ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ពិតជាគួរឲ្យអាណិតលោក គង់ គាំ ឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ដែលត្រូវអស់ដីនិងផ្ទះ តម្លៃ ២៥លានដុល្លារ ហើយនៅមានអ្នកប្រឈមនឹងរឿងបែបនេះច្រើនទៀត ក្នុងនោះ អាចមានទាំងលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាប់ឈ្មោះក្នុងបញ្ជីខ្មៅដែរ ខណៈដែលផ្ទះរបស់លោកសម រង្ស៊ី និងលោកសុន ឆ័យ ត្រូវបាននិងកំពុងបន្តចាត់ការ ។
លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានសរសេរ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ថា “ដល់ទៅយកដី កម្មសិទ្ធិរបស់គេស្រស់ៗ តម្លៃប្រមាណ ២៥លានដុល្លារ ហួសហេតុពេករបៀបនេះ គាំងយោបល់ហើយ។ គ្រាន់តែចង់និយាយថា អាណិតលោក គង់ គាំ។ តស៊ូអ៊ំ! នៅមានអ្នកប្រឈមនឹងរឿងបែបនេះច្រើនទៀត ទំនងជាមានទាំងឈ្មោះលោក កឹម សុខា ក្នុងបញ្ជីខ្មៅដែរ ខណៈពេលផ្ទះរបស់លោកសម រង្ស៊ី និងសុន ឆ័យ គេបាននិងកំពុងបន្តចាត់ការ។ មិនតូចទេ វាជារឿងស្លាប់រស់នៃគ្រួសារមួយ គេមិនសម្រាលងាយៗឡើយ ព្រោះបើអស់អំណាច រលាយខ្សុល!“ ។
ជុំវិញការលើកឡើងតាមបណ្តាញសង្គម ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់បន្ថែមពីអ្នកវិភាគ គឹម សុខ បានទេ កាលពីល្ងាចម្សិលមិញ។
ចំណែកលោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បាន លើកឡើងថា ឆ្លងការព្យុះបោកបក់នៅពេលនេះ ប្រសិនបើលោក គង់ គាំ អាចតស៊ូអត់ធ្មត់បានសម្រេច នោះជីវិតនយោបាយរបស់គាត់ នឹងរះឡើង នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
លោកសេក សុជាតិ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ថា “ការសម្រេចចិត្តរបស់លោក គង់ គាំ និងភរិយា យល់ព្រមប្រគល់ទ្រព្យសម្បត្តិរដ្ឋ ជូនរដ្ឋវិញ គឺជារឿងត្រឹមត្រូវ។ សូមអ្នកបំពានសម្បត្តិរដ្ឋ យកធ្វើជាកម្មសិទ្ធិទាំងអស់ មេត្តាប្រគល់ទ្រព្យសម្បត្តិទាំងអស់នោះ ជូនរដ្ឋផងដែរ ដើម្បីបញ្ជាក់ពីការស្នេហាជាតិ។
លោក គង់ គាំ ហ៊ានធ្វើសេចក្ដីសម្រេចចិត្តក្នុងពេលនេះ អាចបញ្ជាក់ឲ្យឃើញថា គាត់មិនចង់ឲ្យគំនាបនយោបាយ តាមរយៈបញ្ហាមួយនេះ ចងផ្នត់គំនិតគាត់ មិនឲ្យរវល់នឹងនយោបាយបន្តទៀតបានទេ ដូច្នេះអនាគតនយោបាយរបស់គាត់ នឹងកាន់តែឡើងកម្ដៅ ហើយការតស៊ូនយោបាយរបស់គាត់ ច្បាស់ជាជួបបញ្ហាបន្ថែមទៀត។
ប្រសិនបើលោក គង់ គាំ អាចតស៊ូអត់ធ្មត់បានសម្រេច នោះជីវិតនយោបាយរបស់គាត់ នឹងរះឡើងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
អ្នកនយោបាយដែលទទួលរងនូវការប្រមាថកាន់តែខ្លាំង សេចក្ដីក្លាហានរបស់គាត់នឹងកាន់មុតស្រួចឡើង ។
ការបំបាក់ស្មារតីនយោបាយរបស់គូប្រកួត តាមរយៈមធ្យោបាយនានាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាអំពើអធម្មនុញ្ញភាព និងជាអំពើដែលមិនគួរឲ្យគោរពនិងផ្ដល់តម្លៃឡើយ“។
ដោយឡែក អនុប្រធានយុវជនគណបក្សភ្លើងទៀន លោក ផន ផាន់ណា បានលើកឡើងពីភាពក្លាហានរបស់លោកគង់ គាំ ថាការតស៊ូរបស់គាត់ នឹងបានជោគជ័យ ដោយលោកបញ្ជាក់ថា ការដែលលោក គង់ គាំ សុខចិត្តប្រគល់ដីដែលមានតម្លៃជិត ១០០លានដុល្លារ ដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងឈឺចាប់ បង្ហាញថា នេះហើយឧត្តមគតិស្នេហាជាតិពិតប្រាកដ សុខចិត្តដើរតាមឆន្ទ:របស់ខ្លួន ។
