Monday, December 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រធានសិទ្ធិមនុស្ស ថ្កោលទោសថៃ ឈ្លានពានកម្ពុជា បំផ្លាញសន្តិភាព

ប្រធានសិទ្ធិមនុស្ស ថ្កោលទោសថៃ ឈ្លានពានកម្ពុជា បំផ្លាញសន្តិភាព

ភ្នំពេញ ៖ ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទង្វើរបស់រដ្ឋាភិបាលនិងទាហានថៃ ក្នុងការបន្តបង្កសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា ថាគឺជាការបំផ្លាញសន្តិភាព ការរំលោភសិទ្ធិមនុស្ស និងបំផ្លាញតម្លៃស្នូលរបស់អាស៊ាន « ចក្ខុវិស័យតែមួយ អត្តសញ្ញា ណតែមួយ និងសហគមន៍តែមួយ»។

ការចេញសេចក្តីថ្លែងការណ៍ របស់ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសទង្វើរបស់រដ្ឋាភិបាល និងទាហានថៃ នេះ បានធ្វើឡើងបន្ទាប់ពីទាហានថៃ បានបន្តបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅ ក្នុងតំបន់អានសេះ ខេត្តព្រះវិហារ និងនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយប្រើប្រាស់រថក្រោះ បាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចម្ការចេក តាំងពីរសៀលថ្ងៃទី៧​ ខែធ្នូ ឆ្នាំ២០ ២៥ មក ដែលបង្ហាញយ៉ាងច្បាស់ថា ភាគីថៃ បានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥  ដែលចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ស្តីពីការបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃ មកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មានខ្លឹមសារទាំងស្រុងថា «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកងកម្លាំងយោធាថៃ បានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមបណ្តាញសារព័ត៌មានអន្តរជាតិ ធំៗ ជាអាទិ៍ CNN, BBC, Al Jazeera, Reuters, និង The Guardian កងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារ ជាច្រើនលើក លើកងកម្លាំងកម្ពុជា និងលើតំបន់សហគមន៍ពលរដ្ឋ។ ការវាយប្រហារដ៏សាហាវរបស់យោធាថៃ នេះ បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់និងរបួសធ្ងន់ ជាច្រើននាក់។ សកម្មភាពបាញ់ប្រហារ ដោយប្រើអាវុធគ្រប់ធុន រួមទាំងយន្តហោះចម្បាំង F-16 និងផ្សែងពុល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងយ៉ាងច្បាស់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាផ្សេងៗទៀត កិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលទើបតែចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ នៅចំពោះមុខប្រធាធិបតីសហរដ្ឋអាមេរិក Donal J. Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងជាប្រធានអាស៊ានប្តូរវេន។ នេះសបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងយោធាថៃ បាននិងកំពុងបំផ្លាញសន្តិភាព រំលោភសិទ្ធិមនុស្ស និងបំពានតម្លៃស្នូលរបស់ អាស៊ាន «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។

គ.ស.ម.ក. ស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោសប្រទេសថៃ និងដាក់សម្ពាធលើប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់ទាំងនេះ ជាបន្ទាន់ និងទទួលខុសត្រូវទាំងស្រុង ស្របតាមច្បាប់អន្តរជាតិ ចំពោះផលប៉ះពាល់ទាំងឡាយដែលបង្កដោយការឈ្លានពានរបស់ប្រទេសថៃ។

គ.ស.ម.ក. សូមបញ្ជាក់ថា មិនថាពេលមានវិបត្តិ សង្គ្រាម ឬជម្លោះធ្លាក់ដល់ស្ថានភាពយ៉ាងណាក៏ដោយ សិទ្ធិ មនុស្ស ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវតែគោរពជាដាច់ខាត។ បូរណភាពដែនដី និងជីវិតរបស់ពលរដ្ឋកម្ពុជា គ្រប់រូប មានតម្លៃ ហើយត្រូវតែការពារ ក្រោមច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។

កម្ពុជា នៅតែតាំងជំហរឥតងាករេ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការរគោរពនិងអនុវត្តយ៉ាងពេញលេញ នូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ និងកិច្ចព្រមព្រៀងទាំងឡាយដែលទាំងពីរភាគី បានសម្រេចពីមុនមក។ កម្ពុជា ប្រកាន់ខ្ជាប់លើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរ ជាតិ និងសន្ធិសញ្ញាអន្តរជាតិ ដែលមានស្រាប់ ដោយប្រឆាំងនឹងការគំរាមកំហែង និងការប្រើកម្លាំងគ្រប់ទម្រង់។ កម្ពុជា បន្តខិតខំស្វែងរកដំណោះស្រាយដែលមានយុត្តិធម៌ មានតម្លាភាព ត្រឹមត្រូវ និងមានចីរភាព សម្រាប់បញ្ហាទាំងអស់។

គ.ស.ម.ក. នឹងបន្តតាមដាន កត់ត្រា និងរាយការណ៍យ៉ាងពេញលេញ ពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋយោធារបស់យោធាថៃ»៕ ខៀវទុំ

RELATED ARTICLES