Monday, November 25, 2024
Homeព័ត៌មានជាតិព័ទ្ធរបង យកដីឆ្នេរសមុទ្រ អូរឈើទាល ជនរួមជាតិគក់​ទ្រូងសរសើរ ខ្មែរធ្វើបាន!

ព័ទ្ធរបង យកដីឆ្នេរសមុទ្រ អូរឈើទាល ជនរួមជាតិគក់​ទ្រូងសរសើរ ខ្មែរធ្វើបាន!

ខេត្តព្រះសីហនុ ៈ ថ្មីៗនេះ មានការ ទម្លាយរូបភាពព័ទ្ធរបងថ្ម យកដីឆ្នេរសមុទ្រ អូរឈើទាល ក្រុងព្រះសីហនុ ជាកម្មសិទ្ធិ ផ្ទាល់ខ្លួន របស់អ្នកមានអំណាច ធ្វើឱ្យជន រួមជាតិខ្មែរ សម្តែងការហួសចិត្ត ដោយបាន គក់ទ្រូង សរសើរបែបចំអកថា ស្អីក៏ “ខ្មែរ ធ្វើបាន” សូម្បីដីឆ្នេរសមុទ្រកម្ពុជា ដែលជាប់ ចំណាត់ថ្នាក់ជាឆ្នេរល្អជាងគេលើពិភពលោក ក៏មានគេហ៊ានរំលោភយក ដោយសាងសង់ របងថ្មរឹងមាំ ព័ទ្ធយកយ៉ាងរំភើយ។

ឆ្នេរសមុទ្រ អូរឈើទាល ស្ថិតនៅក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ មួយ គួរជាទីចាប់អារម្មណ៍បំផុត​របស់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ សឹងតែរៀងរាល់ ថ្ងៃ តែងតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅទីនេះ ច្រើនកុះករ មិនថា ពេលមានបុណ្យទាន ឬមានកម្មវិធីអ្វីក៏ដោយ។ ប៉ុន្តែថ្មីៗនេះ អ្នកទេសចរ ជាពិសេសប្រជា-ពលរដ្ឋខ្មែរ បានសម្តែងនូវការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញមានគេព័ទ្ធរបងថ្ម រំលោភ យកដីឆ្នេរសមុទ្រ អូរឈើទាល ធ្វើជាកម្មសិទ្ធិឯកជន ធ្វើឱ្យបាត់សម្រស់ឆ្នេរខ្សាច់សក្បុស និងពិបាកឱ្យភ្ញៀវទេសចរចូលទៅកម្សាន្ត។

ជាមួយនឹងការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ ទាំងអស់នោះ បាននាំគ្នាថតរូបភាព បង្ហោះ 9ភៀសតប ចែករំលែក 9សហារបេ ពេញបណ្តាញ សង្គម ហ្វេសប៊ុក រហូតដល់អ្នកខ្លះ ដោយសារ ហួសចិត្ត និងពិបាកទទួលយកបាន ក៏សរសេរ ពាក្យខ្លី “ខ្មែរធ្វើបាន” នៅពីលើរូបភាពទាំង អស់នោះ ដែលពាក្យ “ខ្មែរធ្វើបាន” នេះ កន្លងទៅ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកពាក្យ នេះ ប្រសិទ្ធនាមឱ្យវិថីមួយ ក្នុងខេត្តព្រះសីហនុ ហើយប្រជាជនខ្មែរទូទៅ នៅពេលទៅកម្សាន្ត នៅក្រុងព្រះសីហនុ តែងទៅថតរូបជាប់ អក្សរ “ខ្មែរធ្វើបាន” នេះ។

