ដោយ អាចារ្យថាំ
ក្រៅពីលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលប្រកាសតាំងខ្លួនជាព្រហ្មរក្សា លោក តែងវាយប្រហារព្រះសង្ឃ ក៏នៅមានបណ្ឌិតបញ្ញវន្តខ្លះទៀត រិះគន់ព្រះសង្ឃដែលមានការប្រតិបត្តិបែបសម្ភារនិយម។ ករណីរិះគន់នោះ មកពីព្រះសង្ឃបច្ចុប្បន្ន ភាគច្រើនសាងផ្នួស “ខុស៥ ត្រូវ១” ធ្វើឱ្យវៀរចាកពីវិន័យសិក្ខាបទ ប៉ុន្តែក៏ស្របនឹង ពុទ្ធព្យាករណ៍ផងដែរ ដែល “នគរធំ” ក្តាប់បាន ក៏លើក “បួស ៦យ៉ាង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានផុសសំណេររិះគន់មន្ត្រីសង្ឃមួយចំនួន ដែលប្រើប្រាស់វត្ថុទំនើបបែបសម្ភារនិយមថា “ភាព សាមញ្ញរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ រូបថតនេះ នឹងនាំឱ្យយើងគិតឡើងវិញ ពីព្រះសង្ឃមួយចំនួនដែលមាន ស្បែកជើងមាស, ឈើច្រត់មាស, បង្គន់បិទមាស, អង្គរក្សឆ្វេងស្តាំ, ឡានទំនើបៗ មហាកុដិបិទមាស, មេដៃសរសើរជ្រែកស្មា នៅកម្ពុជាសព្វថ្ងៃ។ ភាពសាមញ្ញគឺជាភាពអស្ចារ្យបំផុត។ ព្រះពុទ្ធបានបោះបង់រាជបល្ល័ង្ក និងសម្ភារនិយម មករស់នៅជីវិត បែបសាមញ្ញ និងអប់រំសត្វលោកលើដី ប៉ុន្តែសាវ័កខ្លះរបស់ទ្រង់នៅសម័យនេះ ហាក់ដើរបញ្ច្រាសមាគ៌ារបស់ទ្រង់ទៅវិញ”។
សំណេររិះគន់នេះ មិនសំដៅដល់ព្រះសង្ឃទូទៅនោះទេ គឺមានមួយចំនួនតូចប៉ុណ្ណោះ ដែលប្រើប្រាស់សម្ភារនិយមដូច គហបតី សេដ្ឋី ដោយសារព្រះអង្គមាន “ប្រាក់និច្ចភត្ត” និងប្រាក់ដែលទាយកទាយិកាវេរប្រគេន ខ្លះបានប្រគេនរហូតដល់រថយន្ត ទំនើបទៀតផង។
ការបំពាក់មេដាយ និងការយកមេដាយបិទជាប់នឹងសង្ឃាដីពាក់ពេញជ្រែកស្មា ក៏ដោយសារព្រះអង្គបានដឹកនាំការកសាង វិស័យសាសនា ឱ្យបានរុងរឿង ប៉ុន្តែការសម្ញែងគ្រឿងឥស្សរិយយស ដូចគ្រហស្ថបែបនេះ ក៏ទើសភ្នែកពុទ្ធបរិស័ទដែលធ្លាប់ បួសរៀនដែរ។
គួរបញ្ជាក់ថា ព្រះសង្ឃដែលចូលសាងផ្នួសក្នុងព្រះពុទ្ធសាសនា មាន ៦យ៉ាង គឺ ៖ ១-ឧបកីឡិកា (បួសលេងល្បែង) ២-ឧបជីវិកា (បួសចិញ្ចឹមជីវិត) ៣-ឧបមុយ្យិកា (បួសខ្ជិលរៀន) ៤-ឧបទុស្សិកា (បួសប្រទូស្តសាសនា) ៥-ឧបចិណ្ណិកា (បួសសន្សំទ្រព្យ) ៦-ឧបនិស្សរណា (បួសចេញចាកភព)។ ក្នុងចំណោមបួស ៦យ៉ាងនេះ ៥ខាងដើម អាក្រក់ទាំងអស់ គឺ មានតែ១ ឬបួសទី៦ ដែលល្អវិសេសវិសាល។
