ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានទៅចូលរួមពិធីកាត់ចំណងដៃកូនកំលោះក្រមុំ ១គូ នៅក្នុងភូមិ រួចបានស៊ីផឹករហូត ស្រវឹងធ្លាក់ភ្នែក នឹកឃើញចង់ច្រៀង ក៏ដើរទៅកុម្មង់បទចម្រៀង ពីក្រុមតន្ត្រី ប៉ុន្តែដោយសារតែចាំយូរ ដល់បទរបស់ខ្លួនពេក ស្រាប់តែជនកំណាចនេះ បានដើរទៅកន្លែងចុងភៅ ទាញកាំបិតប៉័ងតោ មកសៀតចង្កេះ រួចឡើងឆាកតន្ត្រី ទៅសំពះជម្រាបសួរអ្នកចម្រៀងប្រុសម្នាក់ ២-៣ដង បន្ទាប់មកបានទាញកាំបិតកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចរោងពិធីកាត់ចំណងដៃគូស្វាមីភរិយាថ្មោងថ្មី ១គូ ស្ថិតនៅផ្ទះរបស់ឈ្មោះស៊ន អែម ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតក្នុងភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ជនដៃដល់ដែលកាប់អ្នកចម្រៀងម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផាន សុជាតិ អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះកែវ ឌីវ៉ា ភេទប្រុស មុខរបរអ្នកចម្រៀង ច្រៀងឱ្យក្រុមតន្ត្រីដង្ខៅស្រុកស្រែ (រងរបួសធ្ងន់ត្រង់ស្មាខាងឆ្វេង)។
លោកឆុំ សាវុធ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទៅចូលរួមពិធីកាត់ចំណងដៃគូស្វាមីភរិយាថ្មោងថ្មីមួយ នៅក្នុងភូមិ ដោយក្នុងពិធីនោះ មានរៀបចំវង់តន្ត្រី ១ក្រុម ដើម្បីច្រៀងជូនភ្ញៀវស្តាប់កម្សាន្ត និងរាំ លេងផង ហើយក្នុងនោះ ជនរងគ្រោះ គឺជាអ្នកចម្រៀងម្នាក់ប្រចាំក្រុមតន្ត្រីខាងលើ។
លោកអធិការរង បន្តថា ក្នុងពេលនោះ ភ្ញៀវកំពុងនាំគ្នារាំចង្វាក់រាំវង់ ចំណែកជនដៃដល់ ឈ្មោះផាន សុជាតិ បានឡើងទៅលើឆាកតន្រី សុំច្រៀងមួយបទ ជាចង្វាក់ស្លូ។ គ្រានោះ អ្នកចម្រៀងបាននិយាយប្រាប់ថា “ចាស់ៗគេកំពុងតែរាំវង់ បើបងច្រៀងបទស្លូ មិនមានគេរាំទេ ចាំបន្តិចសិនទៅ”។ បន្ទាប់មក ជននេះបានមកតុអង្គុយផឹកស្រាបន្តទៀត ហើយចេះតែចាំយូរទៅៗ ក៏កើតការខឹងសម្បា ហើយដើរតម្រង់ទៅកន្លែងចុងភៅធ្វើម្ហូប រួចយកកាំបិតប៉័ងតោ មកសៀតនឹងចង្កេះ ហើយដើរតម្រង់ទៅលើឆាកក្រុមតន្ត្រី។ ពេលឡើងដល់លើឆាកភ្លាម ជនដៃដល់ បានលើកដៃជម្រាបសួរអ្នកចម្រៀងរូបនោះ ម្តងជាពីរដង រួចទាញកាំបិតមកកាប់ជនរងគ្រោះតែម្តង។
លោកអធិការរង បានឱ្យដឹងទៀតថា ភ្លាមៗនោះ បង្កឱ្យមានការភ្ញាក់ផ្អើលពេញរោងការតែម្តង ហើយភ្ញៀវដែលមកចូលរួម នាំគ្នារត់ទៅផ្ទះរៀងៗខ្លួន។ ចំណែកក្រុមតន្ត្រី ក៏បានបិទមិនច្រៀងបន្តទៀតដែរ។ រីឯជនបង្កហេតុ ក្រោយពីបង្កហិង្សាហើយ បានរត់ទៅផ្ទះរបស់ខ្លួន ដែលមានចម្ងាយពីផ្ទះមង្គលការ ប្រមាណ៣០០ទៅ៤០០ម៉ែត្រ ហើយសម្ងំដេក ធ្វើដូចជាមិនដឹងរឿងអ្វីសោះ។ ដោយឡែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសភ្លាមៗដែរ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ បានទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងស្វែងរកចាប់ខ្លួនជនឈ្មោះ ផាន សុជាតិ បានភ្លាមៗ ដល់លំនៅឋានតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ ជនរងគ្រោះជាអ្នកចម្រៀង មិនបានប្តឹងទារសំណងអ្វីនោះទេ ដោយគ្រាន់តែស្នើឱ្យសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ចាត់ការជនដៃដល់រូបនោះតាមច្បាប់ប៉ុណ្ណោះ៕