Monday, December 23, 2024
Homeព័ត៌មានជាតិពិដាន​ធ្លាក់​​ចំ​​ក្បាល​​កម្ម​ការនី​ ៣​នាក់​ កំពុង​អង្គុយ​ធ្វើ​ការ​ រង​របួស​ធ្ងន់​

ពិដាន​ធ្លាក់​​ចំ​​ក្បាល​​កម្ម​ការនី​ ៣​នាក់​ កំពុង​អង្គុយ​ធ្វើ​ការ​ រង​របួស​ធ្ងន់​

ខេត្តកំពង់ឆ្នាំង៖ កម្មការនីធ្វើ៣នាក់ ការនៅរោងចក្រកាត់ដេរMV ស្ថិតក្នុងអាគារA រងរបួសធ្ងន់ ត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំង ក្រោយពីពិដានម្នាងសិលាក្នុងរោងចក្រ ដាច់ធ្លាក់ត្រូវចំក្បាលពួកនាង ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរោងចក្រកាត់ដេរ MV វេលាម៉ោង៧និង៣៥នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារនារីរងគ្រោះបានអោយដឹងថា៖ ជនរងគ្រោះទាំងបីនាក់មានឈ្មោះ ស៊ឹម ស្រីស្រស់ អាយុ២៧ឆ្នាំ មានផ្ទៃពោះ៦ខែ រស់នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង បានរងរបួសធ្ងន់ត្រង់ស្មាក្បែរកញ្ចឹងករផ្នែកខាងក្រោយ, ទី២ឈ្មោះ រ៉ែន ភិរម្យ អាយុ២១ឆ្នាំ រស់នៅភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ រងរបួសក្បាលធ្ងន់, ទី៣ឈ្មោះ វ៉ាន់ ស្រីតូច អាយុ២៥ឆ្នាំរស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានរងរបួសចំក្បាលសន្លប់ជាង៣ម៉ោងទើបដឹងខ្លួននៅក្នុងមន្ទីរពេទ្យ ។

fbnfgmjhs
កម្មការិនីរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ក្រោយពេលដឹងខ្លួន នារីរងគ្រោះទាំង៣នាក់បាននិយាយឲ្យដឹងថា៖ មុនពេលកើតហេតុ ពួកនាងកំពុងធ្វើការនៅក្នុងអាគារA ជាអាគារត្រួតពិនិត្យសំលៀកបំពាក់ក្រោយការកាត់ដេរ ខណៈនោះស្រាប់តែពិដានម្នាងសិលា៤ទៅ៥ផ្ទាំង មានទំហំប្រមាណកន្លះម៉ែត្រ៤ជ្រុង បានធ្លាក់មកចំក្បាលពួកនាង បណ្តាលឲ្យពួកនាងទាំង៣រងរបួសធ្ងន់ ក្នុងនោះមានម្នាក់បានសន្លប់ជាច្រើនម៉ោង ។ ក្រោយពេលកើតហេតុ ត្រូវបានក្រុមហ៊ុនដឹកបញ្ជូនពួកនាងមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

ពួកនាង និងអាណាព្យាបាលសំណូមពរដល់ប្រធានក្រុមហ៊ុនរោងចក្រMVជួយព្យាបាលរបួសពួកនាងឲ្យជាសះស្បើយឡើងវិញ និងសំណូមពរកុំឲ្យកាត់ប្រាក់ខែពួកនាង ក្នុងរយៈពេលដែលពួកនាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។

fvbfdjfh
រោងចក្រកើតហេតុ

នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដានេះ គេឃើញតំណាងក្រុមហ៊ុនជនជាតិចិនបានចុះទៅសួរសុខទុក្ខជនរងគ្រោះទាំង៣នាក់ផងដែរនៅក្នុងមន្ទីរពេទ្យខេត្ត។ ដោយឡែកជនជាតិខ្មែរម្នាក់ជាប្រធានធនធានមនុស្សក្នុងរោងចក្របានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់នេះ បណ្តាលមកពីដាច់ខ្សែលួស ទើបពិដាន៤ទៅ៥ផ្ទាំងនេះ ធ្លាក់ចំបងប្អូនកម្មករទាំង៣នាក់ ។ ក្នុងករណីនេះ ខាងក្រុមហ៊ុននឹងជួយដោះស្រាយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងមិនកាត់ប្រាក់ខែពួកគាត់ដែរ ព្រោះនេះជាគ្រោះថ្នាក់ក្នុងពេលធ្វើការងារ។ រីឯពិដាននៅក្នុងអាគារនេះ និងអាគារដទៃទៀតក្រុមហ៊ុននឹងពិនិត្យមើល ព្រមទាំងដោះដូរឡើងវិញ ដើម្បីកុំអោយមានគ្រោះថ្នាក់បែបនេះកើតឡើងទៀត ៕

សុក្រិត

RELATED ARTICLES