សួរថា “ឧបនិស្សរណា” (បួសចេញចាកភព) សង្ឃបច្ចុប្បន្នមានខ្លះទេ? យើងអាចឆ្លើយបានថា “មានតិចតួចណាស់” លុះត្រាតែព្រះអង្គ គង់នៅតែក្នុងព្រៃ ធ្វើធុរង្គរុក្ខមូល និមន្តបិណ្ឌបាត យកតែចង្ហាន់ ១ចម្អែត មិនរក្សាទុកសូម្បីតែអង្ករ ១ កំប៉ុង អំបិល ១ក្តាប់ ដោយមិនទទួលមាស និងប្រាក់។ បួសទី៦នេះ មានតែសម័យពុទ្ធកាល ដែលបុគ្គលលះបង់វត្ថុកាមចេញ-ចាកភេទជាគ្រហស្ថ ស្រវាយកឧត្តមភេទ ព្យាយាមធ្វើសមាធិកម្មដ្ឋាន រហូតបានសម្រេចព្រះអរហត្តផល ដល់នូវព្រះនិព្វាន ជាឋានរំលត់ទុក្ខ។
បើបួសនៅជាប់ជំពាក់នឹងសម្ភារនិយម ឬវត្ថុកាម មិនអាចរលាស់ខ្លួនចាកភពបានឡើយ នេះបើបរិយាយទៅតាមអ្វី ដែលលោកបណ្ឌិត ប៉ា ចន្ទរឿន បានផុសតាមបណ្តាញសង្គម រិះគន់ព្រះសង្ឃ។
ផ្ទុយទៅវិញ បើគិតទៅតាម “ពុទ្ធព្យាករណ៍” ការរិះគន់ព្រះសង្ឃទំនើប ឬសម្ភារនិយម មិនត្រូវប៉ុន្មានទេ ដោយហេតុថា សាសនាព្រះពុទ្ធ សមណគោតម តាំងនៅបានតែ “៥០០០ឆ្នាំ” ក៏រុះរោយបន្តិចម្តងៗ ដូចបង្ហាញខាងក្រោម ៖
– ពុទ្ធសករាជ ៥០០ = អស់ភិក្ខុនីសង្ឃ (មិននិយាយពីសាសនាមហាយាន)។
– ពុទ្ធសករាជ ១០០០ = អស់ព្រះអរហន្ត។
– ពុទ្ធសករាជ ២០០០ = អស់អ្នកចេះចាំព្រះត្រៃបិដកសូត្រមាត់ទទេ។ ភិក្ខុសង្ឃកាន់វិន័យមិនគ្រប់ ២២៧សិក្ខាបទ។
– ពុទ្ធសករាជ ៣០០០ = អស់ឧបោសថកម្ម សង្ឃកម្ម។
– ពុទ្ធសករាជ ៤០០០ = អស់ត្រៃចីវរ (មិនគ្រប់ត្រៃ ឬ៣)
– ពុទ្ធសករាជ ៥០០០ = អ្នកបួសមានប្រពន្ធកូន រកស៊ីធ្វើស្រែ កើតលិង្គអន្តរធាន ផុតសាសនាព្រះសមណគោតម។
សព្វថ្ងៃ នៅក្នុងពុទ្ធសករាជ ចន្លោះពី ២០០០ ទៅ ៣០០០ យើងឃើញហើយ គ្មានអ្នកចេះចាំព្រះត្រៃបិដក អាចសូត្រ មាត់ទទេបានឡើយ។ កាលបើកធ្វើបឋមសង្គាយនា សុទ្ធតែព្រះអរហន្ត ចូលរួមនោះ អាចសូត្រព្រះត្រៃបិដក មាត់ទទេបាន។
លុះមកដល់បញ្ចមសង្គាយនា (លើកទី៥) ពុទ្ធសករាជកន្លងទៅបាន ៤៣៣ឆ្នាំ ប្រារឰធ្វើនៅកោះសិរីលង្កា មានព្រះពុទ្ធ ទត្តត្ថេរជាប្រធាន និងជាអ្នកសួរ មានព្រះតិស្សត្ថេរ ជាអ្នកឆ្លើយ និងបានស្តេចនគរលង្កា ព្រះនាមវដ្តកាមិនីអភ័យ ជាអ្នក ឧបត្ថម្ភ។ សង្គាយនាទី៥ នោះ ធ្វើ១ឆ្នាំ ទើបចប់ ដោយប្រមូលយកការចងចាំរបស់ព្រះអរហត្ត កត់ត្រាទុកជាលាយលក្ខណ៍អក្សរ ឈ្មោះថា “គម្ពីរព្រះត្រៃបិដក” ព្រោះព្រះអរហន្ត ដឹងថា បើមិនកត់ត្រាពុទ្ធវចនៈទុក បើដល់សាសនា ២០០០ នឹង បាត់បង់អ្នកចងចាំ អាចសូត្រមាត់ទទេ។