លោក ផន ផាន់ណា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ថា “ក្រោយពីលោកហ៊ុន សែន គំរាមប្លន់ដីលោកពូ គង់ គាំ មិនបានប៉ុន្មានថ្ងៃផង ឃើញស្ថាប័នតុលាការនិងស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមការបញ្ជាហ៊ុន សែន បានចេញវិធានការហូរហែ។
ដោយលោកពូ គង់ គាំ យល់ច្បាស់ថា ស្ថាប័នទាំងនោះ ជាស្ថាប័នតេឡេរបស់ហ៊ុន សែន លោកពូខ្ជិលវែងឆ្ងាយ ក៏សម្រេចចិត្តប្រគល់អចលនទ្រព្យទាំងនោះទៅរដ្ឋ ដោយឈឺចាប់។
លោកពូ គង់ គាំ និងភរិយា សុខចិត្តប្រគល់ដីដែលមានតម្លៃជិត ១០០លានដុល្លារ ដល់ហ៊ុន សែន ទាំងឈឺចាប់ ។ នេះហើយឧត្តមគតិស្នេហាជាតិពិតប្រាកដ សុខចិត្តដើរតាមឆន្ទ: មិនបម្រើពួកអាយ៉ងបរទេស។ ក្មួយពិតជាគោរពនូវសេចក្តីសម្រេចចិត្តរបស់លោកពូណាស់“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោក ផន ផាន់ណា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ថា រឿងនេះគឺជារឿងនយោបាយសុទ្ធសាធ ហើយជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅដល់សំឡេងគណបក្សប្រឆាំង អ្នកដែលហ៊ានប្រឆាំងរដ្ឋាភិបាល ចេញមុខទៅចូលរួមជាមួយនឹងគណបក្សភ្លើងទៀន ។
លោក ផន ផាន់ណា បានមានប្រសាសន៍ថា “ហ្នឹងហើយ! សម្រាប់ព័ត៌មានព្រឹត្តិការណ៍ថ្មីៗនេះ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវេទិកាសាធារណៈមួយ គាត់បានលើកឡើងពីឯកឧត្ដម គង់ គាំ ដែលគាត់ចុងក្រោយធ្វើសារនយោបាយ ជាពិសេសពាក់ព័ន្ធជាមួយនឹងប្រវតិ្តគណបក្សប្រជាជន ។ អ៊ីចឹងហើយ ធ្វើឲ្យលោកហ៊ុន សែន ហ្នឹង មានការខឹងសម្បាខ្លាំង រហូតដល់គំរាមដកអចលនទ្រព្យលោក គង់ គាំ ជាពិសេសរឿងដីធ្លីរបស់គាត់ ដែលលោកហ៊ុន សែន លើកឡើងថា ដីរបស់លោកតា គង់ គាំ ហ្នឹង គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ពីមុនអ៊ីចឹង ហើយក្រសួងការបរទេស ប្រគល់ឲ្យតា គង់ គាំ រស់នៅអីអ៊ីចឹង ។
ហើយខ្ញុំសង្កេតឃើញថាមិនតិចទេ មន្រ្តីរបស់គណបក្សប្រជាជន ដែលរស់នៅលើដែលជាកម្មសិទ្ធិរបស់រដ្ឋ ក្រោយពីឆ្នាំ១៩៨០ ដល់៩០ហ្នឹង គឺមិនតិតទេ គឺច្រើនណាស់ ។ បើសិនជាលោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនូវការដកអចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រដ្ឋ ពីលោកតា គង់ គាំ សូមឲ្យលោកហ៊ុន សែន ពិនិត្យមើលមន្រ្តីរបស់រដ្ឋាភិបាលផ្សេងៗដែលគាត់កាន់កាប់ដីធ្លីរបស់រដ្ឋហ្នឹង គួរតែពិនិត្យមើលឲ្យទាំងអស់គ្នា មិនមែនដកតែលោកតា គង់ គាំ តែម្នាក់ទេ ។ អ៊ីចឹងខ្ញុំគិតថា រឿងហ្នឹងគឺជារឿងនយោបាយសុទ្ធសាធ ហើយជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅដល់សំឡេងគណបក្សប្រឆាំង អ្នកដែលហ៊ានប្រឆាំងរដ្ឋាភិបាល ចេញមុខទៅចូលរួមជាមួយនឹងគណបក្សភ្លើងទៀន ហ្នឹង គឺកំពុងតែធ្វើការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើការដកអចលនវត្ថុ ជាពិសេសដូចជាបណ្ដឹងលើឯកឧត្ដមសុន ឆ័យ ជាដើមហ្នឹង ហើយត្រឡប់មកការដែលថា