ភ្នំពេញ ៖ ក្មេងស្រីម្នាក់ វ័យ ១៤ឆ្នាំ ជាកូនឈ្នួលនៅក្នុងហាងបោកអ៊ុតសម្លៀកបំពាក់ និងហាងសាឡន មួយកន្លែង មិនដឹងជាខូចចិត្តរឿងអ្វី ស្រាប់តែគិតខ្លីដល់ថ្នាក់បញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន នៅមាត់បង្អួច គ្រាដែលម្ចាស់ផ្ទះមិននៅ រវល់ចេញទៅចូលរួមមង្គលការសាច់ញាតិអស់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបុរីពិភពថ្មី ផ្សារឈូកមាស ផ្ទះលេខ១២០ ផ្លូវព សង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ។
ក្មេងស្រីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះណាកេត ភេទស្រី អាយុ១៤ឆ្នាំ ជាបុគ្គលិកក្នុងហាងបោកអ៊ុត និងសាឡន ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ។
តាមការបញ្ជាក់ពីស្ត្រីជាម្ចាស់ផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា មុនកើតហេតុ រូបគាត់និងក្រុមគ្រួសារ បានចេញពីផ្ទះ ទៅខេត្ត ដើម្បីទៅចូលរួមមង្គលការបងប្អូន ដោយទុកឱ្យក្មេងស្រីរងគ្រោះ ជាកូនឈ្នួល នៅមើលផ្ទះតែម្នាក់ឯង។ ក្រោយមក គាត់បានឆ្លៀតឆែកកាមេរ៉ាសុវត្ថិភាព មើលក្នុងបរិវេណជុំវិញផ្ទះ ក៏ឃើញភ្ញៀវមកយកខោអាវ តែមិនឃើញក្មេងស្រីរងគ្រោះចេញមកក្រៅ យកខោអាវឱ្យភ្ញៀវសោះ ទើបគាត់បានទូរស័ព្ទមកឱ្យអ្នកជិត ខាងជួយទៅមើល។ បន្ទាប់មក អ្នកជិតខាងបានដើរចូលទៅខាងក្នុងផ្ទះ ស្រាប់តែប្រទះឃើញក្មេងស្រីរងគ្រោះ បានយកខ្សែចងកសម្លាប់ខ្លួន នៅជាប់នឹងមាត់បង្អួច ស្លាប់បាត់ទៅហើយ រួចក៏ប្រញាប់ទាក់ទងមកប្រាប់រូបគាត់ជាម្ចាស់ផ្ទះ ដើម្បីរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកទីតាំងកើតហេតុភ្លាមៗ។
ស្ត្រីជាម្ចាស់ផ្ទះ បានឱ្យដឹងថា គាត់នបានដឹងច្បាស់ថា តើក្មេងស្រីរងគ្រោះជាកូនឈ្នួលរបស់គាត់នេះ មានបញ្ហាវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែនៅសុខៗ ប្រទះឃើញនាងគិតខ្លីចងកបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តង។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ របស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឱ្យចុះមកពិនិត្យសពក្មេងស្រីរងគ្រោះ។
ក្រោយពីខាងជំនាញពិនិត្យរួច បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្មួនប្រាកដមែន។
សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