ដូច្នេះ យើងឃើញ “ពុទ្ធព្យាករណ៍” មិនខុសទេថា ពុទ្ធសករាជចាប់ពី ២០០០ ទៅ ព្រះសង្ឃកាន់វិន័យមិនគ្រប់ ២២៧ សិក្ខាបទ។ ពីដើម សូម្បីតែព្រះសង្ឃបេះស្លឹកឈើ ឬដើរជាន់ទឹកដក់ថ្មីតាមផ្លូវក្រោយភ្លៀងធ្លាក់ ក៏មិនបានដែរ ព្រោះឈើក៏ ចង់រស់ រីឯទឹកដក់តាមផ្លូវ មានសត្វល្អិតនៅ បើសង្ឃដើរជាន់ នាំឱ្យងាប់សត្វ។ ប៉ុន្តែសព្វថ្ងៃ ព្រះសង្ឃខ្លះកាប់ឆ្ការព្រៃ ចូកស្មៅ សម្អាតទីធ្លាវត្ត អត់ដឹងថា ងាប់ជន្លេន។ ករណីព្រះសង្ឃ ប្រើឡានទំនើប កុដិទំនើប ពាក់មេដាយជ្រែកស្មា ក៏មកពី “កាន់វិន័យ មិនគ្រប់ ២២៧សិក្ខាបទ” ដូចពុទ្ធព្យាករណ៍។
យ៉ាងណាក៏ដោយចុះ ព្រះពុទ្ធអង្គ ទ្រង់ត្រាស់សម្តែងថា នៅពេលព្រះពុទ្ធសាសនា រុះរោយ សូម្បីតែអ្នកបួសមានប្រពន្ធ កូន ដោយគ្រាន់តែយកមើមរមៀតសៀតត្រចៀក សម្គាល់ថា ជាអ្នកបួសនោះ ក៏អាចធ្វើបុណ្យបានដែរ។ សង្ឃចុងក្រោយ នេះ ឈ្មោះថា “គោត្រភូសង្ឃ” គ្មានចេះវិន័យសិក្ខាបទអ្វីទេ ប៉ុន្តែអាចសូត្របាលីបាគូ បានខ្លះ ដែលពុទ្ធបរិស័ទ អាចនិមន្ត ទៅធ្វើបុណ្យ បានផលានិសង្សខ្លះដែរ។
សម្រាប់អ្នកចេះវិន័យសិក្ខាបទ និងដឹងពីពុទ្ធព្យាករណ៍ មិនសូវចាប់កំហុសមន្ត្រីសង្ឃ ដែលបដិបត្តិធម៌ដេញតាមសម្ភារ- និយមនោះទេ ព្រោះសករាជ ២០០០-៣០០០ ដល់ដំណាក់កាលហើយ កុំសង្ស័យ។
ហេតុតែទើសភ្នែកនឹងព្រះសង្ឃកាន់ធម៌មិនល្អ ទើបរបបប៉ុល ពត កម្ទេចព្រះពុទ្ធសាសនា ម្តងរួចទៅហើយ អ៊ីចឹងបើ បណ្ឌិត បញ្ញវន្តយើង ចេះតែនាំគ្នាទើស ឬដូចលោកខឹម វាសនា ទើសខ្លាំងជាងគេ រហូតដល់ជេរប្រមាថព្រះសង្ឃថា “ចោរថង់យាម” នោះ អាចថា មកពីខ្មោចប៉ុល ពត ចូលសណ្ឋិតតែម្តង។ អស់ពីមនុស្សសម័យយើងនេះទៅ ការសាងផ្នួស ក៏លែង សូវមាន សូម្បីតែបួសចិញ្ចឹមជីវិត បួសសន្សំទ្រព្យ ក៏មិនសូវមានដែរ កុំថាឡើយដល់ទៅបួសរលាស់ខ្លួនចេញចាកភព។ បណ្ឌិត បញ្ញវន្ត រួមគ្នាជាន់ពន្លិចសាសនាផង រិះគន់សាសនាផង ពោលគឺការប្រគេនវត្ថុកាមដល់ព្រះសង្ឃ ដូចជាឡានទំនើប គ្រែ ពូកខ្នល់ខ្នើយ ប្រាក់ដុល្លារជាដើម មានន័យថា ជាវត្ថុកាមនាំឱ្យព្រះសង្ឃមានតម្រេក។ ការរិះគន់ព្រះសង្ឃ មិនមើលពុទ្ធព្យា- ករណ៍ មានន័យថា “ចេះមិនទាន់ដល់កម្រិត” មិនសមជាបណ្ឌិត។
សរុបទៅ “បួស៦យ៉ាង” គ្រាន់តែជាបទបរិយាយពញ្ញាក់ស្មារតីបណ្ឌិតបញ្ញវន្តយើង កុំពូកែទើសពេក ព្រោះព្រះពុទ្ធសាសនា កាន់តែរៀវរោយបន្តិចម្តងៗ រកព្រះសង្ឃចេះចាំព្រះត្រៃបិដក សូត្រមាត់ទទេមិនបានឡើយ ទាល់តែមើលគម្ពីរ។ មន្ត្រីសង្ឃ ដែលគេរិះគន់ បើមានទាយកប្រគេនវត្ថុកាម អាចទទួលបាន តែកុំប្រើប្រាស់ក៏អត់អីដែរ…៕