ភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសផ្តល់រង្វាន់ វីឡា១ ឡាន១ និងថវិកាឧបត្ថម្ភបន្ថែម រយ:ពេល ១០ឆ្នាំដល់កីឡាគុន ខ្មែររូបណាដែលវ៉ៃឈ្នះស្តេចប្រដាល់ថៃ បួខាវ នោះមក លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយស សហ ព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ពេលនេះលោកបានត្រៀមរួចរាល់ហើយ នូវវីឡាមួយ និងឡានទំនើប ១គ្រឿង ដើម្បីប្រគល់ជូនកីឡាករគុនខ្មែរ រូបណាដែលអាចបំបាក់កីឡាករប្រដាល់ថៃ បួខាវ បាន់ឆ:មេខ បាន។ ចំណែកកីឡាករថៃ បួខាវ បាន់ឆ:មេខ បានឆ្លើយតបបែបឌឺ មកកាន់លោកឧកញ៉ា ស្រី ចាន់ថន វិញយ៉ាងខ្លីថា «សូមមេត្តាអូនបួខាវ ផង!»។
លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ ថា អ្វីដែលោកបានប្រកាសតាមបណ្តាញ សង្គម ហ្វេសប៊ុក នោះ ពេលនេះលោកបានត្រៀមរួចរាល់អស់ហើយ សម្រាប់ផ្តល់ជូនលើកទឹកចិត្តកីឡាករ គុន ខ្មែរ ដើម្បីកុំឲ្យកីឡាករថៃ បួខាវ បានចិត្តពេក ក្នុងនោះរួមមាន វីឡាមួយ តម្លៃ ២៧ម៉ឺនដុល្លារ និងឡានទំនើប ១គ្រឿង តម្លៃ ១៧ម៉ឺនដុល្លារ រួមទាំងនិងថវិកាឧបត្ថម្ភបន្ថែម រយ:ពេល ១០ឆ្នាំ។ លោកឧកញ៉ាចិត្តសប្បុរសធម៌ រូបនេះ បានអំពាវនាវឲ្យបងប្អូនកីឡាករប្រដាល់គុនខ្មែរ ព្យាយាមហ្វឹកហាត់ឡើង ដើម្បីលើកមុខមាត់ប្រទេស ជាតិខ្មែរ ហើយក៏សូមឲ្យបងប្អូនជនរួមជាតិ ត្រូវតែចូលរួមលើកទឹកចិត្តដល់កីឡាករខ្មែរ ព្រោះលោកជឿជាក់ថា ខ្មែរធ្វើបាន។ ជាមួយនេះលោកឧកញ៉ា ស្រី ចាន់ថន ក៏បានអរគុណចំពោះលោកបួខាវ ដែលបានឆ្លើយតបមក លោកវិញចំពោះអ្វីដែលលោកបានប្រកាសតាមបណ្តាញសង្គមនោះផងដែរ។
សូមបញ្ជាក់ថា កីឡាករប្រដាល់ថៃ លោកបួខាវ បាន់ឆ:មេខ ថ្មីៗនេះ បានប្រតិកម្មចំពោះកម្ពុជា ដែលសម្រេច ដាក់ឈ្មោះវិញ្ញាសា «គុនខ្មែរ» ជំនួស «មួយថៃ» សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដោយកីឡាករថៃ រូបនេះ ដែលពីមុនត្រូវបានគេដឹងថា ជាខ្មែរ សុរិន្ទ បានអះអាងថា ខ្លួនមិនមែនជាខ្មែរទេ គឺជាជនជាតិកួយ ។ ជាពិសេស ថ្មីៗនេះ បួខាវ បាននិយាយក្អេងក្អាង ឆ្ការដៃឆ្ការជើង ក្នុងសន្និសីទកាសែតមួយ នៅប្រទេសថៃ ថា «រឿងកម្ពុជា ដាក់គុនខ្មែរ នៅស៊ីហ្គេម ជាសិទ្ធិ របស់ គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយ ដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original លេខ១ ទៅហើយ»។
ពាក្យសម្តី និងកាយវិការច្រងេងច្រងាងរបស់បួខាវ បែបនេះហើយ ទើបបានជាធ្វើឲ្យលោកឧកញ៉ា ស្រី ចាន់ថន ចង់ឲ្យកីឡាករខ្មែរ បំបាក់អំនួតរបស់អ្នកប្រដាល់ថៃ រូបនេះ ដោយរូបលោក ក្នុងនាមជាជនជាតិខ្មែរ មួយរូប និង ជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសផ្តល់រង្វាន់ វីឡា១ ឡាន១ និងថវិកា ឧបត្ថម្ភ បន្ថែម រយ:ពេល ១០ឆ្នាំ ដល់កីឡាគុនខ្មែរ រូបណាដែលវ៉ៃឈ្នះបួខាវ ។
