ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានទាក់ទងស្នេហាជាមួយនារីម្នាក់ រហូតដល់ខាងស្រីស្ម័គ្រមករួមរស់ ជាមួយគ្នាដូចប្តីប្រពន្ធ នៅផ្ទះម្តាយខាងប្រុស លុះមួយរយៈក្រោយមក អ្នកទាំងពីរ កើតមានទំនាស់ពាក្យសម្តីនឹងគ្នា ជាហេតុធ្វើឱ្យភាគីប្រពន្ធខឹង ក៏ចុះចេញបាត់ ដោយ ប្រាប់ថា ចេញទៅធ្វើការនៅភ្នំពេញ។ ចំណែកបុរសជាប្តី បានព្យាយាមតាមអង្វរលួងលោមប្រពន្ធ ជាច្រើនដងដែរ ឱ្យវិលមករួមរស់ជុំគ្នាវិញ តែខាងស្រីមិនស្តាប់ ជាហេតុធ្វើឱ្យខាងប្រុសខូចចិត្ត គិតខ្លី បញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួននៅក្នុងផ្ទះ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកោះកែវក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
បុរសដែលចងកសម្លាប់ខ្លួន ព្រោះវិបត្តិស្នេហានោះ មានឈ្មោះថេ ហេង អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីស្ត្រីជាម្តាយយុវជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានដឹកគាត់ទៅចូលរួមក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកល២០២៣ ក្រោយមកនៅវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ កូនប្រុសរបស់គាត់បានដឹកគាត់ត្រឡប់មកផ្ទះវិញ និងថែមទាំងបានទិញបង្អែម ម្ហូបចំណី មកហូបជុំគ្នា រួចស្ទុះមកឱបរូបគាត់ជាម្តាយ ហើយពោលពាក្យផ្តាំបងស្រីរបស់គេថា សូមកុំមានពាក្យសម្តីធ្ងន់ៗមកលើម្តាយ ព្រោះខ្លាចគាត់ខឹងសម្បា នាំឱ្យឈឺ។
ស្ត្រីជាម្តាយ បន្តថា និយាយរួច កូនប្រុសគាត់ ចុះពីលើផ្ទះ ទៅសម្រាកខាងក្រោម ដូចសព្វដង ចំណែកពួកគាត់ជាក្រុមគ្រួសារ ក៏មិនចាប់អារម្មណ៍នឹងសម្តីកូនប្រុសនេះដែរ មិនស្មានថា នេះជាពាក្យផ្តាំលាជាចុងក្រោយរបស់កូនប្រុសសោះ។ រហូតមកដល់ព្រឹកឡើង ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បងស្រីរបស់គេ បានក្រោករៀបចំដាំបាយ ធ្វើម្ហូបឆ្អិនរួចហើយ ក៏ហៅគាត់ជាម្តាយចុះមកហូបបាយ រួចក៏ដើរទៅគោះទ្វារហៅប្អូនប្រុស នៅបន្ទប់ខាងក្រោម តែមិនឮសំឡេងប្អូនឆ្លើយសោះ ទើបរុញបើកទ្វារចូលទៅមើល ស្រាប់តែឃើញប្អូនប្រុស ចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោហៅគាត់ជាម្តាយ ឱ្យចូលទៅមើល ក៏ឃើញកូនប្រុសនេះចងកស្លាប់មែន ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរខាង បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សដែលមានចរិតស្លូតបូតល្អណាស់ មិនដែលមានជម្លោះទាស់ទែងអ្វីជាមួយបងប្អូនណាម្តងណាឡើយ ហើយកន្លងមក គេបានចេញទៅធ្វើជាពលករនៅឯប្រទេសថៃ ប៉ុន្តែកាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរ ២០២២ គេបានវិលត្រឡប់មកស្រុកកំណើត រួចក៏លែងទៅប្រទេសថៃ វិញ ដោយប្រាប់ថា នៅប្រទេសថៃ ធ្វើការហត់ណាស់ ចង់វិលត្រឡប់មកធ្វើការនៅក្នុងស្រុកភូមិវិញ។
ប្រភពខាងលើ បញ្ជាក់ថា កន្លងមកជនរងគ្រោះ មានការទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ រហូតឈានដល់នាំខាងស្រី មករស់នៅជាមួយគ្នា ដូចប្តីប្រពន្ធ នៅផ្ទះម្តាយ ក្នុងភូមិកើតហេតុខាងលើ និងឃើញថា មានសភាពល្អូកល្អិននឹងគ្នាល្អណាស់។ ស្រាប់តែមួយរយៈមុននេះ អ្នកទាំងពីរ បានកើតមានជម្លោះនឹងគ្នា ប៉ុន្តែមិនដឹងថា ឈ្លោះគ្នាពីរឿងអ្វីឱ្យពិតប្រាកដនោះទេ ស្រាប់តែខាងស្រីបានចុះចេញទៅបាត់ ដោយប្រាប់ថា ទៅធ្វើការនៅរាជធានីភ្នំពេញ។ ចំណែកខាងប្រុស បានព្យាយាមតាមលួងលោមហៅខាងស្រី ឱ្យវិលត្រឡប់មកវិញដែរ តែខាងស្រីមិនព្រម ទើបធ្វើឱ្យពិបាកចិត្ត ក៏សម្រេចចិត្តគិតខ្លី បញ្ចប់ជីវិតបែបនេះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានមកធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា សពជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។ ដោយនៅក្បែរសព សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំ ១ច្បាប់ ដែលជនរងគ្រោះសរសេរផ្តាំផ្ញើក្រុមគ្រួសាររបស់ខ្លួនជាលើកចុងក្រោយ។
នៅក្នុងលិខិតបណ្តាំរបស់ជនរងគ្រោះ បានសរសេររៀបរាប់ថា “យកខ្ញុំទៅដុតចោល នៅវត្តទៅ បានហើយ មិនបាច់ធ្វើបុណ្យឱ្យខ្ញុំទេ ហើយយកឆ្អឹងខ្ញុំទៅចាក់ចោលនៅទឹកស្ទឹងទាំងអស់ទៅ មិនបាច់ទុកទេ មើលថែម៉ែផង កុំខ្លាចខ្ញុំអី សុំទោសអ្នកទាំងអស់គ្នា…”។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