្នកថាបានតែថា គេមិនស្តាប់។ បក្សកាន់អំណាច យកប្រៀបលើ បក្សប្រឆាំងរហូត ដោយសារយុទ្ធសាស្ត្រ ៤យ៉ាងនោះ ប៉ុន្តែ ពួកប្រឆាំង ក៏មិនសុខចិត្តចុះចាញ់ដោយសន្តិវិធី កើតទៅជាការ ជេរប្រទេចគ្នា ផ្តល់គំរូអាក្រក់ដល់ខ្មែរស្រករក្រោយ។
CPP ដែលអាចយកឈ្នះគ្រប់អាណត្តិ ក៏ដោយសារ “ចេះថ្នមចិត្តរាស្ត្រ” ប៉ុន្តែបើមិនជឿសាកមើលចុះ ដោយឈប់ចែក អំណោយ បណ្តែតបណ្តោយឱ្យផ្លូវគមនាគមន៍ក្រហេងក្រហូង អំពើពុករលួយ បក្ខពួក គ្រួសារនិយម យ៉ាងពេញបន្ទុកនោះ ដល់ពេលបោះឆ្នោត នឹងមានបញ្ហាមិនខាន។ នយោបាយត្រូវយកចិត្តរាស្ត្រជារៀងរហូត ខុសពីកីឡា អត់ប្រមូលរាស្ត្រមក គាំទ្រនោះទេ ប៉ុន្តែនៅពេលមានការប្រកួតបាល់ទាត់ពិភពលោក មិនខ្វះទេ ពលរដ្ឋដែលជិះយន្តហោះទៅទស្សនា និងរង់ចាំ ស្រែកគាំទ្រកីឡាករប្រទេសខ្លួន។
កីឡាករប្រឹងហ្វឹកហាត់តែមុនពេលប្រកួត លុះប្រកួតចប់ គេនាំគ្នាដើរលេងសប្បាយ ស៊ីចាយប្រាក់រង្វាន់។ ផ្ទុយទៅវិញ នយោបាយ អ្នកឈ្នះឆ្នោត ត្រូវតែបន្តយកចិត្តរាស្ត្រ អភិវឌ្ឍន៍កាន់តែខ្លាំង ចុះប្រឡូកការងារកាន់តែក្តៅ ពុំមែនឈ្នះឆ្នោត រួច នាំប្រពន្ធឬសង្សារទៅលេងបរទេស ដូចកីឡាករនោះទេ។
ដូច្នេះយើងឃើញថា “នយោបាយ មិនមែនកីឡា” ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋភាគច្រើន ចង់បាននោះ នៅត្រង់ “បង្រួប-បង្រួមជាតិ”។ CPP ដែលឈ្នះឆ្នោត បើសិនជាអាចរកគន្លឹះយ៉ាងណា អូសទាញបានអ្នកប្រឆាំងរឹងរូសឱ្យចុះចូល ជារឿងល្អ បំផុត។ CPP អាចផាត់ចោលលោកសម រង្ស៊ី តែម្នាក់បានហើយ តែកុំផាត់សហការី សម រង្ស៊ី អត់ចំណេញទេ។ កីឡាករ លេងខូច ប៉ែងជើងគេដណ្តើមបាល់ ត្រូវពិន័យកាតក្រហម ឬឈប់ឱ្យប្រកួតទៀតទៅ ប៉ុន្តែគេមិនអាចផាត់ចោលកីឡាករ ឯទៀតបានឡើយ។
សរុបទៅ “នយោបាយ មិនមែនកីឡា” ក៏ពិតមែន ប៉ុន្តែគួរយកកីឡាមកធ្វើគំរូ ទើបល្អ។ បណ្ឌិត ប៉ា ចន្ទរឿន លើកឡើង ស្របតាមទស្សនៈ “នគរធំ” ដែលធ្លាប់សរសេរពីមុនរួចមកហើយ ជាពិសេស ចង់ឱ្យអ្នកនយោបាយ អ្នកបម្រើនយោបាយ និងអ្នកគាំទ្រនយោបាយ “កុំយកវប្បធម៌ជេរមកប្រើ” តែដូចចាក់ទឹកលើក្បាលទា…ប្រឹងជេរបានលុយ!…’៕