លោកឧកញ៉ាស្រី ចាន់ថន បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ ថា «ជាសំដីចេញពីមាត់បួខាវ មិនអីទេ ខ្មែរ មិនចង់បានលោកបួខាវ ទេ។ ក្នុងនាមខ្ញុំ បាទជាអនុ ប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃបួខាវឈ្នះ ឲ្យវីឡាមួយ ឡានមួយ និងថវិកាបន្ថែមប្រចាំរយ:ពេល ១០ឆ្នាំ ។ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុខមាត់ ជាតិរបស់យើង I love Cambodia»។
បន្ទាប់ពីបានឃើញការប្រកាសរបស់លោកឧកញ៉ា ស្រី ចាន់ថន ខាងលើនេះ កីឡាករថៃ បួខាវ បានឆ្លើយតប មកកាន់លោកឧកញ៉ា ស្រី ចាន់ថន វិញ នូវពាក្យយ៉ាងខ្លីក្នុងន័យឌឺថា «សូមមេត្តាអូនបួខាវ ផង!»។
ជុំវិញសម្តីរបស់បួខាវ និងការប្រកាសរបស់លោកឧកញ៉ា ស្រី ចាន់ថន ខាងលើនេះ ជនរួមជាតិខ្មែរ ទូទៅ បានប្រតិកម្មចំពោះសម្តីរបស់បួខាវ យ៉ាងខ្លាំង ហើយបានប្រកាសគាំទ្រពេញទំហឹង និងកោតសរសើរ នូវ ទឹកចិត្តសប្បុរសធម៌ និងជាតិនិយមរបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលហ៊ានបរិច្ចាគថវិកាសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់វិស័យគុនខ្មែរ ក៏ដូចជាលើកមុខមាត់ជាតិនិងប្រជាជនខ្មែរ។
យុវជនម្នាក់ ឈ្មោះជា តុងហ៊ួរ បានប្រកាសថា បើកីឡាករគុនខ្មែរ រូបណាវ៉ៃឈ្នះប៊ូខាវលោកនឹងជូនរង្វាន់ ២០លានរៀល ហើយបើវ៉ៃប៊ូខាវ សន្លប់ លោកបន្ថែមប្រាក់រង្វាន់ទ្វេមួយជាពីរ គឺ៤០លានរៀល។
លោកជា តុងហ៊ួរ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ ថា «លោកបួខាវ (Buakaw) នេះឈ្លើយណាស់ មើលងាយជាន់ពន្លិចវប្បធម៌ “គុនខ្មែរ“ ធ្វើឱ្យខ្ញុំជាជនជាតិខ្មែរ ឈាមខ្មែរ រស់នៅលើ ដីខ្មែរ ទ្រាំលែងបានហើយ! ខ្ញុំសូមប្រកាសជាសាធារណៈ ដល់កីឡាករខ្មែរយើង មានជំនួបប្រដាល់ជាមួយបួខាវ កាន់តែឆាប់ កាន់តែល្អ កុំឱ្យជនជាតិកួយនេះ មើលងាយខ្មែរពេក ។
វ៉ៃឈ្នះបួខាវ ខ្ញុំជូន 20,000,000៛ វ៉ៃប៊ូខាវ សន្លប់ក្នុងទឹកណាក៏ដោយ ខ្ញុំជូន 40,000,000៛ពីខ្ញុំ ជា តុងហ៊ួរ»។
ជាមួយគ្នានេះ សម្រាប់ម្ចាស់ក្រុមហ៊ុន «សម័យ ឌីហ្សាញ&ដេគ័រ» បានប្រកាសថា ស្របពេលលោកឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាកររូបណាវ៉ៃឈ្នះបួខាវ នូវផ្ទះវីឡាមួយនោះ ក្នុងនាមគាត់ជា ខ្មែរមួយរូប និងជាក្រុមហ៊ុនដេគ័រ សូមប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ដោយជួយដេគ័រផ្ទះវីឡានោះ ឲ្យអស់ចំនួន ១ម៉ឺនដុល្លារ។