យុវតីហេង ស្រីរ័ត្ន ដែលជាអតីតនិស្សិត មួយរូប និងជាអ្នកដែលចាប់អារម្មណ៍ខ្លាំង នឹងពាក្យ “ខ្មែរធ្វើបាន” នាពេលកន្លង​មក បានសរសេរនៅក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ជុំវិញករណីព័ទ្ធរបងយក ដីឆ្នេរសមុទ្រ អូរឈើទាល នេះ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៣ ថា “ខ្ញុំធ្លាប់ទៅ លេងសមុទ្រ នៅភូកេត និងប៉ាតាយ៉ា នៅ ស្រុកថៃ និងធ្លាប់ទៅលេង​នៅ​ឆ្នេរ​សមុទ្រ ដាណាង របស់វៀតណាម ប៉ុន្តែខ្ញុំមិនដែល ឃើញគេសាងសង់របងព័ទ្ធយកដីឆ្នេរសមុទ្រ យកធ្វើជា​កម្មសិទ្ធិឯកជន ដូចនៅស្រុកខ្មែរ យើងអ៊ីចឹងទេ។ ឆ្នេរអូរឈើទាល ដ៏ស្រស់ ស្អាត ខ្សាច់សម៉ដ្ឋ ជាសមាជិក​ឆ្នេរសមុទ្រ ស្អាតនៅលើពិភពលោក ជាតារារះនាទិស និរតី។ យកដីឆ្នេរដែលជាសម្បត្តិរដ្ឋ ទៅកាត់ ចែកឱ្យឯកជនកាន់កាប់ បើតាមខ្ញុំធ្លាប់រៀន សូត្រខ្លះៗ គ្មានលោកធំណាម្នាក់មានសិទ្ធិកាត់ ដីរដ្ឋ មាត់បឹង មាត់ទន្លេ មាត់ឆ្នេរសមុទ្រ មាត់ស្ទឹង ប្រគល់ឱ្យទៅឯកជនកាន់កាប់ជា កម្មសិទ្ធិបានទេ ប៉ុន្តែនៅស្រុកខ្មែរ គេអាច ធ្វើបាន អ៊ីចឹងហើយ ទើបគេបង្កើតពាក្យថា “ខ្មែរធ្វើបាន”។

យុវតីហេង ស្រីរ័ត្ន បានសរសេរបន្ថែម នៅថ្ងែដដែលនោះថា “បើសិនជាស្រុកខ្មែរ អាចមានរដ្ឋាភិបាលថ្មី គួរតែដកហូតយក ត្រឡប់មកវិញទាំងអស់នូវសម្បត្តិសាធារណៈ របស់រដ្ឋ នាំគ្នាទៅដើរលេងនៅមាត់សមុទ្រ បែរជាទៅលេងនៅក្រោយរបងផ្ទះរបស់គេ ទៅវិញ។ ម្នាក់ៗរវល់តែនាំគ្នាខ្លាច មិនហាន និយាយអីបន្តិចសោះ បើយើងជាខ្មែរ មិន អើពើ តើឱ្យអ្នកណាមកអើពើជំនួសយើង?”។

យុវតីហេង ស្រីរ័ត្ន បានសរសេរបន្ថែម នៅក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ ថា “គ្រាន់តែខ្ញុំ បង្ហោះនិយាយរឿងគេសាងសង់របងយក ឆ្នេរសមុទ្រ នៅកំពង់សោម មានអ្នកថាខ្ញុំ ជាបក្សប្រឆាំង ជាពួកដែលស្អប់​រដ្ឋាភិបាល ទៅវិញ (សិច) ហេតុអីបានខ្ញុំត្រូវស្អប់រដ្ឋា-ភិបាល ទាំងដែលឪពុករបស់ខ្ញុំ ជាមន្ត្រីរបស់ រដ្ឋាភិបាល??? ប៉ុន្តែខ្ញុំមិនមែនជាប្រភេទ មនុស្សតែៗ ស្ករៗ ហៃអើៗ សុក្រក៏អឺ សៅរ៍ ក៏អឺ ដូចពួកអ្នកឯងទេ គណបក្សចុះខ្សោយ ក៏ដោយតែពួកហៃអើៗ ដូចពួកអ្នកឯងហ្នឹង ហើយ។ មនុស្សយើង មិនអាចល្អគ្រប់១០ ទេ តែងតែមានខុសឆ្គងខ្លះៗ ប៉ុន្តែបើយើង គិតតែទ្រហួសហេតុពេក ដោយមិនជួយកែ លម្អនូវចំណុចខុសឆ្គងគ្នា បានន័យពួកអ្នកឯង ហ្នឹងហើយ ជាពួកបំផ្លាញគណបក្ស ជាពួក សម្ងំចាំបូមយកតែផលប្រយោជន៍ បើគណ- បក្សរលាយ អញនឹងរត់ទៅបក្សមួយទៀត ពួកអ្នកឯង គឺជាដង្កូវនៅក្នុងសាច់ ជាគ្រាប់ ខ្សាច់នៅក្នុងស្បែកជើង ដែលរំខានដល់ការ ដើរទៅមុខរបស់រដ្ឋាភិបាល”។

