ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ ឃើញចៅស្រីបង្កើត អាយុ១១ឆ្នាំ កំពុងអង្គុយលេងនៅមុខផ្ទះ ស្រាប់តែចាប់ អូសដៃចូលក្នុងបន្ទប់ ធ្វើសកម្មភាពចាប់រំលោភចៅស្រី រហូតបានសម្រេច លុះចៅស្រីយករឿងនេះប្រាប់ម្តាយ ត្រូវស្ត្រីជាម្តាយ នាំទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនតាល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។
ករណីតាចាប់រំលោភចៅស្រីបង្កើតនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។

ជនសង្ស័យដែលចាប់រំលោភចៅស្រីបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៊ួយ អ៊ន ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរបនៅផ្ទះ មានលំនៅក្នុងភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១១ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ កំពុងតែអង្គុយលេងនៅខាងមុខផ្ទះរបស់ខ្លួន ស្រាប់តែពេលនោះជនសង្ស័យបានចាប់អូសដៃជនរងគ្រោះ ជាចៅស្រីបង្កើតរបស់ខ្លួន ចូលក្នុងបន្ទប់ដេក រួចបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ រហូតបានសម្រេច។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ បានយករឿងនេះនិយាយប្រាប់ម្តាយ ទើបស្ត្រីជាម្តាយ បាននាំកូនស្រី មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា ឱ្យជួយធ្វើអន្តរាគមន៍។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ដែលជាចៅស្រីបង្កើតខ្លួនឯងប្រាកដមែន។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
