Sunday, December 22, 2024
Homeបរិយាយយុទ្ធសាស្ត្រចែករំលែក

យុទ្ធសាស្ត្រចែករំលែក

ដោយ អាចារ្យថាំ

គម្ពីរស្រីហិតោបទេស របស់នារាយណបណ្ឌិត អ្នកប្រាជ្ញឥណ្ឌា និងបកប្រែចេញពីភាសាសំស្ក្រឹត ដោយព្រះវីរិយបណ្ឌិតោ ប៉ាង ខាត់ មានចារទុកពីយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ៤យ៉ាង គឺ ១-ការញុះញង់បំបែក ២-ការផ្សះផ្សា ៣-ការចែករំលែក ៤-ការ ផ្តន្ទាទោស។ គណបក្សប្រជាជនកម្ពុជា (CPP) ដែលធ្វើនយោបាយ កាន់អំណាចតាំងពីឆ្នាំ១៩៧៩ មកនោះ បានយកយុទ្ធ-សាស្ត្រទាំង៤នេះ មកប្រើប្រកបដោយជោគជ័យ ទោះជាបក្សប្រឆាំងខ្លាំងយ៉ាងណា ក៏រលំរលាយជាបន្តបន្ទាប់ ដែល “នគរធំ” សូមបង្ហាញដោយត្រួសៗ ពី “យុទ្ធសាស្ត្រចែករំលែក” ទុកជាប្រធានបទបរិយាយថ្ងៃនេះ…។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ CPP បានអំពាវនាវដល់ពួកប្រឆាំងឱ្យចុះចូល ជាពិសេស “ទទួលយកទាំងអស់ ក្រៅពីសម រង្ស៊ី ម្នាក់ចេញ”។ ការប្រកាសហៅពួកប្រឆាំងឱ្យចុះចូលនេះ ត្រូវធ្វើដោយភាពប៉ិនប្រសប់ “ថ្នមៗ អង្អែលៗ” មិនមែនធ្វើក្តុងក្តាំង ដូចមេទាហានលន់ នល់ ចង់ឱ្យប្រជាជននៅដីរំដោះ ចូលមករស់នៅក្នុងបន្ទាយ ដោយការបាញ់ផ្លោង ដាក់នោះទេ។ បើផ្លោងដាក់ក្ឌូងក្ឌាំង! បែបនេះ បានត្រឹមអ្នកស្រុកភ័យខ្លាច ពកូនជញ្ជូនចៅ រត់ចូលព្រៃអស់ ជាហេតុនាំឱ្យ របបលន់ នល់ ខ្វះការគាំទ្រ ដោយគ្រប់គ្រងទឹកដីនៃរបបសាធារណរដ្ឋខ្មែរ តែ១០ភាគរយប៉ុណ្ណោះ នៅសល់៩០ភាគរយទៀត នៅក្នុងការគ្រប់គ្រងរបស់ “រណសិរ្សរួបរួមជាតិកម្ពុជា” ដែលមានសម្តេចឪ ព្រះនរោត្តម សីហនុ ជាព្រះប្រធាន ប៉ុន្តែក្រោយ រំដោះមាតុភូមិបាន នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ប៉ុល ពត ប្លន់អំណាចបាន។

“យុទ្ធសាស្ត្រចែករំលែក” គឺការអំពាវនាវប្រកូកប្រកាសឱ្យពួកប្រឆាំងចុះចូលនេះឯង ដោយត្រៀមបុណ្យស័ក្តិ និង លាភសក្ការៈខ្លះ ទុកជូនអ្នកមកចុះចូលនោះ ទៅតាមឋានៈតួនាទី ឬចំណេះជំនាញ។

សម័យសង្គមរាស្ត្រនិយម ក្រោយពីស្រុកបានឯករាជ្យពីបារាំង ក៏មានពួកឥស្សរៈចុះចូល រាជរដ្ឋាភិបាលដែរ ដែលកាល នោះសម្តេចឪ ទ្រង់ព្រះរាជទានបុណ្យស័ក្តិ តាមសមត្ថភាព និងតួនាទី ដូចដាប ឈួន។ ទ្រង់នរោត្តម ច័ន្ទរុង្ស៊ី, ពុត ឆាយ, ឡឹក សំអឿន ជាដើម សុទ្ធតែបានពាក់ស័ក្តិវរសេនីយ៍ត្រី ដែលជំនាន់នោះ ធំសម្បើមណាស់ អាចស្មើផ្កាយ៤ សម័យនេះ។ របៀបហៅពួកប្រឆាំងឱ្យចុះចូល មិនខុសពីអ្នកស្រែ “ហួចហៅខ្យល់” ពោលគឺនៅពេលបោកបែនបញ្ជាន់រួច គាត់ត្រូវកើបស្រូវ ក្នុងលាន រោយយកអង្កាម ធូលី សំដី ចេញឱ្យស្អាត។