ជាមួយគ្នានោះដែរ យុវជន សេង ម៉េងប៊ុនរ៉ុង សកម្មជនបក្សប្រឆាំង (អតីត គណបក្សសង្គ្រោះជាតិ) ដែលកំពុងរស់នៅ ក្រៅប្រទេស បានលើកឡើងថា ប្រទេស ផ្សេងៗ រួមមាន ថៃ វៀតណាម ចិន ជប៉ុន ជាដើម ធ្វើមិនបានដូចស្រុកខ្មែរទេ មានតែ ស្រុកខ្មែរ អាចធ្វើបាន គឺលោកធំស្រុកខ្មែរ ព័ទ្ធរបងយកឆ្នេរសមុទ្រ។

លោកសេង ម៉េងប៊ុនរ៉ុង បានសរសេរ នៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ លោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ថា “ខ្មែរធ្វើបាន! សាងសង់របងព័ទ្ធយកដី ឆ្នេរសមុទ្រអូរឈើទាល មកធ្វើជាកម្មសិទ្ធិ ឯកជន អាជ្ញាធរខេត្ត​ព្រះសីហនុ បានត្រឹម នៅស្ងៀម មិនហានក្អក ព្រោះជាដីរបស់ លោកធំស្រុកខ្មែរ ព័ទ្ធរបងយកផ្តាច់មុខ។ ថៃ វៀតណាម ចិន ជប៉ុន ធ្វើមិនបានដូច ស្រុកខ្មែរទេ ប៉ុន្តែស្រុកខ្មែរ គេអាចធ្វើបាន! លោកធំស្រុកខ្មែរ ព័ទ្ធរបងយកឆ្នេរសមុទ្រ។ ដេញពលរដ្ឋចេញ កុហកថា សម្អាតឆ្នេរ ចុងក្រោយ វាយកធ្វើផ្ទះវា”។

ដោយឡែក លោកសាន់ ម៉ាឡា មន្ត្រី តស៊ូមតិរបស់សមាគមបណ្តាញយុវជនកម្ពុជា និងជាសកម្មជនបរិស្ថាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ថា ខ្មែរអាចធ្វើអ្វីៗបានគ្រប់យ៉ាង ជាជាតិសាសន៍មួយដែល​មានការចម្លែកខុសពីបណ្តា ប្រទេសអភិវឌ្ឍផ្សេងទៀត គឺសូម្បីតែការ បំផ្លិចបំផ្លាញព្រៃឈើ ក៏ខ្មែរអាចធ្វើបាន ការ ចាក់ដីរំលោភយកព្រៃកោងកាង ក៏ខ្មែរអាច ធ្វើបាន ហើយថ្មីៗនេះទៀត សូម្បីតែឆ្នេរដ៏ ស្រស់ស្អាត ដែលត្រូវបាន​ចូលជាសមាជិក ក្លឹបឆ្នេរស្អាតជាងគេនៅលើពិភពលោក អ្នកមានអំណាច អាចធ្វើការសាងសង់របង ព័ទ្ធយក ធ្វើឱ្យខូចសោភណភាពសម្រស់ឆ្នេរ។

