សារ៉ាយ សក្ខណា ៖នាំកូនមករៀននៅខ្មែរ និងថតភាព​យន្ដថ្មី

0

ភ្នំពេញ៖កាលពីឆ្នាំ២០២១ -២០២២ សារ៉ាយ សក្ខណា បាននាំស្វាមីនិងកូនប្រុសស្រីមកខ្មែរ​ដល់​​ទៅរយៈពេល​ជាង១ឆ្នាំទើបវិលទៅអាមេរិកវិញ ដែលនេះជាការមកលេងស្រុកបាន​យូ​ជាសព្វដងក្រោយនាង​រៀបការហើយ​ចេញទៅរស់នៅអាមេរិកតាមប្ដីជាង១០ឆ្នាំ។ដោយឡែកកាលពីពេលថ្មីៗនេះសក្ខណា ក៍ទើបតែនាំស្វាមីនិង​កូន​ទាំងពីររបស់នាងមកខ្មែរ​ម្ដង​ទៀត​ផង​ដែរដែលការមកលើកនេះត្រូវបាននាងប្រាប់​ថាដើម្បីយកកូនទាំងពីរ​របស់​នាង​​មក​រៀន​នៅខ្មែរ ឲ្យពួកគេបានចេះភាសារខ្មែរ ខណៈទាំងរូបនាងនិង​ស្វាមី​ព្រមទាំង​កូនៗ​ហាក់ដូចជាមាន​អារ​ម្ម​ណ៍ថាមករស់នៅខ្មែរទៅហើយព្រោះចេញចូលៗទៅអាមេរិកមកខ្មែរញឹកញាប់ណាស់។

 សារ៉ាយ សក្ខណា បានប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៣ កុម្ភៈ ថានាងចង់ឲ្យប្រុសស្រី​ទាំង​ពីរ​របស់នាងចេះ​សរ​សេរ​និងអានភាសារខ្មែរទើបបញ្ជួនពួកគេឲ្យមករៀននៅខ្មែរ ហើយ​តាម​ពិតនាងចុះឡើងពីខ្មែរអាមេរិក​ដូចជា​ធម្មតាទៅហើយ។អតីតFreshie រូបនេះអះអាងដែរ​ថាការវិលត្រឡប់របស់នាងមកលើក​នេះក៍ទាក់ទងការ​ថត​ភាពយន្ដរឿងបុរាណមួយឲ្យហង្សមាសដែលដឹកនាំដោយលោកហ្វៃ សំអាង ផងដែរ។ប៉ុន្ដែនាង​មិនបញ្ជាក់​ថា​ជារឿងអ្វី ហើយ​នាង​លេងជាតួបែបណានោះទេ ស្របពេលដែលក្រៅពីថតរឿងភាគធំនោះ​នាងក៍ត្រៀម​ខ្លួន​ថតរឿងថ្មីមួយទៀតជាប្រភេទរឿងដុំឲ្យផលិតកម្ម Sastra Film តែ​សាច់​​រឿងដែល​នាងលេង​យ៉ាងណា​នៅ​មិន​ទាន់ដឹងច្បាស់ឡើយ។

 សូមរំលឹកកាលពីឆ្នាំ២០២២ អំឡុងពេលមកខ្មែរបានយូជាងរាល់ដងនោះសារ៉ាយ សក្ខ​ណា ក៍បានថតរឿង​ឲ្យផលិតកម្មLD “ក្រឡអីហ្នឹង?”វគ្គ៣ និងថតស្ពតមួយចំនួនទៀតផង ដែ​ល​នេះបញ្ជាក់ថាការងារ​សិល្បៈ​របស់​នាងនៅតែមានទីផ្សារល្អ បើទោះជានាងបានចេញ​ទៅ​រស់​​នៅអាមេរិកតាមស្វាមីជាង១០ឆ្នាំ និងមានកូនពីរ​នាក់​ក្ដី។អ្វីដែលសក្ខណា កាន់តែមានភាព​កក់ក្ដៅ​នោះគឺនាងត្រូវបានប្ដីអនុញ្ញាត្តិឲ្យនាងអាចថតសម្ដែង​សិល្បៈតាម​ចិត្តចង់ពោល​គឺ​លោ​ក​​មេធាវី ប៊ុនមេត្រី មិនចេះហួងហែង ឬប្រចណ្ឌប្រពន្ធលោកផ្ដែសផ្ដាសឡើយ។

 គូរបញ្ជាក់ថាសារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពី​អាមេរិក​លោ​ក​កែវ ប៊ុនមេត្រី កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ហើយពេលនេះពួកគេទទួលបាន​ចំណងដៃ​កូន២នាក់គឺកូនទី១ស្រីឈ្មោះMataysia អា​យុជិត៨ឆ្នាំ និងកូនទី២ប្រុសឈ្មោះព្រីនស្ទីន អាយុ​ជាង៣ឆ្នាំ ។សក្ខណា ធ្លាប់ប្រាប់ថាការមានកូន២នាក់គ្រប់​គ្រាន់​សម្រាប់រូបនាង ប៉ុន្ដែបើមាន​កូន​ថែមទៀតក៍នាងកាន់តែរីករាយ ពោលគឺឲ្យមានទៅតាមធម្មជាតិ ហើយបើត្រូវ​មានកូន​ទៀត​មែនម្ដងនេះនាងចង់បានភ្លោះ ព្រោះមិនចង់បង្កើតច្រើនដង។ចំពោះការមក​ស្រុកលើក​នេះ​សក្ខ​ណា មិនទាន់កំណត់ពេលវេលាវិលទៅអាមេរិកវិញនៅពេលណាឡើយ ប៉ុន្ដែ​ការ​ទទួ​ល​ថតភាព​យន្ដដល់​ទៅ២​រឿង និងនាងមានអាជីវកម្មផ្ទាល់ខ្លួនក្នុងស្រុកទៀត ច្បាស់ណាស់​ថា​តារាកូន២ នឹងអាចនៅ​ខ្មែរច្រើន​ជាងអា​មេ​រិកជាមិនខាន។

 ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិក​មានដូច​ជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិ​​ណា,វ៉េត រតនា,អ៊ឹត ស្រីពីន និងសុគន្ធ និសា ជាដើម៕