ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ជាកម្មករវេចខ្ចប់នំ នៅសិប្បកម្មផលិតនំមួយ នៅសុខៗបាត់ខ្លួនពីកន្លែងធ្វើការ អស់រយៈពេល ៤ថ្ងៃមកហើយ មិនដឹងថាទៅណា ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់ស្ត្រីជាម្តាយ បានកាន់រូបថតកូនស្រី ដើរសួរគេឯង តាមរកកូនស្រីគ្រប់ច្រកល្ហក និងស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកកូនស្រីរបស់គាត់ផង។
ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ខណៈដែលស្ត្រីជាម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួន បានកាន់រូបថតកូនស្រី ចូលទៅសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សូមឱ្យអាជ្ញាធរជួយអន្តរាគមន៍។

ក្មេងស្រីជំទង់ដែលបាត់ខ្លួន មានឈ្មោះពូជ ចាន់រ៉ែន អាយុ១៤ឆ្នាំ មុខរបរជាកម្មករវេចខ្ចប់នំនៅក្នុងសិប្បកម្មផលិតនំ មួយកន្លែង ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ក្មេងស្រីរូបនេះ មានឪពុកឈ្មោះសៀ សុខន អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះ ភូង រ៉ាន់ អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

តាមសម្តីស្ត្រីជាម្តាយក្មេងស្រីខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ចាកចេញពីស្រុកកំណើត មកធ្វើជាកម្មករវេចខ្ចប់នំ នៅក្នុងសិប្បកម្មផលិតនំមួយកន្លែង ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទើបតែបានរយៈពេលជិត២ខែប៉ុណ្ណោះ។ លុះមកដល់វេលារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ស្រាប់តែបាត់ខ្លួនពីកន្លែងធ្វើការ ដោយគ្មានមូលហេតុ និងគ្មានដំណឹងទាល់តែសោះ ។

ស្ត្រីជាម្តាយ បានឱ្យដឹងបន្តទៀតថា នៅថ្ងៃដែលបាត់ខ្លួននោះ កូនស្រីរបស់គាត់ បានប្រាប់ថៅកែថា នាងអត់ស្រួលខ្លួន ហើយបានសុំប្រាក់ពីថៅកែ ចំនួន៥ម៉ឺនរៀល ដើម្បីទៅទិញថ្នាំពេទ្យលេប។ ខណៈនោះ ថៅកែបានឱ្យប្រាក់ ហើយនាងក៏បានចេញទៅបាត់រហូត មិនឃើញត្រឡប់មកកន្លែងធ្វើការវិញសោះ។ ចំណែកពួកគាត់ដែលជាឪពុកម្តាយ ពុំបានដឹងឡើយ។ ប៉ុន្តែក្រោយមក មានមិត្តភក្តិ បងប្អូនដែលធ្វើការជាមួយកូនគាត់ បានទូរស័ព្ទប្រាប់ ទើបដឹង ហើយក៏បាននាំគ្នាធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីតាមរកកូនស្រី ប៉ុន្តែរកពុំឃើញសោះ។

ស្ត្រីជាម្តាយ បានបន្ថែមទៀតថា ពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់កូនស្រីខ្លាំងណាស់ មិនដឹងថានាងកំពុងនៅទីណា និងមានសុខទុក្ខយ៉ាងណានោះឡើយ ។ ដោយសារតែដើររកច្រើនកន្លែងមកហើយ នៅតែអត់ឃើញ និងអត់ទទួលបានដំណឹងអ្វីបន្តិចសោះនោះ ទើបគាត់សម្រេចចិត្តធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍។

ជាមួយនេះស្ត្រីជាម្តាយ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញកូនស្រីរបស់គាត់ ដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងដល់រូបគាត់ជាម្តាយ តាមរយៈទូរស័ព្ទលេខ ០៦០ ៣៩ ៦៦ ៩៨ ដោយក្តីអនុគ្រោះ៕
