Wednesday, October 30, 2024
Homeបរិយាយយកហេះ ទៅដូរហោះ

យកហេះ ទៅដូរហោះ

ដោយ អាចារ្យថាំ

សុភាសិតថា “យកហេះ ទៅដូរហោះ” មានខ្លឹមសារអប់រំអ្នករកស៊ីទិញដូរលក់សេះ កាលពីបុរាណ ប៉ុន្តែក៏អាចយកមក ប្រៀបធៀបនឹងយុទ្ធសាស្ត្រនយោបាយបានដែរ។ ករណីបក្សកាន់អំណាច (CPP) ធ្វើកំណែទម្រង់បោសសម្អាត អំពើពុក-រលួយ បើខ្វះការប្រុងប្រយ័ត្ន ជួនកាលដកមន្ត្រីហោះចេញ រួចយកមន្ត្រីហេះទៅជំនួស។ គុណវិបត្តិរបស់មេ គឺនៅត្រង់ដក មនុស្សសាច់ការចេញ ដាក់មនុស្សសាច់គោចូល ដែល “នគរធំ” ក្តាប់បាន ក៏លើកសុភាសិត “យកហេះ ទៅដូរហោះ” មកធ្វើ ប្រធានបទ បរិយាយថ្ងៃនេះ…។

“យកហេះ ទៅដូរហោះ” សំដៅដល់សត្វសេះ ជាពាហនៈ សម្រាប់ទឹមអូសរទេះ ឬជិះខ្នង អាចប្រើដឹកទំនិញ ឬក្នុងកងទ័ព សេះក៏បាន។ សេះខ្លាំងនៅត្រង់ពេលវាផាយទៅមុខ “លឿនដូចហោះ” ដោយផ្ទុកអ្នកនាំសារលើខ្នង បានទៅដល់ទីដៅដោយ សុវត្ថិភាព ដែលបុរាណាចារ្យចូលចិត្តយកសេះសម្បុរស ឬមនោម័យ ថាជា “សេះហោះ”។ រីឯសេះខ្សោយ រត់ត្រឹកៗ ជួនកាល វាកញ្ជ្រៀវរកញីឮហេះ!ៗ ទោះជាម្ចាស់វាត់នឹងរំពាត់ខ្សែតីយ៉ាងណា ក៏សេះនោះមិនស្ទុះ។

ដង្ខៅរកស៊ីជួញដូរសេះ បើខ្វះការប្រុងប្រយ័ត្ន អាចយក “ហេះទៅដូរហោះ” ពោលគឺ “ឱ្យសេះហោះទៅគេ ដូរយកសេះ ហេះ មកប្រើការ” បានត្រឹមខាតបង់។

យ៉ាងណាមិញ កំណែទម្រង់បង្ក្រាបអំពើពុករលួយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP) ប្រជាជនអបអរសាទរ ដើម្បីបោសសម្អាតផ្ទៃក្នុងបក្ស ប៉ុន្តែបើ “យកហេះទៅដូរហោះ” អត់បានចំណេញអ្វីឡើយ។

