ភ្នំពេញ ៖ គូស្នេហ៍មួយគូ បានទាក់ទងស្រលាញ់គ្នា បានជាង១ឆ្នាំ ក៏បែកបាក់គ្នាវិញ តែខាងប្រុសមិនដាច់អាល័យ ចេះតែតាមមកជួបមុខខាងស្រី ដើម្បីសុំត្រូវរ៉ូវគ្នាវិញ ប៉ុន្តែខាងស្រីមិនព្រមជួបមុខដាច់ខាត។ លុះចុងក្រោយ ខាងប្រុស បានបើករថយន្តមករកខាងស្រីដល់ផ្ទះ ទាំងយប់ លុះមកដល់ ខាងស្រីមិនបើកទ្វារឱ្យចូល ក៏ស្រែកឡូឡាផ្អើលអ្នកជិតខាង ឃើញបែបនេះប្អូនប្រុសរបស់ស្រីស្នេហ៍ បានចេញមកឃាត់ ស្រាប់តែបុរសនោះ ផ្ទុះកំហឹង បង្កជម្លោះ និងឈានដល់ប្រើ អំពើហិង្សាទៅលើប្អូនប្រុសរបស់អតីតសង្សារ បណ្តាលឱ្យរងរបួសប៉ោងមុខ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន នាំយកទៅសាកសួរ។
ករណីអំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនបង្កហេតុដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះឈួន ណារ៉ុង ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបរមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកជនរងគ្រោះ មានឈ្មោះហេង បូរិ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាប្អូនប្រុសរបស់ម្ចាស់ផ្ទះ (អតីតសង្សាររបស់ជនបង្កហេតុ) ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមសម្តីស្ត្រីដែលត្រូវជាអតីតសង្សារជនបង្កហេតុខាងលើ បានរៀបរាប់ប្រាប់ថា រូបនាងនិងបុរសខាងលើ ធ្លាប់មានទំនាក់ទំនងស្នេហា ក្លាយសង្សារ រយៈពេលមួយឆ្នាំកន្លងមកហើយ តែមួយរយៈពេលចុងក្រោយនេះ នាងបានផ្តាច់ទំនាក់ទំនងស្នេហា ប៉ុន្តែខាងប្រុស (ជនបង្កហេតុ) ចេះតែមករកនាង តែនាងមិនចង់ជួប និងបានគេចវេះពីបុរសខាងលើនេះរហូត ដោយមិនចង់ជួបឡើយ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែបុរសខាងលើ បានបើករថយន្តមួយគ្រឿង មកដល់ផ្ទះរបស់នាង ហើយបានគោះទ្វារស្រែកហៅគាត់ឱ្យបើកទ្វារឱ្យ តែនាងមិនបើកឱ្យចូលទេ ស្រាប់តែបុរសខាងលើ បានស្រែកឡូឡាផ្អើលអ្នកជិតខាង។ ពេលនោះឃើញសភាពមិនស្រួល នាងក៏បានទូរស័ព្ទហៅប្អូនប្រុសឱ្យមកជួយមើល ខណៈប្អូនប្រុសមកដល់ ក៏បានប៉ះទង្គិចសម្តីជាមួយបុរសខាងលើ កើតជាហិង្សា ដោយបុរសរូបនោះ បានវាយទៅលើប្អូនប្រុសរបស់នាង ១ដៃ បណ្តាលឱ្យហើមប៉ោងមុខម្ខាង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ហើយនាងក៏បានទំនាក់ទំនងទៅសមត្ថកិច្ច ដើម្បីចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ធ្វើការឃាត់ខ្លួនជនបង្កហេតុ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុបញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធី។
ចំណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ផងដែរ៕