ពីដើម គ្មានកង្ហារបក់អ្វីទេ ឯការរោយស្រូវ ត្រូវពឹងផ្អែកលើខ្យល់បក់សុទ្ធសាធ។ នៅពេលស្ងប់ខ្យល់ ពូៗខ្លះចេះ “ហួច បទបំពេ” លួងលោមខ្យល់ឱ្យបក់មក ទើបប្រពន្ធគាត់ កើបស្រូវរោយបានលឿន។ ចាស់ៗមានជំនឿថា ខ្យល់ជំនោរ មាន ព្រះអាទិទេព ព្រះនាម “ព្រះវាយុទេព” ជាអ្នកបង្កើតខ្យល់ បើហួចហៅខ្យល់ដោយប្រើបទបំពេ ឬបទពីរោះៗ មានបទត្រពាំងពាយ បង្គងក្អែក ជាដើម ធ្វើឱ្យព្រះវាយុទេព អាណិត ក៏ផ្លុំខ្យល់បញ្ជូនមក ងាយដល់ការរោយស្រូវ។

យ៉ាងណាមិញ “យុទ្ធសាស្ត្រចែករំលែក” ហាហៅពួកប្រឆាំងឱ្យចុះចូល ទាល់តែយករបៀប “ហួចហៅខ្យល់” ដូចអ្នករោយ ស្រូវ ទើបមានប្រសិទ្ធភាព។ ពួកប្រឆាំង មិនមែនចង់រស់នៅស្រុកគេ ដោយព្រាត់និរាសពីប្រពន្ធកូនឪពុកម្តាយនោះទេ តែ មកពីគេខ្លាចការចាប់ចងឱ្យទៅដេកគុក ស៊ីបាយក្រហម ឬរងទារុណកម្ម ទើបគេរត់។ បើរាជរដ្ឋាភិបាល បន្ទន់ឥរិយាបថ ទន់ភ្លន់ ត្រៀមបុណ្យស័ក្តិ លុយកាក់ខ្លះ ជូនពួកគេ ដោយធានាសុខសុវត្ថិភាពនោះ ពួកប្រឆាំងក្បាលរឹង នឹងចុះចូល CPP ម្តង មួយៗ មិនខានឡើយ។

ផ្ទុយទៅវិញ បើ CPP យកយុទ្ធសាស្ត្រ “បាញ់ផ្តក់ចូលភូមិ” ដើម្បីបង្ខំអ្នកភូមិ ឱ្យមកនៅក្នុងបន្ទាយ ឬទីប្រជុំជន ដូច របបលន់ នល់ បានធ្វើនោះ ពួកប្រឆាំង កាន់តែឆ្ងាយទៅៗ។ CPP គួរប្រយ័ត្នអ្នកគាំទ្រ ឬអ្នកបម្រើនយោបាយ ដែល “មិនចេះ យុទ្ធសាស្ត្រហួចហៅខ្យល់” បែរជាយកការជេរប្រទេច គំរាមកំហែង បំភិតបំភ័យ ឬ “ទុកដី ២ម៉ែត្រឱ្យ” នោះ អស់ផ្លូវហើយ។ តើមនុស្សណាមិនខ្លាចងាប់ បើមានអ្នកគំរាមតាមហ្វេសប៊ុក កាត់តក្បាលឆ្កែ មានអ្នកកាន់កាំបិតកាប់ចេញឈាមកក្លាក់ ទុកដី ២ម៉ែត្រឱ្យនោះ ដែលជាចំណុចខ្សោយ ឈានទៅបរាជ័យយុទ្ធសាស្ត្រចែករំលែក។

គ្មានពួកប្រឆាំងក្បាលរឹងណា ចង់រស់នៅអាមេរិក បារាំង ឆ្ងាយមាតុភូមិ ឆ្ងាយគ្រួសារ រាប់សិបឆ្នាំនោះទេ គេចង់តែចូល ហ្នឹង និងត្រៀមខ្លួនឃ្លាំមើលស្ថានការណ៍នយោបាយ។ បើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យចុះចូល វៀរលែង តែសម រង្ស៊ី ម្នាក់នោះ ច្បាស់ជាសហការីសម រង្ស៊ី រកផ្លូវឡើងយន្តហោះ វិលមកស្រុកវិញមិនខាន។

