ខេត្តបាត់ដំបង ៖ បុរស ២ក្រុម បាននាំគ្នាទៅជួបជុំផឹកស៊ីក្បែរគ្នា (២វង់ផ្សេងគ្នា) អបអរពិធីឆ្លងឆ្នាំថ្មី ២០២៣ តែមិនទាន់បានឆ្លងឆ្នាំផង ស្រវឹងធ្លាក់ភ្នែកគ្រប់គ្នាទៅហើយ រួចក៏ចាប់ផ្តើមសម្លឹងមុខឌឺដងដាក់គ្នាទៅវិញទៅមក រហូតផ្ទុះជាហិង្សា ទាញដំបង កាំបិត វាយកាប់ចាក់គ្នាទាំងកំរោល បណ្តាលឱ្យរងរបួសសងខាង ក្នុងនោះ មានម្នាក់ បានរងរបួសដាច់កដៃម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនបានអ្នកពាក់ព័ន្ធ ចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់ ខណៈអ្នកផ្សេងទៀត បានរត់គេចបាត់អស់។
ករណីអំពើហិង្សាកាប់ចាក់គ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចបុរីងិនវិត ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន។
លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមទាំងម្នាក់ទៀតដាច់កដៃម្ខាង កំពុងដេកពេទ្យផងនោះ គឺជាភាគីជម្លោះដែលកាប់ចាក់គ្នា ដោយក្នុងនោះភាគីម្ខាងដែលដាច់ដៃ មានគ្នា៤នាក់ រីឯម្ខាងទៀតដែលមានរបួស បែកក្បាល មានគ្នា៥នាក់ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ភាគីទី១-មានសមាសភាពចំនួន៤នាក់ រួមមាន ទី១-ឈ្មោះជៀវ វី អាយុ៣៣ឆ្នាំ (ឃាត់ខ្លួន)។ ទី២-ឈ្មោះប៉ោ ពៅ អាយុ៣៦ឆ្នាំ (របួសដាច់កដៃម្ខាង)។ ទី៣-ឈ្មោះខ្លី ភេទប្រុស អាយុប្រហែល៣២ឆ្នាំ រស់នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន (រត់គេចខ្លួន) និងទី៤-ឈ្មោះឡុង ហៅខ្លុង ភេទប្រុស អាយុប្រហែល៣១ឆ្នាំ រស់នៅភូមិវាល់វង់ ឃុំតាស្តា ស្រុកសំពៅលូន (រត់គេចខ្លួន)។ ចំណែក ភាគីទី២-មានសមាសភាពចំនួន៥នាក់ រួមមាន ទី១-ឈ្មោះខែម សុខា ហៅកាត់ អាយុ១៩ឆ្នាំ របួសរយះក្បាល (ឃាត់ខ្លួន)។ ទី២-ឈ្មោះផែន សម្បត្តិ អាយុ១៩ឆ្នាំ របួសម្រាមដៃស្តាំ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះប៉ាវ ប្រុសអាយុ១៨ឆ្នាំ នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន (រត់គេចខ្លួន) និង២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅយប់កើតហេតុ ជាពេលឆ្លងឆ្នាំសកល ២០២២-២០២៣ មានមនុស្សម្នាជាច្រើន បាននាំគ្នាទៅបោះតង់ និងប្រមូលផ្តុំគ្នាផឹកស៊ីនៅកន្លែងកើតហេតុ រង់ចាំឆ្លងឆ្នាំថ្មី។ ក្នុងនោះគេឃើញភាគីទាំង២ខាងលើ បានអង្គុយផឹកក្បែរគ្នា។ លុះមិនទាន់បានឆ្លងឆ្នាំផង ភាគីទាំងសងខាង បានស្រវឹងស្រាធ្លាក់ភ្នែកអស់ទៅហើយ រួចក៏ចាប់ផ្តើមមើលមុខគ្នា និងនិយាយឌឺដងដាក់គ្នាទៅវិញទៅមក រហូតផ្ទុះជាជម្លោះហិង្សាយ៉ាងសាហាវតែម្តង។
ប្រភពដដែល បញ្ជាក់ថា ជាក់ស្តែង គេឃើញភាគីដាច់ដៃម្ខាង មានគ្នា៤នាក់ ជាអ្នកស្ទុះទៅវាយនិងកាប់ភាគីមានគ្នា៥នាក់មុន ដោយប្រើកាំបិតផ្គាក់ កាប់ប្រហារគូទំនាស់ លុះភាគី៥នាក់តបតវិញ ក៏ធ្វើឱ្យរបួសធ្ងន់ម្នាក់ ដាច់កដៃម្ខាងតែម្តង ហើយភ្លាមៗនោះ សមត្ថកិច្ចបានចុះ អន្តរាគមន៍ និងឃាត់ខ្លួនភាគីទាំងសងខាង បានចំនួន០៣នាក់។
លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន បានបញ្ជាក់ថា ក្រោយធ្វើការឃាត់ខ្លួន ភាគីទាំង២នាក់បានដាក់ពាក្យបណ្តឹងចោទប្រកាន់គ្នាទៅវិញទៅមក តែបើតាមសកម្មភាពច្បាំងគ្នាជាក់ស្តែង ពួកគេបានកាប់គ្នាទៅវិញទៅមក ដែលផ្តើមចេញពីរឿង “ផឹកស៊ីមើលមុខគ្នា” ក្នុងថ្ងៃឆ្លងឆ្នាំសកល។
យ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញ កំពុងស៊ើបអង្កេតស្រាវជ្រាវរកការពិត និងកំពុងតាមឃាត់ខ្លួនជនដែលពាក់ព័ន្ធ ដើម្បីនាំយកមកសាកសួរ និងចាត់ការតាមច្បាប់៕