Monday, November 25, 2024
Homeព័ត៌មានជាតិឃ្លាតប្រពន្ធ២ថ្ងៃ ស្លា....ប់អណ្តែ...តទឹក

ឃ្លាតប្រពន្ធ២ថ្ងៃ ស្លា….ប់អណ្តែ…តទឹក

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវមេជាងហៅឱ្យជួយរុះផ្ទះ ១កន្លែង ឆ្ងាយពីផ្ទះ ឃ្លាតពីប្រពន្ធកូន បាន២ថ្ងៃ ស្រាប់តែត្រូវបានប្រទះឃើញស្លាប់នៅក្នុងទឹកស្រះឈូក ១កន្លែង បង្កឱ្យមានការភ្ញាកផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ ចំណែកស្ត្រីជាប្រពន្ធ ក្រោយពីទទួលបានដំណឹងដ៏អកុសលបែបនេះ ក៏ប្រញាប់ធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រែកទ្រហោយំបោកខ្លួន គួរឱ្យសង្វេគ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចស្រះទឹកដាំឈូកមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិស្នោខាងកើត សង្កាត់ស្នោ ខណ្ឌកំបូល។

បុរសរងគ្រោះ មានឈ្មោះព្រុំ សុផន អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិពង្រ ឃុំសន្ទៃ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ប្តីរបស់គាត់ គឺជាកម្មករសំណង់ ហើយមុនកើតហេតុ គាត់និងប្តី បានមកធ្វើការសំណង់នៅឯសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ ប៉ុន្តែមេជាងបានហៅឱ្យមកជួយរុះរើផ្ទះមួយកន្លែង នៅជិតកន្លែងកើតហេតុ និងទើបមកបានតែ ២ថ្ងៃប៉ុណ្ណោះ ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង។

ស្ត្រីជាប្រពន្ធជនរងគ្រោះ រៀបរាប់បន្តថា ពេលប្តីគាត់ចេញមករុះផ្ទះឱ្យគេ នៅក្បែរកន្លែងកើតហេតុ គាត់មិនបានមកជាមួយប្តីទេ គឺប្តីមកតែម្នាក់ឯង ហើយគាត់ពុំបានដឹងថា ប្តីមានរឿងអីទើបបានជាស្លាប់​ក្នុងទឹកបែបនេះដែរ។ រហូតដល់វេលាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ទើបមានគេទូរស័ព្ទប្រាប់ថា ប្តីគាត់បានស្លាប់បាត់ទៅហើយ គាត់ក៏ប្រញាប់ប្រញាល់ធ្វើដំណើរមកមើលឃើញថាប្តីស្លាប់មែន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកដំណើរឆ្លងកាត់ទីតាំងកើតហេតុខាងលើ ហើយក៏បានប្រទះឃើញបុរសរងគ្រោះដេកស្លាប់នៅក្នុងទឹកស្រះដាំឈូកខាងលើ ក៏ស្រែកប្រាប់គេឯង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ បន្ទាប់មក រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ស្នោ និងនគរបាលខណ្ឌកំបូល ឱ្យចុះទៅមើល និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅធ្វើកោសល្យវិច័យតែម្តង៕

RELATED ARTICLES