សកម្មជន ជភភ ឬអ្នកគាំទ្រ CPP ខ្លះ គ្មានការចាត់តាំងពីថ្នាក់ដឹកនាំនោះទេ តែគាត់ធ្វើចេះ ប្រឹងតែជេរប្រទេច គំរាម-កំហែងពួកប្រឆាំង ផ្ទុយពីគោលនយោបាយនាយករដ្ឋមន្ត្រី។ ដូច្នេះ បក្សកាន់អំណាច គួរមើលបញ្ហានេះផង។ ជួនកាលថ្នាក់-ក្រោម មិនយល់ពី “យុទ្ធសាស្ត្រឈ្នះ-ឈ្នះ” ទាំង៤យ៉ាងនោះ ជាពិសេស ការផ្សះផ្សា និងចែករំលែក នាំឱ្យខាតបង់។

ចង់កៀងគោឱ្យចូលក្រោល គេត្រូវ “យកស្មៅខ្ចីជន្ល” ឬអំពាវនាវដោយសុភាពរាបសា ប៉ុន្តែបើចេញក្បួន “ទាញដំបង ព្រនង់ដេញកៀងគោ” បានត្រឹមបំភ័យគោ ឱ្យរត់កាត់សន្ទូង ឬចូលចម្ការតាសក់ ឪឡឹក ខ្ទេចខ្ទីអស់។

អ្នករកស៊ីចាប់សត្វដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាប គេប្រើឧបករណ៍ម៉ាញ៉េតូហ្វូន ចាក់សំឡេងសត្វយំ ឱ្យសត្វ ព្រៃ ច្រឡំស្មានថាជាសំឡេងសត្វគ្នាវា ក៏ហើរចូលលប់ឬសំណាញ់។ ផ្ទុយទៅវិញ បើចាក់បទភ្លេងញ័រញាក់កន្ត្រាក់សរសៃ ដូចការប្រគំតន្ត្រីលើឆាកនោះ តើមានសត្វស្លាបឯណា ហើរចូលលប់?

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើមប្រើយុទ្ធសាស្ត្រនេះហើយ បានទាំងរិះគន់តុលាការ និងសមត្ថកិច្ចថា “អាងអី ចាប់ចង មានគុកឯណាដាក់?” ដែលប្រសាសន៍នេះ ចំណេញធំណាស់។ យុទ្ធសាស្ត្រ CPP បើអូសទាញបានតែពួកប្រឆាំង សំខាន់ៗ នៅក្រៅប្រទេស បួនប្រាំនាក់ ធ្វើឱ្យពួកប្រឆាំងក្នុងប្រទេស បាក់ស្មារតី “រត់ចោលបក្សភ្លើងទៀន” មិនខានឡើយ ព្រោះគេដឹងថា ក្នុងស្រុកមានតែភ្លើងទៀន នេះហើយ ប្រឆាំងខ្លាំងជាងគេ។ ខណៈដែល “ភិក្ខុទេវទត្ត” បំបែកសង្ឃ ៥០០អង្គ ចេញពីការគ្រប់គ្រងរបស់ព្រះពុទ្ធ ធ្វើឱ្យព្រះពុទ្ធសាសនា ថយចុះ ប៉ុន្តែប្រឈមបញ្ហានេះ ព្រះបរមគ្រូ បានប្រើព្រះមហាសារីបុត្ត និងព្រះមហាមោគ្គលាន ចេញទៅអូសទាញមកវិញ។ ទោះបីជាភាគីដើរតាមទេវទត្ត ជេរប្រមាថយ៉ាងណា ក៏ព្រះអគ្គសាវ័កទាំងពីរអង្គនេះមិនតបត ឬ “យកទឹកពន្លត់ភ្លើង” ក៏អាចអូសទាញបានភិក្ខុសង្ឃដែលបែកបាក់នោះ វិលមកវិញ។

សរុបទៅ “យុទ្ធសាស្ត្រចែករំលែក” ដល់ដំណាក់កាលយកមកប្រើហើយ ខណៈដែលការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិ ទី៧ នៅសល់តែ ៦-៧ខែទៀត។ ជភភ គួរប្រុងប្រយ័ត្នមន្ត្រីមួយចំនួន ដែលប្រឹងជេរពួកប្រឆាំង ចង់ផ្គាប់ចិត្តថ្នាក់លើ បាន ត្រឹមធ្វើឱ្យខូចនយោបាយថ្នាក់លើ ដែលព្យាយាមធ្វើទន់ភ្លន់។ យុទ្ធសាស្ត្រ “ហួចហៅខ្យល់” ឬ “យកស្មៅខ្ចីជន្ល” កៀងគោ ឱ្យចូលក្រោល មានប្រសិទ្ធភាពណាស់ ប៉ុន្តែប្រយ័ត្នថ្នាក់ក្រោម “វាយស្មៅបង្អើលពស់” ខាតធំណាស់ ដែលជាបរិបទសម្រាប់ CPP ពិចារណាតាមការគួរ…៕

RELATED ARTICLES