Sunday, December 22, 2024
Homeបរិយាយសុខទុក្ខព្រោះអណ្តាត

សុខទុក្ខព្រោះអណ្តាត

ដោយ អាចារ្យថាំ

“អណ្តាត ជាអាទិ៍កន្លង បានសុខទុក្ខផង ព្រោះអណ្តាត” ជាពាក្យទំនឹមបុរាណ ផ្តោតទៅលើការនិយាយស្តី បើភ្លាត់ខុស នឹងជួបបញ្ហា ប៉ុន្តែសព្វថ្ងៃ បច្ចេកទេសគាត់ត ធ្វើឱ្យពាក្យត្រូវ ក្លាយជាខុស ខុសក្លាយជាត្រូវ។ អណ្តាតមនុស្សដែលនិយាយ គ្រលៀវចេញទៅ តែងមានការប្រុងប្រយ័ត្ន សូម្បីតែជនក្បត់ ទៅចុះចូលភាគីណាមួយ ក៏គេចេះរៀបពាក្យសម្តីវ៉ៃស្រប មិនឱ្យចាប់កំហុសបាន ប៉ុន្តែបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ប្រែប្រួលអស់ហើយ។ ករណីលោកកឹម សុខា ជាប់សំណាញ់ច្បាប់ ជាង៤ឆ្នាំកន្លងមកនេះ មកពីអណ្តាតរបស់គាត់នាំទុក្ខ ប៉ុន្តែអ្នកគាំទ្រគាត់ថា ជាករណីកាត់តសំឡេង ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (CPP) បានសរសេរក្នុងគណនីហ្វេសប៊ុក ថា “រឿងសំឡេង និងវីដេអូ ទោះកាត់តយ៉ាងណា សំឡេងនៅតែជារបស់កឹម សុខា ដដែលអត់ក្លែងក្លាយ” សំណេរនេះ មានន័យថា មកពីលោកកឹម សុខា ទៅឃោសនានយោបាយនៅអូស្ត្រាលី ធ្វើឱ្យប៉ះពាល់ដល់រាជរដ្ឋាភិបាល ទើបត្រូវចាប់ខ្លួន។ ទោះជាគាត់និងសហការី តវ៉ាថា ជាការកាត់តសំឡេង ក៏ពិបាកប្រកែកដែរ ព្រោះសំឡេងគាត់នៅដដែល ដូចអ្វីដែលលោកសុខ ឥសាន បានលើកឡើង ខាងលើ។

“អណ្តាតជាអាទិ៍កន្លង” ជារឿងសំខាន់បំផុត សម្រាប់អ្នកនយោបាយជាន់ខ្ពស់ ដែលគូប្រជែងតាមដានជានិច្ច ផ្ទុយពី អណ្តាតអ្នកក្រ ដែលគេហៅថា “មាត់ស៊ីអំបិលប្រហុក” គ្មានអ្នកណាតាមដានទេ។ មាត់ស៊ីអំបិលប្រហុក ឬអណ្តាតពួកប្រឆាំង លេចចេញតាមបណ្តាញសង្គម ជាពិសេស នៅក្នុងខ្ទង់ ជៀមមនេត ជេរបក្សកាន់អំណាច (ជភភ) រាល់ថ្ងៃនោះ វាសាំត្រប៉ែ គ្មានអ្នកណាចាប់អារម្មណ៍ ជេរអីជេរទៅ ប៉ុន្តែអណ្តាតអ្នកនយោបាយជាន់ខ្ពស់ ខុសបន្តិច គ្រោះថ្នាក់។

អណ្តាតជាអាទិ៍កន្លង បើសម្រាប់ប្រជារាស្ត្រសាមញ្ញ ទោះជាគាត់និយាយខុសក៏រួចទុក្ខទោសភ្លាម ព្រោះគាត់មិនធ្វើ នយោបាយ។ ឧទាហរណ៍កាលពីឆ្នាំ១៩៦៣ សម័យសង្គមរាស្ត្រនិយម ចៅហ្វាយខេត្តកំពត បានរៀបចំពិធីសម្ពោធអនុវិទ្យាល័យមួយ ក្រោមព្រះរាជាធិបតីភាពសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ និងជានាយករដ្ឋមន្ត្រី។

កាលនោះ អាជ្ញាធរដែនដីបានជ្រើសរើសលោកអាចារ្យម្នាក់ ឱ្យឡើងថ្លែងសុន្ទរកថា តាងនាមប្រជារាស្ត្រមូលដ្ឋាន ស្វាគមន៍សម្តេចឪ ដែលមានព្រះបរមនាមថា ព្រះបិតាឯករាជ្យជាតិ។ ចៅហ្វាយស្រុក បានប្រើស្មៀនលេខាធិការឱ្យ សរសេរសុន្ទរកថា វាយអង្គុលីលេខត្រឹមត្រូវ យកទៅឱ្យលោកអាចារ្យហាត់អានឱ្យស្ទាត់។