ម្ចាស់ក្រុមហ៊ុន «សម័យ ឌីហ្សាញ&ដេគ័រ» បានបញ្ជាក់ថា «ស្របពេលលោកឧកញ៉ា ស្រី ចាន់ថន លើកទឹកចិត្ត ដល់កីឡាករប្រដាល់រូបណាដែលវាយឈ្នះបួខាវ នឹងផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាកររូបនោះ ផ្ទះវីឡាមួយ ក្នុងនាមខ្ញុំជាខ្មែរមួយរូប និងជាក្រុមហ៊ុនដេគ័រផងនោះ ខ្ញុំសូមអះអាងថា ប្រសិនជាកីឡាករខ្មែរ យើងរូបណា ដែលវាយបួខាវ ឈ្នះឬសន្លប់នោះ ខ្ញុំនឹងផ្តល់រង្វាន់លើកទឹកចិត្ត ដោយខ្ញុំនឹងជួយដេគ័រផ្ទះវីឡានោះឲ្យអស់ចំនួន ១ម៉ឺនដុល្លារ ដោយខ្មែរស្រលាញ់ខ្មែរ ខ្មែរខ្លាំង ខ្មែរធ្វើបាន ខ្មែរលើកទឹកចិត្តខ្មែរ»។
ដោយឡែក សម្រាប់កីឡាករគុនខ្មែរ កែវ រំចង់ បន្ទាប់ពីបានស្តាប់ឮសម្តីក្អេងក្អាងរបស់កីឡាករថៃ បួខាវ ក៏ដូច ជាការប្រកាសផ្តល់រង្វាន់របស់លោកឧកញ៉ា ស្រី ចាន់ថន ខាងលើនេះ កីឡាករគុនខ្មែរជើងខ្លាំងរូបនេះបានប្រ កាសទទួលប្រកួតជាមួយបួខាវ ដោយបបួលបួខាវ ថាបើខ្លាំង មកប្រកួតនៅកម្ពុជា មក! បើព្រម សូមប្រាប់មក ចុះ!» ។
កែវ រំចង់ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ ថា «ឮភ្លាម ក្តៅស្លឹកត្រ ចៀកភ្លាម ឮចឹង បើខ្លាំង មកប្រកួតកម្ពុជា ពៅមាស! កែវរំចង់ សែនស្រឡាញ់ ឮបួខាវ ជនជាតិកួយ។ កំពុង តែរមាស់ដៃរមាស់ជើងផង ឮអ៊ីចឹងទៀត ចង់វ៉ៃប្តោយ!Come on Baby ! Bukow Banchamek I can’t waiting Bro please tell when accepted.»។
ទោះបីជាយ៉ាងណា បន្ទាប់ពីបានឃើញប្រតិកម្មពីប្រជាជនខ្មែរ ខាងលើនេះ កីឡាករ បួខាវ បានបក ស្រាយឆ្លើយ តបបែបគួរសម តាមគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ ថា រូបគេមិនមានបញ្ហាអ្វីជាមួយ គុនខ្មែរ ឬជនជាតិកម្ពុជា នោះទេ។ ប៉ុន្តែរូបគេមានបញ្ហាមួយ ចង់ស្នើសុំឲ្យអ្នកគ្រប់គ្រង សហព័ន្ធកីឡាប្រដាល់ កម្ពុជា ជួយដោះស្រាយឲ្យគេផង រឿងតម្លៃខ្លួនដែលរូបគេទៅចូលរួមប្រកួតលើកចុងក្រោយនៅកម្ពុជា ក្នុងកម្មវិធី «សង្វៀនគុនខ្មែរពិភពលោក» (Worldfight tournament) ដែលនៅសល់ ២,២លានបាតទៀត មិនទាន់ទូទាត់ឲ្យ នៅ ឡើយ។
ជាមួយនេះ បួខាវ បានអះអាងបញ្ជាក់បន្ថែមម្តងទៀត នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២ ថា រូបគេជាជនជាតិថៃ មិន មែនជនជាតិកម្ពុជា ដែលមករស់នៅស្រុកថៃ បានខ្ពស់មុខខ្ពស់មាត់ហើយភ្លេចកំណើតដើម រមិលគុណចំពោះ មាតុភូមិកំណើតនោះទេ គឺរូបគេ ជាជនជាតិថៃ ដើមកំណើតកួយ ហើយគេក៏មិនបានខ្មាស អៀនអ្វីដែល មាន សែ្រឡាយជាជនជាតិភាគតិចនោះទេ ព្រោះជនជាតិក្នុងប្រទេសថៃ មានច្រើន ទាំងភាសា វប្បធម៌ មានទាំងជន ជាតិថៃ សែស្រឡាយចិន ជនជាតិថៃសែស្រឡាយមន ជនជាតិថៃ សែស្រឡាយយួន ជនជាតិថៃ សែស្រឡាយ លាវ ជនជាតិថៃ សែស្រឡាយអឺរ៉ុប ជនជាតិថៃ សែស្រឡាយឥណ្ឌា និងជាច្រើនទៀត រួមទាំងជនជាតិថៃ សែ ស្រឡាយកម្ពុជា ក៏ដោយ ក៏គ្រប់គ្នាសុទ្ធតែជាជនជាតិថៃទាំងអស់ មានមោទនភាពជាថៃ និងផ្តល់កិត្តិយសដល់ ជនជាតិនៃប្រទេដទៃទៀតដូចៗគ្នា៕ ខៀវទុំ