Monday, November 25, 2024
Homeព័ត៌មានជាតិផាក២០០ដុល្លារ អត់វិក្កយបត្រ បញ្ឈរជើង​ប៉ូលិស​ចរាចរណ៍១០នាក់

ផាក២០០ដុល្លារ អត់វិក្កយបត្រ បញ្ឈរជើង​ប៉ូលិស​ចរាចរណ៍១០នាក់

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលចរាចរណ៍មួយក្រុម នៅខេត្តកំពង់ស្ពឺ ត្រូវបានលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សម្រេចបានដកបញ្ឈរជើង ជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្ត ក្រោយផ្ទុះរឿងផាកពិន័យអ្នកបើករថយន្ត ១គ្រឿង ចំនួន២០០ដុល្លារ ដោយមិនចេញវិក្កយបត្រ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ថា មន្ត្រីនគរបាលដែលទទួលលុយពីអ្នកបើកបរ គឺលោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ មានតួនាទីជានាយផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារ សរុប១០នាក់។

សូមបញ្ជាក់ថា ការដកបញ្ឈរជើងមន្ត្រីប៉ូលិសចរាចរណ៍នេះ ធ្វើឡើងក្រោយពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «គង្គារ លំអរ មង្គល» បានបង្ហោះថា មានករណីប៉ូលិចចរាចរណ៍ខេត្តកំពង់ស្ពឺ បានផាកពិន័យ ដោយមិនចេញវិក្កយបត្រ ដោយសរសេរថា “ប្រយ័ត្ន ជិះផ្លូវជាតិលេខ៤ ប៉ូលិសកំពង់ស្ពឺ ផាកសាហាវណាស់ណាស់ ដឹងថាយើងប្រញាប់ ផាក២០០ដុល្លារ ឱ្យបាញ់ចូលកុង ហើយបន្លំមិនឱ្យវិក្កយបត្រទៀត ហើយប៉ូលិសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបចេញទៀត គ្រាន់តែខ្ញុំសុំថតប្រាប់អ្នកផ្ទះថា ប៉ូលិសចាប់”។

ក្រោយមានព័ត៌មាននេះកើតឡើង និងមានការចែកចាយពេញបណ្តាញសង្គមហ្វេសបុកមក ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវជាបន្ទាន់។

ក្រោយការស្រាវជ្រាវរួចមក លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នៅក្នុងរបាយការណ៍ ដោយមានចម្លើយសារភាពរបស់មន្ត្រីនគរបាលឈ្មោះ ខែម សុធារិទ្ធ ថាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច លោកបានចុះប្រតិបត្តិការជាមួយក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន សំអាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឹ បានឃាត់រថយន្ត ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BP-4662 ដឹកទំនិញសំពីងសំពោង ក្នុងទិសដៅពីកើតទៅលិច។ ពេលឃាត់រួចហើយ ពិនិត្យឃើញថា អ្នកបើករថយន្តមិនមានប័ណ្ណបើកបរ និងដឹកសំពីងសំពោង ក៏ត្រូវធ្វើការផាកពិន័យ ចំនួន ១លាន២សែនរៀល (តាមច្បាប់ គ្មានប័ណ្ណបើកបរ ត្រូវផាក ១ ២០០ ០០០រៀល) និងផាកដឹកសំពីងសំពោង ចំនួន១៥ម៉ឺនរៀលទៀត។ តែដោយសារសម្រួលគ្នា ទើបអ្នកបើកបរ សម្រេចបាញ់លុយចំនួន ២០០ដុល្លារ ជូនក្រុមមន្ត្រីនគរបាលទាំងនោះ ដោយមិនចេញវិក្កយបត្រ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ស្នងការ បន្តថា ក្រោយទទួលបានចម្លើយបែបនេះ ចំពោះវិធានការចំពោះមុខ គឺអនុសេនីយ៍ឯក ខឹម សុធារិទ្ធ រួមជាមួយក្រុមការងារ សរុប១០នាក់ ត្រូវដកបញ្ឈរជើង និងបញ្ជាឱ្យដកចេញពីគោលដៅនោះផងដែរ៕

RELATED ARTICLES