លុះដល់ពេលប្រារឰពិធី លោកអាចារ្យនោះ ស្លៀកសំពត់ចងក្បិន ពាក់អាវសកត្រង់ ស្បែកជើងខ្វៀ ត្រូវពិធីករហៅ ឡើងសូត្រសុន្ទរកថា ទូលថ្វាយសម្តេចឪ ដែលគង់លើវេទិកា ទ្រង់ព្រះសណ្តាប់។ តាមសាក្សីដែលឈរពីក្រោយគាត់ បាន ឱ្យដឹងថា គ្រាន់តែចាប់ក្បាលមីក្រូភ្លាម លោកអាចារ្យ “គ្រុនក្រដាស ញ័រដៃ ញ័រមាត់ទទ្រើក ព្រោះចាញ់ច្រាបស្តេច ដោយ ប្រឹងសូត្រទាំងរដាក់រដុប។ លុះចុងបញ្ចប់ នាំស្រែកជយឃោស “ជយោ! សម្តេចឪ!” ឮស្នូរទះដៃប្រាវ! បន្ទាប់មក គាត់សូត្រ ថា “ជយោ! បរាជ័យអាក្បត់ជាតិ” (សំដៅដល់សឺង ង៉ុកថាញ់ សម សារី)។ គ្មានឮសូរទះដៃបន្តិចទេ ព្រោះគាត់យកពាក្យ “ជយោ! បរាជ័យ!” មកប្រើខុសរបៀប ប៉ុន្តែ សាក្សីថា កាលនោះសម្តេចឪ ទ្រង់ព្រះសម្រួល (សើច)។

លុះសម្តេចឪ យាងឡើងព្រះទីនាំងឧទ្ធម្ភាគចក្រ ទៅរាជធានីវិញ ស្រាប់តែនាយកងរក្សាព្រះអង្គ បញ្ជាកូនចៅឱ្យ ចាប់លោកអាចារ្យវ៉ៃខ្នោះ យកទៅបាត់ ព្រោះកំហុស “ជយោ! អាក្បត់ជាតិ”។ រំលងបាន២ថ្ងៃ គេដោះលែងគាត់វិញ បន្ទាប់ពី សម្តេចឪ ទ្រង់ជ្រាប ត្រាស់បង្គាប់ឱ្យដោះលែង ព្រោះគាត់គ្មានបំណងសូត្រយ៉ាងនេះទេ តែមកពី “គ្រុនក្រដាស” ធ្វើឱ្យភ្លាត់ សេចក្តី។

ការលើកឡើងនូវរឿងពិតនេះ ស្តែងឱ្យឃើញថា “អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ព្រោះអណ្តាត” នេះឯង។ ជំនាន់នេះ មិនទាន់មានកុំព្យូទ័រ ឬទូរស័ព្ទទំនើបដូចសព្វថ្ងៃនេះទេ តែមានឧគ្ឃោសនសព្ទ (មីក្រូ) បំពងសំឡេងខ្ទរខ្ទារ ថា ខុសមួយម៉ាត់ សមត្ថកិច្ចចាប់វ៉ៃខ្នោះ ប៉ុន្តែដោយសារគាត់ជារាស្ត្រសាមញ្ញ ទើបជាប់ឃុំមិនបានយូរ។

ផ្ទុយទៅវិញ សម័យវិទ្យាសាស្ត្រព័ត៌មានវិទ្យានេះ គេអាចកាត់តអក្សរសំឡេង និងរូបថតបានយ៉ាងងាយ ទុកជាភ័ស្តុ-តាងចោទប្រកាន់។ ករណីលោកសុខ ឥសាន ថា “ឃ្លីបសំឡេង និងវីដេអូ ទោះកាត់តយ៉ាងណា សំឡេងនៅតែជារបស់កឹម សុខា ដដែលអត់ក្លែងក្លាយ” ពុំមែនមានន័យថា ជាសំឡេងកាត់តនោះទេ តែក្នុងន័យឌឺដងទៅលោកកឹម សុខា និងសហការី ដែលចោទប្រកាន់ថា ជាសំឡេងកាត់ត។ អាចថាជាករណី “រុញទូកបណ្តោយទឹក” ក៏ថាបាន ពោលគឺទោះជាកាត់ត ក៏សំឡេង ជារបស់កឹម សុខា ដដែល។

ដូច្នេះ បើកុំតែគាត់កុំទៅនិយាយនៅអូស្ត្រាលី ក៏អត់អីដែរ ដែលតុលាការ ត្រូវតែអនុវត្តនីតិវិធី “ស្រាវជ្រាវឱ្យឃើញ ការពិតសិន” ទោះជាស្រាវជ្រាវ ស៊ើបអង្កេតជាង៤ឆ្នាំ ក៏អ្វីៗជាតួនាទីរបស់តុលាការ។