កន្លងមកយើងឃើញ “មន្ត្រីហោះ” សកម្មការងារខ្លាំងណាស់ គាត់មិនបានរៀនសូត្រដល់បណ្ឌិតនោះទេ ខ្ពស់បំផុតត្រឹម បាក់ឌុប ប៉ុន្តែការងារស្នូលនៅមូលដ្ឋាន ខ្លាំងណាស់។ គាត់ស្គាល់ចិត្តសាស្ត្រ ធ្វើឱ្យប្រជាពលរដ្ឋស្រលាញ់បក្សកាន់អំណាច តាមរយៈចុះប្រឡូកដល់មូលដ្ឋាន មិនថាភ្លៀងខ្យល់ ក្តៅរងា ដឹកនាំការដកស្ទូង ច្រូតកាត់ ជួយកសិករ និងចេះរកថវិកាភ្លាមៗ យកទៅជួសជុលផ្លូវលំក្រហេងក្រហូង មិនរង់ចាំតែថវិកាជាតិទាំងស្រុងនោះទេ។ ខេត្ត ស្រុកណាដែលមាន “មន្ត្រីហោះ” ប្រចាំការ ធ្វើឱ្យចំនួនអ្នកគាំទ្របក្សកាន់អំណាច កើនឡើង ផ្ទុយពីចំនួនអ្នកគាំទ្របក្សប្រឆាំង ថយចុះ។ មូលដ្ឋានដែលមន្ត្រី ហោះ ឱបក្តាប់នោះ មានការអភិវឌ្ឍលឿនណាស់ ខណៈដែលជនក្រីក្រអត់អង្ករច្រកឆ្នាំង ស្ទើរតែគ្មានសោះ ព្រោះទីណាអត់ បាយ ទីនោះមានអង្ករជំនួយបន្ទាន់ ឬថាមន្ត្រីហោះ គោរពបទបញ្ជាប្រមុខ CPP ដែលលើកឡើងថា “ខ្ញុំមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយជាដាច់ខាត”។

មន្ត្រីហោះ ទោះបីជា “ស៊ីចុកប្រាក់ជំនួយខ្លះ” ក៏វាជារឿងធម្មតារបស់អ្នកធ្វើ មិនខុសពី “អាចារ្យវត្តខ្លាំង” មានការ កសាងព្រះវិហារ កុដិ សាលាឆាន់ ត្រដែតត្រដឹម គាត់ត្រូវតែយកបច្ច័យកសាងនោះ ចំណាយខ្លះ ទើបមានកម្លាំងធ្វើការ។ លុះអ្នកច្រណែនទាមទារឱ្យដកអាចារ្យខ្លាំងនោះចេញ រួចដាក់អាចារ្យខ្សោយជំនួស ឬយក “អាចារ្យគោងាប់” ទៅដឹកនាំ កសាង ធ្វើឱ្យវត្តនោះរកការរីកចម្រើនមិនឃើញឡើយ។

ដោយឡែក “មន្ត្រីហេះ” គាត់ពូកែតែទ្រឹស្តី ដែលរៀនចេះពីសាលា យកទៅសូត្រមុខសាធារណជន ប៉ុន្តែ “បានតែពាក្យ ត្រគាកស្លាប់ស្តូក”។ មន្ត្រីទាំងនោះ ភាគច្រើននៅក្មេងៗ មាន “សញ្ញាបត្របណ្ឌិត” តាមជំនាញនីមួយៗ អត់ដែលស្គាល់ ភក់ផុង ចុះដកស្ទូង ច្រូតកាត់អ្វីទេ ព្រោះធំដឹងក្តីឡើង ឪពុកជាមន្ត្រីធំ ឱ្យទៅរៀននៅសាលារដ្ឋ រួចបញ្ជូនទៅបរទេស បញ្ចប់ ឧត្តមសិក្សា។

ដំណាក់កាលបច្ចុប្បន្ន ដែលធ្វើតាមស្តង់ដារអន្តរជាតិ គឺយកអ្នកមានសញ្ញាបត្របណ្ឌិត ទៅជំនួសបាក់ឌុប ឌីប្លូម បើ CPP ខ្វះការប្រុងប្រយ័ត្ន អាចជាន់សុភាសិត “យកហេះ ទៅដូរហោះ” នោះហើយ។ ធម្មតាមន្ត្រីខ្លាំង ធ្វើការបម្រើមាតុភូមិ ចាប់ពី១០ឆ្នាំឡើងទៅ ចៀសមិនផុតពី “រពឹសដៃផ្ទៃឆ្អែត” ពោលគឺគាត់ស៊ីលុយកសាងខ្លះ មិនអត់ទេ ប៉ុន្តែសមិទ្ធផលនៅ មូលដ្ឋានគាត់ រីកព្រោងព្រាត។ លុះមានអ្នកច្រណែនឈ្នានីស រាយការណ៍ចោទប្រកាន់មន្ត្រីនោះថា ពុករលួយ ស្រាប់តែថ្នាក់លើ “ដកស្ពៃ” រួចយក “ល្ពៅទៅដាំជំនួស” បានត្រឹម “មន្ត្រីគ្រាប់ល្ពៅ” ដូចឃើញកន្លងមក។

