Thursday, April 25, 2024
Homeសង្គម និងជីវិតខឹម វាសនា អះអាងខ្លួនជាសត្វព្រហ្ម ប្រែកាឡាជា មនុស្ស មកជួយមនុស្ស

ខឹម វាសនា អះអាងខ្លួនជាសត្វព្រហ្ម ប្រែកាឡាជា មនុស្ស មកជួយមនុស្ស

សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជា ព្រហ្មរក្សា លោកនោះ អះអាងថា ទឹកនឹងលិចលោក មនុស្សស្លាប់អស់ស្ទើរមួយផែនដី នៅសល់តែបន្តិច នៅចម្ការរបស់ ខ្លួននៅជើងភ្នំគូលែននោះ ទោះបីជាត្រូវបានមហាជនទូទៅចាត់ទុកជាការបោកប្រាស់ ក៏មេបក្ស ពន្យល់ ធម៌ រូបនេះ នៅតែបន្តអះអាងដដែលៗ ម្តងហើយម្តងទៀតថា ទឹកលិចលោក នឹងកើតមានដោយចៀសមិនរួច ជា ពិសេសចុងក្រោយនេះ លោកខឹម វាសនា បានអះអាងថា ខ្លួនជាសត្វព្រហ្ម ប្រែកាឡាជាមនុស្ស មកជួយមនុស្ស នៅឋានកណ្តាល ព្រមទាំងអះអាងជាថ្មីទៀតថា ខ្លួននឹងសម្រេចឈាន ហើយទឹកនឹងលិចលោក មិនហួសពីថ្ងៃ ពេញបូណ៌មី ខែមាឃ ឆ្នាំខាល ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុខនេះឡើយ។

លោកខឹម វាសនា បញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ថា «បើវាចោទពូថា និយាយថាឈានថ្ងៃនេះ ថ្ងៃនោះខុស សួរវាវិញថា ស្គាល់លោកិយជាហ្គេមទេ? ច្បាស់ណាស់ វាមិនយល់ពីកម្មបង្កើតលោកិយ លោកិយជាហ្គេមស្អីទេ បើវាមិនស្គាល់លោកិយជាហ្គេមទេ ប្រាប់វាថា អើ មនុ ស្សដូចអ្ហែងនេះ មិនមានតម្លៃឲ្យអញនិយាយជាមួយពួកអាឡប់ឯងទេ ទៅនិយាយជាមួយអាឡប់ គ្នាអ្ហែង ហ្នុង ទៅ។ បើវាយល់ធម៌ វាច្បាស់ជាយល់ពីកម្មហើយ។ វាយល់ពីកម្មបង្កើតលោកិយ ទើបវាអាចយល់ពី លោកិយ ជាហ្គេមបាន។

ហ្គេមនេះ ជាហ្គេមមនោសុចរិត តើពូភ្លើឬអី ទៅនិយាយមិនពិតនោះ ព្រោះហ្នុងជាមនោទុច្ចរិតទេតើ? តើពូអាច សរសៃប្រសាទឬ បើក្នុងលោកនាសម័យនេះ អត់មានអ្នកយល់ពីកម្មផង ចុះពូអ្នកយល់ពីកម្មមុនគេហើយមក ពន្យល់មនុស្សពីកម្មបង្កើតលោកិយ ពន្យល់ពីលោកិយជាហ្គេមមនោសុចរិត។ អូ! អ្នកសរសៃប្រសាទ អាចមាន ការគិតមួយដែលលើលោកនាសម័យនេះ អត់មានអ្នកណាមានសមត្ថភាពយល់រឿងហ្នឹងបានអ៊ីចឹងឬ? មិនសម ហេតុផលទេ។ ដូច្នេះវាជាការស្ទង់ខុសពីពេលវេលាមហន្តរាយដល់លោក ឬស្ទង់ខុសពេលវេលា ដែលពូត្រូវ សម្រេច ឈានតែប៉ុណ្ណោះ។ បើពូអ្នកធ្វើវិបស្សនាដោយខ្លួនឯងផង ហើយបញ្ញាប្រហែលពូហើយនៅតែស្ទង់ ទៅខុសទៀត អ្នកណាក៏ខុសដែរក្នុងរឿងស្ទង់ហ្នឹង ហើយវាជាតាក់តិច ជាល្បិចកលរបស់ហ្គេមផង ពូជាតួអង្គ សំខាន់ក្នុងហ្គេមណា មើលពូហៅក្មួយៗថា ទឹកលិចលោក តែក្នុងអំឡុងពេលនោះ ប្រាំបីថ្ងៃ ពូមិនបានដេកផង ពន្យល់តែពីដំណើរធម៌ ដើម្បីឲ្យសត្វបានសម្មាទិដ្ឋិ ហើយពេលពេលនោះ មកដល់ពេលនេះ ក៏នៅតែពន្យល់ ទីមួយគឺពន្យល់ ទីពីរគឺពន្យល់ ទីមួយលាន ក៏ពន្យល់ដែរ»។

