ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង បត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យជ្រុលទៅបុកម៉ូតូកំពុងឈប់ស្តុប បណ្តាលឱ្យរងការខូចខាត សំណាងល្អអ្នកជិះម៉ូតូ ២នាក់ មិនមានរងរបួសអ្វីធ្ងន់នោះទេ លុះក្រោយពេលសម្របសម្រួលគ្នា ភាគីរថយន្តបានយល់ព្រមសងសំណងទៅភាគីម៉ូតូ ចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវ ៥៩៨ កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរស ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ធំ 1L-8334 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើត ហេតុខាងលើ បានឈប់ចាំភ្លើងស្តុប ខណៈនោះ មានរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Mazda ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AF-6938 បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីកើតទៅលិច បានបត់ឆ្វេងដៃឆ្លងផ្លូវ ក៏ជ្រុលបុកម៉ូតូចំពីមុខ ពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។
ក្រោយកើតហេតុ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបានចេញសំណងចំនួន ២០០ដុល្លារ ទៅឱ្យខាងភាគីម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