“យកហេះ ទៅដូរហោះ” មានឧបមាដូចរឿង “រុក្ខទេវតាល្ងង់” មានចារទុកក្នុងគម្ពីរព្រះពុទ្ធសាសនា ដែលតំណាលថា កាលនោះ មានរុក្ខទេវតា ២អង្គ គង់លើដើមឈើធំ ក្នុងព្រៃស្រោងមួយ។ ព្រៃធំនោះ មានខ្លាកំណាច ១ក្បាល និងតោ សាហាវ ១ក្បាលទៀត តែងចាប់ម្រឹគីម្រឹគា ស៊ីជាអាហាររាល់ថ្ងៃ ចោលឆ្អឹងរំពា ស្អុយពេញទាំងព្រៃ។

រុក្ខទេវតាទី១ ល្ងង់ខ្លៅ បានប្រាប់ទេវតាទី២ ឆ្លាតវៃថា ពួកយើងពិបាករស់នៅណាស់ ព្រោះស្អុយគំរង់ ដោយសារតោ និងខ្លា ខាំសត្វស៊ីរាល់ថ្ងៃ ទាល់តែដេញពួកវាចេញពីព្រៃនេះ ទើបបាត់ស្អុយ។ ទេវតាទី២ ក៏ប្រាប់សម្លាញ់ថា បើដេញតោ និងខ្លាចេញ ច្បាស់ជាអ្នកស្រុកចូលមកកាប់រានព្រៃ ធ្វើចម្ការ វិនាសដល់ដើមឈើ ជាវិមានពួកយើងមិនខាន អ្នកឯងកុំចង់ដេញ សត្វទាំងពីរនោះចេញអី។ រុក្ខទេវតាល្ងង់ មិនស្តាប់ យប់មួយបាននិម្មិតជាខ្យល់ព្យុះ ផ្គររន្ទះផូង! ផាំង! បំភិតបំភ័យតោ និងខ្លា ឱ្យផ្អើលរត់ទៅនៅព្រៃផ្សេងទៀតទៅ។ ពពួកមនុស្សដឹងថា ព្រៃនោះ គ្មានតោ និងខ្លា កំណាចចាំយាយី ក៏នាំគ្នាទៅកាប់ឆ្ការ ព្រៃដាំស្រូវ ធ្វើឱ្យទេវតាល្ងង់ ព្រួយបារម្ភ សុំយោបល់ទេវតាឆ្លាត។ ទេវតាទី២ ក៏ណែនាំថា ត្រូវអ្នកឯងទៅលួងលោមអង្វរ តោ និងខ្លា ឱ្យវិលមកវិញ ទើបវិមានយើងនៅគង់វង្ស ប៉ុន្តែ ទោះជារុក្ខទេវតាល្ងង់ ទៅអង្វរយ៉ាងណា ក៏ខ្លានិងតោ មិនវិលវិញ ទីបំផុត ដើមឈើទាលធំជាវិមានរុក្ខទេវតា ត្រូវមនុស្សកាប់ផ្តួល ក្លាយទៅជាទីវាល ទុកឱ្យទេវតាគង់លើដំបូកម្តង ព្រោះ គ្មានសិទ្ធិទៅនៅព្រៃឯទៀតក្រៅពីតំបន់នេះ ដែលជាច្បាប់របស់ទេវតា។