លោកខឹម វាសនា បន្តថា «លោកិយជាហ្គេម វគ្គនេះជាវគ្គអ្នកមានបុណ្យ មករែងយកសត្វមនោសុចរិតណា ជិតម្ភៃឆ្នាំហើយ ពូរែងជាប់ ហើយវគ្គរែងនេះ ត្រូវបញ្ចប់ ពេលពូទៅឋានព្រហ្មវិញ គឺពូសម្រេចឈានពូ ជាសត្វ ព្រហ្ម មិនមែនជាសត្វមនុស្សទេ មិនឲ្យពូទៅឋានព្រហ្មពូវិញទេអី? គិតថាពូត្រូវនៅឋានមនុស្សនេះរហូតឬ? គ្រួ សារពូ នៅឯព្រហ្ម ម៉ែចាំផ្លូវពូដែរណា។ ជីវិតជាមនុស្សនេះ គឺជាជីវិតខ្លី ដែលពូប្រែកាឡាជាមនុស្ស ដើម្បីមក ជួយមនុស្សនគរកណ្ដាល នៅពេលដែលនិយាមកាលត្រូវមានទឹកលិចលោកនោះ។ ដូច្នេះរឿងពូអត់បានឈាន ឬទឹកអត់លិចលោក គឺទៅមិនរួចទេ។ ពូមិនមែនល្ងង់ដល់ថ្នាក់គ្មានរឿងច្បាស់លាស់ហើយ ពូទៅជានិយាយ ទៅកើតទេ ហើយរឿងពូភូតកុហកមនោទុច្ចរិតក្នុងរឿងហ្នឹង ក៏រឹតតែមិនសមហេតុមិនសមផលទៅទៀតហើយ ពូឆ្កួតឬដែលទៅសន្សំអកុសលកម្ម ទុកស៊ីខ្លួនឯងនោះ? ពូស្គាល់លោកិយជាហ្គេមមនោសុចរិត តើពូភ្លើទៅ ធ្វើ អកុសលកម្ម គឺចេតនាភូតមនុស្សរឿងអ៊ីចឹងបានឬ? ហើយពូសរសៃប្រសាទ ក៏រឹតតែមិនទំនងទៀត ព្រោះអ្នក សរសៃប្រសាទ ច្បាស់ជាមិនអាចពន្យល់ដំណើរធម៌ គឺដំណើរកម្មបង្កើតលោកិយបានទេ អ៊ីចឹងមានតែពូស្ទង់ ខុសតែពេលវេលាប៉ុណ្ណោះ»។