លោកសាន់ ម៉ាឡា បានមានប្រសាសន៍ ថា “យើងឃើញថា បច្ចុប្បន្ននេះ ទាក់ទង ទៅនឹងពាក្យ “ខ្មែរធ្វើបាន” វាកំពុងតែមាន អត្ថន័យពីរយ៉ាងសំខាន់ នៅក្នុងសង្គមកម្ពុជា របស់យើង។ អត្ថន័យទី១ គឺជាសារក្រើន-រំលឹក និងលើកទឹកចិត្តឱ្យជន​ជាតិខ្មែរ របស់ យើង មានការប្តេជ្ញាចិត្តខ្ពស់ មានទំនុកចិត្ត និងជំនឿជាក់មកលើខ្លួនឯង ដើម្បីកសាង ឬក៏ស្ថាបនាអ្វីមួយ ជាសារចង់សំដៅថា ខ្មែរ យើងជាពូជសាសន៍ដែលមិនចាញ់ទៅនឹងពូជ សាសន៍ជិតខាងរបស់យើងឡើយ។ ដោយ-ឡែក សម្រាប់អត្ថន័យទី២ គឺចង់បញ្ជាក់ថា ខ្មែរយើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង ជាជាតិ សាសន៍មួយដែលមានការចម្លែកខុស​ពីបណ្តា ប្រទេសអភិវឌ្ឍផ្សេងទៀត យើងឃើញថា សូម្បីតែការបំផ្លិចបំផ្លាញព្រៃឈើ ក៏យើង អាចធ្វើបាន ការចាក់ដីរំលោភយកព្រៃកោង- កាង ក៏យើងអាចធ្វើបាន ហើយថ្មីៗនេះទៀត គឺសូម្បីតែឆ្នេរដ៏ស្រស់ស្អាតដែលត្រូវបាន ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេនៅលើពិភពលោកក៏ដោយ ក៏អាជ្ញាធរមូលដ្ឋាន និងអ្នកមានអំណាចរបស់យើង នៅបន្តធ្វើការ សាងសង់របងព័ទ្ធយកដីសាធារណៈ ដែលវា ប៉ះពាល់ដល់ទ្រព្យជាតិផង និងជាការធ្វើឱ្យ ខូចសោភណភាពសម្រស់ឆ្នេរសម្រាប់ប្រជាជន ខ្មែររបស់យើងផងដែរ។ អ៊ីចឹងហើយបានជា ប្រជាពលរដ្ឋ និងសាធារណមតិ មានការមិន សប្បាយចិត្ត និងនាំគ្នារិះគន់ទៅលើភាព អសកម្ម និងការមិនយកចិត្តទុកដាក់ដោះ-ស្រាយបញ្ហារបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់ នេះ”។

ទោះបីយ៉ាងណា ជុំវិញបញ្ហាខាងលើ នេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ បំភ្លឺពីលោក ឃាង ភារម្យ អ្នកនាំពាក្យសា- លាខេត្តព្រះសីហនុ ក៏ដូចជាលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ បានទេ កាលពីម្សិលមិញ។

គួររំឭកថា ពាក់ព័ន្ធករណីធ្វើរបងថ្ម ព័ទ្ធយកដីឆ្នេរសមុទ្រ អូរឈើទាលនេះ បាន ធ្វើឱ្យប្រជាជនខ្មែរ នឹកឃើញដល់ករណី​ឧកញ៉ា ម្នាក់ ចាក់ដីរំលោភយកឆ្នេរសមុទ្រ អូរ-ឈើទាល នេះ កាលពីពេលកន្លងទៅ ដែល ធ្វើឱ្យមានប្រតិកម្មពី​ប្រមុខរាជ​រដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត សម្តេច បានបញ្ជាឱ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះទៅដឹកនាំអនុវត្តបទបញ្ជាឱ្យ កាយដីដែលចាក់លុបឆ្នេរសមុទ្រនោះ ចេញ វិញ ដើម្បីរំដោះឆ្នេរសមុទ្រ ពីការរំលោភ យកពីក្រុមហ៊ុនឯកជន។ ដូច្នេះករណីធ្វើ របងថ្ម ព័ទ្ធយកដីឆ្នេរសមុទ្រ អូរឈើទាល នៅពេលនេះ ប្រជាជនខ្មែរទូទៅ កំពុងរង់ចាំ មើលប្រតិកម្ម និងការអនុវត្តវិធានការច្បាប់ របស់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរ ពាក់ព័ន្ធ ដូចដែលបានធ្វើកន្លងទៅផងដែរ៕

កុលបុត្រ

RELATED ARTICLES