ទាញឧទាហរណ៍រឿងនេះ ចង់បង្ហាញឱ្យច្បាស់នូវខ្លឹមសារសុភាសិត “យកហេះ ទៅដូរហោះ” នេះឯង។ បក្សកាន់អំណាច មានធនធានមនុស្សគ្រប់គ្រាន់ “បានកសាងសន្តិភាព” និងការអភិវឌ្ឍតាំងពីបាតដៃទទេ ដោយសារ “មន្ត្រីហោះ” ស្គាល់ ទុក្ខធុរៈប្រជាពលរដ្ឋ។ ទោះជាគាត់ស៊ីលុយស៊ីកាក់ខ្លះ ក៏ស្រុកខេត្តមូលដ្ឋានដែលគាត់គ្រប់គ្រង ឈានមុខទាន់សម័យនិយម មើលឃើញតែផ្ទះថ្ម របស់ពលរដ្ឋ សង់ហូរហែតាមដងផ្លូវ ហើយគ្រួសារណាក៏មានឡាន ម៉ូតូ ដោយហោចទៅ សូម្បីតែជាង កាត់សក់ ក៏មានហាយឡែនដឺរ ជិះដែរ។

កម្រិតវប្បធម៌មន្ត្រីហោះ មិនដល់បណ្ឌិតទេ ព្រោះគាត់រវល់បម្រើពលរដ្ឋ អត់ពេលទៅរៀននៅសាកលវិទ្យាល័យ បើ CPP ឱ្យតម្លៃតែលើសញ្ញាបត្របណ្ឌិតជ្រុលពេក រួចយកទៅជំនួសបាក់ឌុប ឌីប្លូម ដែលបណ្ឌិតខ្លះអត់ដែលចុះស្ទូងមួយត្រណោត ឬច្រូតស្រូវមួយកណ្តាប់នោះ អាចបាត់បង់ធនធានមនុស្សល្អ។

ការសម្អាតផ្ទៃក្នុងបក្ស គេត្រូវសិក្សាពី “ឆ្អឹងខ្នងបក្ស” បើយកឆ្អឹងកំណើតចេញ រួចស៊កឆ្អឹងដែកជំនួស អត់ពូកែបានយូរ ទេ។ មន្ត្រីក្មេងៗខ្លះ រាស្ត្រមិនដែលឮឈ្មោះផង ស្រាប់តែត្រូវដាក់ជំនួសមន្ត្រីចាស់ធ្លាប់មានស្នាដៃ លុះមានការផ្សព្វផ្សាយ ទើបដឹងថា មន្ត្រីក្មេងទាំងនោះ សុទ្ធតែបណ្ឌិតនិងមានឪពុកជាមន្ត្រីជាន់ខ្ពស់។ ទោះជាមន្ត្រីប្រភេទណា ក៏ “មនុស្សនិងប្រាក់ យក្សនិងសាច់” ធ្វើយូរៗទៅ រពឹសដៃផ្ទៃឆ្អែតដូចគ្នាទេ។

សរុបទៅ “យកហេះ ទៅដូរហោះ” មានខ្លឹមសារយ៉ាងនេះឯង។ មុននឹងដោះដូរ ឬដកចេញ គួរមើលពីស្នាដៃមន្ត្រីចាស់ ឬមន្ត្រីហោះទាំងនោះផង។ “នគរធំ” មិនគាំទ្រមន្ត្រីពុករលួយនោះទេ ប៉ុន្តែគាត់ស៊ីបន្តិចបន្តួច ឱ្យមានកម្លាំងធ្វើការ ដូច អាចារ្យវត្តខ្លាំង យកលុយកសាងវិហារខ្លះ ទៅហូបគុយទាវ កាហ្វេ រួចដាក់ខ្ទង់ចំណាយប៉ុណ្ណេះប៉ុណ្ណោះ លេចចេញជា ព្រះវិហារធំស្កឹមស្កៃ បើអ្នកច្រណែនគាត់ ឱ្យដកចេញ រួចដាក់អាចារ្យគោងាប់ជំនួស ធ្វើឱ្យវត្តនោះស្ទុះទៅមុខមិនរួច ដែលជា បរិបទ សម្រាប់បក្សកាន់អំណាច ពិចារណាតាមការគួរ…៕

RELATED ARTICLES