ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បាន ប៉ុនប៉ងចាប់រំលោភប្អូនថ្លៃស្រី ជាច្រើនលើក ច្រើនសា តែមិនបានសម្រេច ដោយសារប្អូនថ្លៃ រើបម្រះ និងធ្លាប់បានយករឿងនេះប្រាប់ បងស្រីបង្កើតរបស់ខ្លួនដែរ តែបងស្រីមិន ជឿ លុះចុងក្រោយ ស្ត្រីជាប្រពន្ធ បានឃើញ ផ្ទាល់ភ្នែកនូវសកម្មភាពប្តីរបស់ខ្លួនកំពុងចាប់ រំលោភប្អូនស្រី ក៏ប្តឹងសមត្ថកិច្ចចាប់អូសក ប្តីកំហូច យកទៅចាត់ការតាមច្បាប់ កាលពី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។។
ករណីប្តីចាប់រំលោភប្អូនថ្លៃស្រី ប្រពន្ធ តាមទាន់នេះ បានកើតឡើងនៅវេលាម៉ោង ៩យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅក្នុង បន្ទប់របស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យដែលប៉ុនប៉ងចាប់រំលោភប្អូន ថ្លៃស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសូយ សី ភេទប្រុស អាយុ៣៣ ឆ្នាំ ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ ជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះសូយ សី ត្រូវបានកម្លាំង នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសាកសួរ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក្រោយពី ត្រូវបានក្មេងស្រីរងគ្រោះជាអនីតិជន វ័យ ១៤ឆ្នាំ ត្រូវជាប្អូនថ្លៃ ប្តឹងថាជនសង្ស័យដែល ត្រូវជាបងថ្លៃ បានព្យាយាមចាប់រំលោភនិង ស្ទាបអង្អែលជាច្រើនដង តែសំណាងល្អ បងស្រី បង្កើតមកទាន់ ទើបបែករឿងតែម្តង។
តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថា ជនសង្ស័យឈ្មោះសូយ សី ត្រូវជាបងថ្លៃរបស់នាង ធ្លាប់បានធ្វើសកម្ម- ភាពឱប ស្ទាបអង្អែល (ប្រទូស្តកេរ្តិ៍ខ្មាស) មកលើរូបនាងជាច្រើនលើកមកហើយ រាល់ ពេលដែលបងស្រីរបស់នាង (ប្រពន្ធជន សង្ស័យ) មិននៅផ្ទះ ហើយលើកចុងក្រោយ បងថ្លៃនេះ បានធ្វើសកម្មភាពប៉ុនប៉ងរំលោភ នាងម្តងទៀត កាលពីវេលាម៉ោង៩យប់ ថ្ងៃទី ២១ខែធ្នូ ឆ្នាំ២០២២ នៅចំណុចបន្ទប់ដេក របស់នាងតែម្តង ដោយពេលនោះ បងថ្លៃ របស់នាង បានព្យាយាមចូលមកចាប់រំលោភ នាង តែត្រូវនាងរើបម្រះ និងរុញច្រានចេញ ពីបន្ទប់។
ក្មេងស្រីរងគ្រោះ បានបន្តថា លុះមក ដល់វេលាម៉ោង ៩យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ ខណៈពេលដែលនាងកំពុងដេកក្នុង បន្ទប់ ស្រាប់តែលេចមុខបងថ្លៃប្រុស (ជន សង្ស័យ) លបចូលក្នុងបន្ទប់របស់នាងម្តងទៀត ហើយភ្លាមនោះ បងថ្លៃនេះ បានស្ទុះមក ចាប់ឱបថើប និងធ្វើសកម្មភាពស្ទាបអង្អែល ប៉ុនប៉ងរំលោភនាង ដោយនិយាយថា បង ស្រលាញ់អូន តែនាងបានព្យាយាមរើបម្រះ និងរុញច្រាន តែរើមិនរួច សំណាងល្អ បងស្រី បង្កើតរបស់នាង (ប្រពន្ធជនសង្ស័យ) ដើរ មកបើកទ្វារបន្ទប់ ឃើញប្តីគាត់កំពុងចាប់ សង្គ្រប់ ប៉ុនប៉ងរំលោភនាង ទើបចាប់អូសក ប្តីទៅក្រៅ ហើយឈ្លោះគ្នាផ្អើលអ្នកជិតខាង តែម្តង។
ក្មេងស្រីរងគ្រោះ បន្តថា កន្លងមក នាងធ្លាប់បានប្រាប់រឿងនេះឱ្យបងស្រីនាង បានដឹងដែរ តែគាត់មិនជឿ ព្រោះតែគិតថា ប្តីរបស់គាត់ ជាមនុស្សល្អត្រឹមត្រូវ មិនដល់ ថ្នាក់ប្រព្រឹត្តទង្វើថោកទាបបែបនេះឡើយ រហូតដល់គាត់បានឃើញច្បាស់ផ្ទាល់ភ្នែក ទើបសម្រេចប្តឹងសមត្ថកិច្ចតែម្តង។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យ ដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ថា ក្រោយ ពីទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះ រួចមក សមត្ថកិច្ចជំនាញ បានចុះធ្វើការឃាត់ ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីនាំ យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះសូយ សី បានឆ្លើយសារភាពថា រូបគេ ពិតជាបានប្រព្រឹត្តដូចអ្វីដែលប្អូនថ្លៃស្រី (ក្មេងស្រីរងគ្រោះ) ប្តឹងចោទប្រកាន់មែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាម នីតិវិធី៕