លោកខឹម វាសនា បន្តទៀតថា «ត្រូវយល់អំពីលោកិយជាហ្គេម បើជាហ្គេម វាត្រូវតែមានសាច់ រឿងគ្រលុកគ្រ លាក់អ៊ីចឹងហើយ ដូច្នេះបើក្មួយយល់ធម៌ យល់លោកិយជាហ្គេមហើយ ហើយយល់ពីនិយាមកាលពេលពូចេះ តែស្ទង់ពេលវេលាខុស កាន់តែត្រូវប្រយ័ត្នមនោឲ្យរឹតតែខ្លាំងទើបត្រូវ។ ពូមនោសុចរិតហើយ។ រឿងរបស់មនុស្ស គ្រប់គ្នា មិនមែនមកផ្ទៀងផ្ទាត់រឿងទឹកលិចលោក ឬពូបានឈានទេក្មួយ ពួកមនុស្សគឺរឿងយល់ធម៌ ឲ្យបានសម្មា ទិដ្ឋិឯណោះទេ។ អូ! ធម៌ដែលព្រះពុទ្ធ ប្រាប់ថាក្នុងជីវិតមនុស្ស អត់មានស្អីសំខាន់ជាងការយល់ធម៌ទេ តែមនុស្ស មិនព្រមយករឿងសំខាន់បំផុតនេះ ស្រាប់តែវាទៅជាគិតពីរឿងទឹកលិចលោក ឬពូបានឈាន ទើបព្រមយល់ធម៌ ឬមិនព្រមយល់ទៅវិញអ៊ីចឹង? អូ ហ្នឹងឬគេថាគេឆ្លាត គេគិតត្រូវហ្នឹង? សូមក្មួយៗកុំធ្វេសប្រហែស ប្រមាទការជា ធម៌ នាំទៅកាន់ក្តីវិនាស។ ពូប្រាប់ក្មួយថា ជិតហើយក្មួយ ប្រហែលមិនហួសពេញបូណ៌មី ខែហ្នឹងទេក្មួយ គឺប្រាំថ្ងៃ ទៀត ហ្នឹងណាក្មួយ»។

គួររំឭកថា លោកខឹម វាសនា ប្រធានគណបក្ស LDP កាលពីចុងខែសីហា ឆ្នាំ២០២២ បានបង្អើល ប្រជាពលរដ្ឋ នៅ តាមបណ្តាខេត្តមួយចំនួន រួមទាំងពលករខ្មែរ នៅប្រទេសកូរ៉េ និងជប៉ុន មួយចំនួនផង ជាពិសេសសមាជិក បក្ស LDP សរុបប្រមាណជិត ២ម៉ឺននាក់ ផ្អើលរត់ចោលផ្ទះសម្បែង និងការងារ ទៅស្នាក់នៅក្នុងចម្ការរបស់លោក នៅជើងភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយសារតែមេបក្សសញ្ញាជួង រូបនេះ បានតាំងខ្លួន ជាព្រហ្មរក្សាលោក ហើយបាននិយាយថា ទឹកនឹងលិចលោក មនុស្សស្ទើរមួយផែនដី ស្លាប់អស់ សល់តែបន្តិច នៅចម្ការជើងភ្នំគូលែន របស់លោក ដោយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសសមាជិកបក្ស LDP មកស្នាក់នៅក្នុងចម្ការរបស់លោក ឲ្យបានមុនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចៀសផុតពីទឹកលិចលោក។

ប៉ុន្តែយ៉ាងណា ក្រោយថ្ងៃនោះមក ដោយសារមិនមានបាតុភូតទឹកលិចលោក ហើយអាជ្ញាធរបាន តម្រូវឲ្យរំសាយ ការជួបជុំក្នុងចម្ការនោះ ក៏មានប្រជាពលរដ្ឋដែលអស់ជំនឿលើមេបក្សរូបនេះ បានរើបង្វេចចេញពីចម្ការលោកខឹម វាសនា វិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញអស់មួយចំនួនធំ នៅសល់តែសមាជិកបក្ស LDP ប្រមាណ ១ពាន់ នាក់ ដែលមានជំនឿងប់ងុល នៅតែបន្តស្នាក់នៅក្នុងចម្ការលោកខឹម វាសនា នាជើងភ្នំគូលែននោះ មិនព្រមចាក ចេញ  ។ ប៉ុន្តែក្រោយមកទៀត ក៏មានអ្នកអស់ជំនឿ បន្តចាកចេញពីចម្ការជើងភ្នំគូលែននោះ ជាបន្តបន្ទាប់ទៀត ដែលរហូតមកដល់ពេលនេះ តាមព័ត៌មានថា មនុស្សដែលបន្តស្នាក់នៅក្នុងចម្ការលោកខឹម វាសនា នាជើងភ្នំ គូលែននោះ នៅសល់ប្រមាណ ៥០០នាក់ ។        

 បើទោះបីជាមនុស្សភាគច្រើន រួមទាំងសមាជិកបក្ស LDP អស់ជំនឿលើការអះអាងខ្លួនថាជាព្រហ្មរក្សា ហើយ អ្នកខ្លះថាលោកខឹម វាសនា សង្ស័យមានជំងឺសរសៃប្រសាទ (ឆ្កួត) ឬបែកកម្មដ្ឋាន ក៏លោកខឹម វាសនា អះអាង ថា ការដែលខ្លួនស្ទង់ខុសពេលវេលាទឹកលិចលោក កន្លងទៅ (២៩ សីហា ២០២២) ដោយសារខ្លួនជឿថា នឹង សម្រេចឈានព្រហ្មរក្សាលោក នៅពេលនោះ ។ បន្ទាប់មក កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកខឹម វាសនា បានអះអាងជាថ្មីថា ក្នុងរង្វង់ពេល ១អាទិត្យ ឬ៧-១០ថ្ងៃទៀត លោកនឹងសម្រេចឈានពេញបរិបូរ នៅ ពេលនោះនឹងរញ្ជួយផែនដី ទឹកលិចលោក មនុស្សលើផែនដីស្លាប់រដូករណែល។

ប៉ុន្តែក្រោយមក ដោយមិន ឃើញមានអព្ភូតហេតុកើតឡើងដូចការអះអាងរបស់លោកខឹម វាសនា ទើប មហា ជនទូទៅ កាន់តែលែងជឿ ទើបមានអ្នកភ្ញាក់ខ្លួន បន្តចាកចេញពីចម្ការលោកខឹម វាសនា ប៉ប្រុយថែមទៀត ដោយពួកគេបានចាត់ទុកថា អ្វីដែលលោកខឹម វាសនា និយាយបង្អើលថា ទឹកលិចលោកស្អីនោះ ជាការបោក ប្រាស់ រហូតធ្វើឲ្យលោកខឹម វាសនា ហៅអ្នកដែលចាកចេញពីចម្ការរបស់លោកទាំងនោះ ថាជាពួកប្រេតនរក តិរច្ឆានទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា លោកខឹម វាសនា នៅតែអះអាងថា មហន្តរាយលោក ទឹកលិចលោក ប្រាកដជាកើតមានដោយចៀសមិនរួច ជាពិសេស កាលពីចុងខែធ្នូ ឆ្នាំ២០២២ លោកខឹម វាសនា បានអះ អាងជា ថ្មីទៀតថា ខ្លួនបានដឹងតាមរយៈវិបស្សនាថា មហន្តរាយលោក ឬទឹកលិចលោក នឹងកើតមាន យ៉ាងយូរ ត្រឹមថ្ងៃ ពេញបូណ៌មី ខែបុស្ស (ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣) ។ លុះមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក៏បាន អះ អាងជាថ្មីទៀតថា ខ្លួននឹងសម្រេចឈាន ហើយទឹកនឹងលិចលោក មិនលើសពីថ្ងៃពេញបូណ៌មី ខែមាឃ (ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៣) ៕ ខៀវទុំ

RELATED ARTICLES