ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសម្រេចពិនិត្យ ស្រាវជ្រាវ ដើម្បីឈានទៅអនុវត្តវិន័យលើលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន។

ការប្រកាសបែបនេះ បានធ្វើឡើង ក្រោយពីមានការទម្លាយនិងរិះគន់លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ប្រើប្រាស់ពាក្យពេចន៍និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ ដោយព្រមានវាយក្បាលនឹងដបទឹកសុទ្ធជាដើម។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លេខ ០២២ សប្រក ចុះថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា ក្រោយ ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាននានា ករណីលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មាន៕