តើខ្ញុំមានការកោតសរសើរចំពោះទឹកចិត្តលោកតាគង់ គាំ ដែរទេ? សម្រាប់ខ្ញុំ គឺខ្ញុំសូមកោតសរសើរចំពោះលោកតា គង់ គាំ ពន់ពេកក្រៃ ដែលដីរបស់គាត់ហ្នឹង តម្លៃចូលរាប់លានដុល្លារ បើគិតពីហាងឆេងដីនៅម្ដុំហ្នឹងទៅ ហើយទំហំដីរបស់គាត់ហ្នឹង អត់ក្រោមពី ៥០លានដុល្លារទេ ។ អ៊ីចឹងហើយ គាត់និងភរិយា បានស៊ីញេប្រគល់ដីហ្នឹងជូនទៅរដ្ឋាភិបាលហ្នឹង គឺការលំបង់ដ៏ធំធេងណាស់ យើងឃើញថា មិនងាយទេ ចំពោះអ្នកដែលមានការលះបង់ខ្ពស់ ជាពិសេសគឺរឿងទ្រព្យសម្បត្តិហ្នឹង ហើយយើងឃើញថា មានលោកសម រង្ស៊ី គាត់សុខចិត្តលះបង់ដីធ្លីរបស់គាត់តម្លៃរាប់លានដុល្លារដែរ នៅចាក់អង្រែ ឥឡូវមានលោកតា គង់ គាំ ម្នាក់ទៀត គាត់ហ៊ានលះបង់ សុខចិត្តអត់ទៅរណបជាមួយរដ្ឋាភិបាល អត់ទៅចុះចូលជាមួយនឹងរដ្ឋាភិបាល ហើយគាត់សុខចិត្តបោះបង់ទ្រព្យសម្បត្តិរបស់គាត់ហ្នឹង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ដើម្បីចង់ឃើញកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយខ្ញុំសុំកោតសរសើរនូវការលះបង់របស់គាត់ហ្នឹងមែនទែន ហើយមួយវិញទៀត ខ្ញុំសុំបញ្ចេញមតិថា ការដែលរឹបអូសទ្រព្យសម្បត្តិរបស់ឯកឧត្ដម គង់ គាំ នេះ គឺខ្ញុំគិតថា ការដែលលោកហ៊ុន សែន យកប្រព័ន្ធតុលាការ ធ្វើឧបករណ៍របស់គាត់នេះ គឺជាការប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដោយស្របច្បាប់ គឺយកឧបករណ៍តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង គឺយើងឃើញថា គឺជាការប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋស្រស់ៗតែម្ដង“។
សូមបញ្ជាក់ថា បន្ទាប់ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតម្រូវឲ្យប្រគល់ដីនិងផ្ទះដែលលោកកំពុងរស់នៅ កាន់កាប់សព្វថ្ងៃ មកឲ្យក្រសួងការបរទេសវិញ និងក្រោយពេលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេនិងសហប្រតិបត្តិការអន្តរជាតិ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ សុំដីការក្សាការពារ លើដីទំហំ ៥២៩០ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលជាអតីតកម្មសិទ្ធិរបស់ក្រសួងការបរទេស ដែលត្រូវបានកាន់កាប់ដោយលោក គង់ គាំ ឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ហើយតុលាការ បានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នរួចមក នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ តាមរយៈលិខិតជាលាយលក្ខណ៍អក្សរ និងមានផ្ដិតស្នាមមេដៃត្រឹមត្រូវ លោក គង់ គាំ និងភរិយា បានប្រគល់ដីនិងផ្ទះ ឲ្យរដ្ឋវិញ ហើយភ្លាមៗនោះ សម្ដេចហ៊ុន សែន បានប្រកាសថា សម្តេច សម្រេចមិនប្ដឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមលោក គង់ គាំ ប្រគល់ដីនិងផ្ទះ ឲ្យក្រសួងការបរទេសវិញ ហើយក្នុងកិច្ចប្រជុំពេញអង្គ គណ:រដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេច សម្រេចប្រគល់ដីនិងផ្ទះដែលលោកគង់ គាំ ប្រគល់ជូនរដ្ឋវិញនេះ ឲ្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីប្រើប្រាស់ ដោយសារតែបច្ចុប្បន្ន គ.ជ.ប មិនទាន់មានដីជាទីតាំងច្បាស់លាស់របស់ខ្លួន៕ កុលបុត្រ