ទោះយ៉ាងណា អ្នកចេះដឹងកម្រិតបណ្ឌិត ចេះពិចារណាវែងឆ្ងាយណាស់ អាចដឹងថា អ្វីក្លែងក្លាយអ្វីពិតប្រាកដ មិនអាច បន្លំភ្នែកបណ្ឌិតបានទេ។ ដូចករណីអាចារ្យសូត្រសុន្ទរកថា ភ្លាត់អណ្តាត សម្រាប់អ្នកចេះ អត់ប្រកាន់ទេ ប៉ុន្តែមនុស្សមិនឆ្លាត ដូចនាយកងរក្សាព្រះអង្គនោះ បញ្ជាឱ្យវ៉ៃខ្នោះគាត់ លុះទ្រង់ជ្រាបដល់សម្តេចឪ ក៏ត្រាស់បង្គាប់ឱ្យដោះលែងភ្លាម។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបណ្ឌិត ក៏អត់ចាប់កំហុសលោកកឹម សុខា ដែលទៅនិយាយនៅអូស្ត្រាលី នោះដែរ ប៉ុន្តែ តុលាការ ជាអ្នកចោទប្រកាន់មេប្រឆាំងលំដាប់ទី២នេះ ថា “ក្បត់ជាតិ ឬសន្ទិដ្ឋភាពជាមួយបរទេស”។ សម្តេចហ៊ុន សែន គ្មានសិទ្ធិដោះលែងជនជាប់ចោទនោះទេ ទោះជាសម្តេច សម្តែងមនោសញ្ចោតនាទន់ភ្លន់ ទទួលបដិសណ្ឋារកិច្ចលោកកឹម សុខា កាលទៅចូលរួមបុណ្យសពសម្តេចហ៊ុន ណេង ក៏ដោយចុះ។ ផ្ទុយពីសម្តេចឪ ព្រះប្រមុខរដ្ឋសម័យនោះ មានព្រះរាជសិទ្ធិដោះលែង ពិរុទ្ធជន ឬទណ្ឌិត។

ជោគវាសនាលោកកឹម សុខា នឹងដឹងលទ្ធផលនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះហើយ ព្រោះតែអណ្តាត របស់គាត់។ លុះត្រាតែតុលាការ ចេញសាលក្រមផ្តន្ទាទោសសិន ទើបនាយករដ្ឋមន្ត្រី ហ៊ានលូកដៃទូលស្នើព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោសបាន។

មានទស្សនៈខ្លះថា សំឡេងលោកកឹម សុខា “គ្មានការកាត់តអ្វីទេ” ប៉ុន្តែមកពីអណ្តាតគ្រលៀវលឿនពេក ឬ “ស្រវឹង ក្បាលមីក្រូ” ជាហេតុនាំឱ្យ CPP ចាប់កំហុសបាន។ ដូចអ្វីដែល “នគរធំ” បញ្ជាក់រួចហើយថា “មាត់ស៊ីអំបិលប្រហុក” ទោះបី ជាជេរដៀមដាម CPP យ៉ាងណា ក៏សមត្ថកិច្ចមិនធ្វើអីទេ បើជាមតិរិះគន់ស្ថាបនា វៀរលែង “បរិហារកេរ្តិ៍” ធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សង្គម។ ផ្ទុយទៅវិញ មាត់និងអណ្តាតអ្នកនយោបាយជាន់ខ្ពស់ ដូចលោកសម រង្ស៊ី លោកកឹម សុខា ជាដើម គេតាមដានស្តាប់គ្រប់ម៉ាត់ គ្រប់ឃ្លាប្រយោគ ទាំងភាសាខ្មែរ ទាំងបារាំង អង់គ្លេស បើភ្លាត់អណ្តាតតែបន្តិច មាន ប្រតិកម្មភ្លាម។ វិទ្យុប្រឆាំងខ្លះ ដែលខ្ទាតទៅនៅក្រៅប្រទេស ក៏ដោយសារពិធីករវិទ្យុ នោះប្រើអណ្តាតប្រមាថកាតទាន CPP ដែរ ទើបមិនហ៊ាននៅ ក៏ឱបបង្វេច អូសវ៉ាលិស រត់ឡើងយន្តហោះ។

សរុបទៅ “សុខទុក្ខព្រោះអណ្តាត” មានខ្លឹមសារចង់ឱ្យមនុស្សគ្រប់រូប ចេះប្រយ័ត្នអណ្តាតនេះឯង។ អណ្តាតខ្លះធ្វើឱ្យ ម្ចាស់វា បានបុណ្យស័ក្តិ ព្រោះជាអណ្តាតបែបអបឡេមឡឺម។ អណ្តាតខ្លះទៀត នាំម្ចាស់វាឱ្យជាប់គុកច្រវាក់។ ហេតុនេះ ហើយ ទើបឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានសរសេរវណ្ណកម្ម “គតិលោក” និយាយពីដង្ខៅប្រើកូនឈ្នួលទៅទិញសាច់ណាដែល ល្អ និងសាច់ណាដែលអាក្រក់ជាងគេ មកធ្វើម្ហូប។ កូនឈ្នួលនោះទៅផ្សារ ប្រមូលទិញសុទ្ធតែអណ្តាតគោ អណ្តាតជ្រូក ព្រោះវាជាតំណាងឱ្យ “ល្អក៏ព្រោះអណ្តាត អាក្រក់ក៏ព្រោះអណ្តាត”…។

RELATED ARTICLES